Tim Cook បានក្លាយជាមហាសេដ្ឋីពាន់លាន ខណៈពេល Apple មានប្រាក់សរុបជិត 2 ទ្រីលានដុល្លារទៅហើយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បើយោងតាមការដកស្រង់ និងការស្រាវជ្រាវរបស់សារព័ត៌មាន Bloomberg បានធ្វើការរកឃើញពីពេលថ្មីៗនេះថា លោក Tim Cook ត្រូវជានាយកប្រតិបត្តិប្រចាំ Apple បានឈានចូលដល់ឈ្មោះ មហាសេដ្ឋីពាន់លានហើយ ជាមួយទឹកប្រាក់ផ្ទាល់ខ្លួនសរុបចំនួនជាង 1 ពាន់លានដុល្លារឯណោះ។ ស្របនឹងពេលនេះផងដែរ Apple ក៏ជិតបានក្លាយទៅជា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ ដែលអាចរកប្រាក់ចំណូលសរុប បានរហូតដល់ទៅក្បែរ 2 ទ្រីលានដុល្លារ ឬស្មើនឹង 2 រយកោដិផងដែរ។

ចំណែកឯនៅពេលយកទៅប្រៀបធៀបជាមួយ អ្នកដែលមានឈ្មោះល្បីល្បាញដទៃទៀត នោះគឺថាលោក Tim Cook នៅកំពុងស្ថិតក្នុងកម្រិតទាបមួយប៉ុណ្ណោះ ជាមួយប្រាក់ចំនួន 1 ពាន់លានដុល្លារនេះ ដោយលោក Jeff Bezos ត្រូវជា CEO របស់វេបសាយលក់អនឡាញ Amazon មានប្រាក់ផ្ទាល់ខ្លួនរហូតដល់ទៅ 187 ពាន់លានដុល្លារ (ជាប់លេខ 1 លើពិភពលោក) រីឯលោក Bill Gates មានប្រាក់ចំនួនខ្ទង់ 121 ពាន់លានដុល្លារ (ជាប់លេខ 2), លោក Mark Zuckerberg មានប្រាក់ចំនួនជាង 102 ពាន់លានដុល្លារ (ជាប់លេខ 3) និងលោក Elon Mask បានជាប់លើតារាងលេខ 10 សម្រាប់ប្រាក់ផ្ទាល់ខ្លួនមានខ្ទង់ 68.7 ពាន់លានដុល្លារ។ ជាការពិតណាស់ លោក Tim Cook មិនទាន់បានជាប់លើតារាងកំពូលទាំង 500 នាក់ ក្នុងចំណោមមហាសេដ្ឋីពាន់លាន ទូទាំងពិភពលោក នៅឡើយនោះទេ។

***ដើម្បីចូលទៅពិនិត្យមើលបញ្ជីរាយឈ្មោះមហាសេដ្ឋីទូទាំងពិភពលោក សូមចុចទីនេះ

អស់រយៈពេលជាងប៉ុន្មានឆ្នាំមកនេះ លោក Tim Cook បានគ្រប់គ្រង Apple និងក្រុមការងារទាំងអស់ ឲ្យក្លាយទៅជាក្រុមហ៊ុន ដែលមានតម្លៃថ្លៃជាងគេបំផុត នៅក្នុងពិភពលោកនេះ ជាមួយតម្លៃសរុបលើទីផ្សារខ្ទង់ 1.84 ទ្រីលានដុល្លារ (Market Valuation) ហើយបានយកឈ្នះទៅលើ ក្រុមហ៊ុនរបស់ប្រទេស Saudi Arabia មួយ ដែលមានឈ្មោះថា Saudi Aramco (ជាក្រុមហ៊ុនដែលធ្លាប់ឈរលើលេខមួយលើកមុន) ដោយបច្ចុប្បន្ននេះ គឺមានតម្លៃសរុបលើទីផ្សារខ្ទង់ 1.76 ទ្រីលានដុល្លារផងដែរ។

ដោយ​ ៖ Bloomberg
អត្ថបទទាក់ទង