Samsung បានក្លាយជាយីហោទូរសព្ទធំជាងគេទី 2 នៅកាណាដា ក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

បន្ទាប់ពីបានបញ្ចេញលក់នូវទូរសព្ទលំដាប់កំពូល Galaxy S20 Series នាដើមឆ្នាំ 2020 នេះរួចមក ក្រុមហ៊ុន Samsung ក៏បានធ្វើការបញ្ចេញទូរសព្ទលំដាប់កណ្ដាលបន្តបន្ទាប់ទៀត នៅក្នុងប្រទេសកាណាដា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេរាយការណ៍ថា បានក្លាយជាយីហោធំបំផុតលំដាប់ទី 2 លើការគ្រប់គ្រងទីផ្សារស្មាតហ្វូន របស់ប្រទេសខាងលើ ទៀតផង។ ទោះជាយ៉ាងនេះក្តី Apple បានគ្រងលើតំណែងកំពូល ហើយក៏បានដណ្តើមចំណែកទីផ្សារស្មាតហ្វូនបានច្រើនជាងគេ នៅកាណាដាផងដែរ។

ជាការពិតណាស់ មកដល់ពេលនេះ ក្រុមហ៊ុនស្រាវជ្រាវនៅអាមេរិកខាងជើង Counterpoint Research បានលើកឡើងថា Samsung បានបាត់បង់ចំណែកទីផ្សារលើការលក់ទូរសព្ទឆ្លាតលំដាប់កំពូលរបស់ខ្លួន ប៉ុន្តែបែរជាទទួលបានភាពជោគជ័យ លើការលក់ទូរសព្ទលំដាប់កណ្ដាល Galaxy A Series ទៅវិញ។ លើសពីនេះទៅទៀត មានការបញ្ជាក់ប្រាប់ទៀតថា ស្មាតហ្វូនរបស់ Apple ចំនួនជាច្រើនម៉ូឌែល បានជាប់ក្នុងបញ្ជីលក់ដាច់បំផុតទាំង 10 នៅកាណាដា ខណៈពេលដែល iPhone 11 បានឈរនៅលំដាប់កំពូល ជាទូរសព្ទលក់ដាច់ជាងគេ។ រីឯសម្រាប់ស្មាតហ្វូនរបស់ Samsung បានកាន់កាប់តំណែងទី 2 បន្ទាប់ Apple ដោយគេសង្កេតឃើញថា Galaxy S10 មានចំនួនលក់ប្រសើរជាង Galaxy S20 ទៅទៀត។

សម្រាប់ក្រុមហ៊ុន LG វិញ ដណ្តើមបានចំណាត់ថ្នាក់លេខ 3 នៅក្នុងការលក់ស្មាតហ្វូននៅកាណាដា ដែលបានគ្រប់គ្រងចំណែកទីផ្សារត្រឹម 4 ភាគរយ ប៉ុណ្ណោះ។ សរុបមកអាចនិយាយបានថា ក្នុងប្រទេសកាណាដាមានអ្នកនិយមប្រើប្រាស់ទូរសព្ទ iPhone ជាច្រើនជាងគេ បើធៀបនឹងទូរសព្ទរបស់ក្រុមហ៊ុនមួយចំនួនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ទីផ្សារស្មាតហ្វូនក្នុងប្រទេសកាណាដា នៅតែមានការធ្លាក់ចុះប្រមាណជា 36 ភាគរយ គឺដោយសារជំងឺ COVID-19 ផងដែរ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង