មុខងារចាប់យកសញ្ញារញ្ជួយដី និងផ្ដល់ជាសារដំណឹង ត្រូវបានប្រកាសចេញជាផ្លូវការ សម្រាប់ប្រើប្រាស់លើឧបករណ៍ Android​
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

តាមរយៈប្រទេស និងតំបន់ភាគច្រើន ដែលតែងតែជួបប្រទះគ្រោះធម្មជាតិ ជាពិសេសគ្រោះរញ្ជួយដី គឺព្រមទាំងមានភាពពិបាកខ្លាំង ទៅលើការស្វែងរកជាវ ឧបករណ៍តាមដានកម្លាំងរញ្ជួយដី ហើយវាក៏មានតម្លៃថ្លៃគួរសម ថែមទៀតផង។ រហូតមកដល់ពេលថ្មីៗនេះ Google ក៏បានចូលរួមមកដោះស្រាយនូវ បញ្ហាត្រង់ចំណុចមួយនេះ ដោយបានប្រកាសចេញ មុខងារចាប់យកសញ្ញារញ្ជួយដី និងផ្ដល់ជាសារដំណឹង ដល់អ្នកប្រើប្រាស់ឧបករណ៍ Android ទាំងអស់ ហើយគ្រោងនឹងបើកដំណើរការ នៅក្នុងពេលខាងមុខហើយ។

មុខងារដ៏ពិសេសមួយនេះ មានឈ្មោះជាផ្លូវការហៅថា Android Earthquake Alerts System ហើយនឹងធ្វើការដាក់ឲ្យប្រើប្រាស់នៅឯរដ្ឋ California សហរដ្ឋអាមេរិក មុនដំបូងគេបង្អស់តែម្ដង ទើបចែកចាយទៅកាន់តំបន់ និងប្រទេសដទៃៗទៀត។ ខណៈពេលដែល កម្លាំងរញ្ជួយដី ត្រូវបានប្រព័ន្ធមួយនេះចាប់បានថា នោះវានឹងផ្ដល់ជាសារដំណឹងព្រមានទុកមុនឲ្យហើយ រហូតទាល់តែមកដល់កាន់តែជិត ទើបបានវាលោតចេញជាផ្ទាំងពេញ នៅលើអេក្រង់ទូរសព្ទ Android នោះតែម្ដង ហើយក៏មានណែនាំពីរបៀបការពារខ្លួនផងដែរ។

ចំណែកឯអ្វីដែលធ្វើឲ្យមុខងារមួយនេះ អាចបើកដំណើរការបានវិញនោះ គឺវាត្រូវការឧបករណ៍ Android របស់អ្នកប្រើប្រាស់ទាំងអស់ ដែលស្ថិតនៅតំបន់ក្បែរៗគ្នា យកមកធ្វើជាវត្ថុវាស់កម្រិត និងផ្ដល់ដំណឹងទៅដល់អ្នកនៅជិតៗនោះ។ ប្រសិនបើវាចាប់បានថាឧបករណ៍ Android របស់អ្នកប្រើប្រាស់ កំពុងតែមានរំញ័រទាំងអស់គ្នា ហើយស្ថិតនៅក្នុងតំបន់ជិតៗគ្នា នោះវានឹងអាចដឹងបានថា ប្រាកដជាមានរញ្ជួយដីហើយ ថែមទាំងវាស់ពីកម្រិតរបស់វាបាន ជាដើម។

ដោយឡែក Google ក៏មានវិធីសាស្រ្ដផ្សេងមួយទៀត ដែលនឹងដកស្រង់ទិន្នន័យចេញពី Google Search យកមកតាមដានអត្រារញ្ជួយដីវិញ ដូច្នេះរៀងរាល់ពេលមានមនុស្សកាន់តែច្រើន Search មើលពាក្យថា “Earthquake Near Me” ឬ “Earthquake” នោះវានឹងសួរបញ្ជាក់ថា “តើមានបានទទួលដំណឹង ឬមានអារម្មណ៍ថាមានការរញ្ជួយដីនោះទេ?” ហើយពួកគេក៏ផ្ដល់ជូនជម្រើសឲ្យឆ្លើយដូចជា “ពិតជាមានមែន”, “អត់នោះទេ” ឬ “មិនទាន់ប្រាកដ” ដូចនៅរូបភាពខាងក្រោមនេះ។ បន្ទាប់មកទៀត Google នឹងយកទិន្នន័យពីការសួរនោះ ដើម្បីចែករំលែកដំណឹងព្រមាន ដល់អ្នកប្រើប្រាស់ដទៃទៀត ដែលមិនទាន់បានដឹងច្បាស់ នៅតំបន់ក្បែរៗគ្នានោះ។

យើងអាចរំពឹងទុកថា Google នឹងប្រកាសប្រាប់បន្ថែមទៀត អំពីមុខងារចាប់យកសញ្ញារញ្ជួយដី និងផ្ដល់ជាសារដំណឹងដល់អ្នកប្រើប្រាស់ ឬហៅថា Android Earthquake Alerts System នៅលើព្រឹត្តិការណ៍ក្រោយៗទៀត។ យ៉ាងណាមិញ Google បានបង្ហើបប្រាប់មកថា វានឹងមានបើកដំណើរការឲ្យដល់មនុស្សខ្ទង់ 800 លាននាក់នៅក្នុងជាង 29 ប្រទេសជុំវិញពិភពលោក នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ដោយ​ ៖ Google
អត្ថបទទាក់ទង