មុខងារសុវត្ថិភាពថ្មី Alt Z Life ត្រូវបានចាប់ផ្ដើមអាប់ដេតឲ្យ Galaxy A51 និង A71 ជាបណ្ដើរៗហើយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់ គឺជាអ្វីដែលអ្នកប្រើប្រាស់គ្រប់រូប ត្រូវការមានជាទីបំផុត ដើម្បីការពារឯកសារផ្ទាល់ខ្លួន កុំឲ្យនរណាម្នាក់ងាយស្រួល លើការលួចឆែកចូលមើលបាន មិនថាជារូបភាព, វីដេអូ, ឯកសារការងារ ឬទិន្នន័យឯកជនផ្សេងៗនោះឡើយ។ ហេតុដូច្នេះហើយ Samsung ក៏បានធ្វើការបញ្ចេញមុខងារថ្មីមួយ ដែលមានឈ្មោះជាផ្លូវការហៅថា Alt Z Life សម្រាប់ម្ចាស់ទូរសព្ទឆ្លាតម៉ូឌែល Galaxy A51 និង A71 ដោយចាប់ផ្ដើមទទួលបាន កំណែអាប់ដេត ពីពេលបច្ចុប្បន្ននេះតទៅ។

Samsung បានបែងចែកមុខងារ Alt Z Life ថ្មីនេះចេញជា 2 ចំណុចពិសេសៗ ដែលរួមមានដូចជា Quick Switch មានសមត្ថភាពអាចអនុញ្ញាតឲ្យ ផ្លាស់ប្ដូរទៅបើកកម្មវិធីផ្សេងបានលឿន និងផ្នែក Content Suggestions ដើម្បីជួយជ្រើសរើសរូបភាព ឬ វីដេអូទាំងឡាយណា ដែលមើលទៅមិនគួរឲ្យអ្នកដទៃឃើញ ជូនអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិតែម្ដង ដូច្នេះនឹងងាយស្រួលធ្វើការលាក់ទុកបាន។

- ផ្នែកសមត្ថភាព Quick Switch

វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់ ធ្វើការផ្លាស់ប្ដូរពីផ្ទាំងបង្ហាញឯកសារទូទៅ និងផ្ទាំងបង្ហាញពីឯកសារផ្ទាល់ខ្លួនបានយ៉ាងរហ័ស ដោយគ្រាន់តែចុចលើប៊ូតុងចាក់សោរចំនួន 2 ដងឲ្យជាប់គ្នាប៉ុណ្ណោះ។ ឧទាហរណ៍ថា យើងកំពុងតែធ្វើអ្វីមួយ ដែលមានភាពឯកជនខ្លាំង ហើយនៅពេលនរណាម្នាក់ដើរចូលមកជិត នោះយើងអាចចុចប៊ូតុងចាក់សោរចំនួន 2 ដងទៅ គឺវានឹងផ្លាស់ប្ដូរទៅកម្មវិធីទូទៅផ្សេងៗទៀតភ្លាម (យើងអាចកំណត់ទុកមុនឲ្យហើយក៏បាន) ដោយមិនចោទជាបញ្ហាឡើយ។

- ផ្នែកសមត្ថភាព Content Suggestions

នេះជាមុខងារសំខាន់សម្រាប់គ្រប់គ្រងលើ Gallery ទាំងរូបភាព និងវីដេអូដែលមាននៅក្នុងនោះ ហើយមុខងារ Alt Z Life នឹងជួយស្កេនរកមើលរូបភាព ឬវីដេអូមិនសមរម្យដោយស្វ័យប្រវត្តិ ព្រមទាំងណែនាំឲ្យធ្វើការលាក់ទុកផងដែរ។ លើសពីនេះទៅទៀត វាក៏អាចឲ្យយើងជ្រើសរើស ផ្ទៃមុខរបស់មនុស្សណាម្នាក់បាន ដូច្នេះហើយរូបភាពទាំងឡាយណា ដែលមានជាប់មុខរបស់មនុស្សម្នាក់នោះ នឹងត្រូវបានលាក់ទុកទាំងអស់តែម្ដង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI លើមុខងារសុវត្ថិភាពថ្មីនេះ។

នាពេលបច្ចុប្បន្ននេះ Samsung ហាក់បីដូចជា កំពុងតែទម្លាក់មុខងារសុវត្ថិភាព Alt Z Life ទៅឲ្យអ្នកប្រើប្រាស់ទូរសព្ទឆ្លាតម៉ូឌែល Galaxy A51 និង A71 ជាបណ្ដើរៗសិនប៉ុណ្ណោះ ដោយម៉ូឌែលផ្សេងៗទៀត អាចនឹងត្រូវរង់ចាំនៅពេលក្រោយៗទៀត។ តើប្រិយមិត្តអ្នកអានទាំងអស់គ្នា យល់ឃើញយ៉ាងណាដែរ ចំពោះសមត្ថភាពពិសេសៗទាំងអស់នេះ? ហើយតើលោកអ្នកត្រូវការវាជាសំខាន់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដែរឬទេ?

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង