កម្មវិធី Zoom សម្រាប់ Android ក្នុងកំណែអាប់ដេតចុងក្រោយ បាននាំយកមកនូវមុខងារ Dark Mode ហើយ​
ដោយ​ ៖ គាលី | 5 ខែមុន SHARE

 

ជាការពិតណាស់ Zoom បានក្លាយទៅជាកម្មវិធីវីដេអូខល ដ៏មានប្រជាប្រិយភាពមួយ បន្ទាប់ពីមានការរីករាលដាល នៃវីរុសឆ្លងកូវីដ ១៩ ជុំវិញសកលលោកមក។ មនុស្សភាគច្រើន បានជ្រើសរើសប្រើប្រាស់វា សម្រាប់ការសិក្សានៅតាមផ្ទះ ឬកិច្ចប្រជុំការងារទាំងក្រុមហ៊ុនតូចធំជាដើម ដោយសារតែវាអនុញ្ញាតឲ្យផ្ទុកអ្នកចូលរួម ក្នុងការនិយាយវីដេអូដល់ទៅ 100 នាក់ឯណោះ ព្រមទាំងមានភាពងាយស្រួលប្រើប្រាស់ថែមទៀតផង ដែលជាមូលហេតុចម្បង ធ្វើឲ្យទាក់ទាញអ្នកប្រើប្រាស់បានច្រើនបែបនេះ ក្នុងរយៈដ៏ខ្លីបំផុត។ 

រហូតមកដល់ពេលថ្មីៗនេះ ក្រុមការងារ Zoom ក៏បានបញ្ចេញកំណែអាប់ដេតចុងក្រោយមួយ ស្ថិតក្នុងជំនាន់ទី 5.2.42588.0803 ដែលផ្តោតសំខាន់ ក្នុងការនាំយកមុខងារ Dark Mode ជាពិសេស ក៏ដូចជាមុខងារមួយចំនួនផ្សេងទៀត សម្រាប់ឧបករណ៍ Android ទាំងអស់ ត្រូវបានដាក់ឲ្យទាញយកទៅតម្លើងហើយ ដូច្នេះប្រិយមិត្តអ្នកអាន អាចចូលទៅកាន់ Google Play Store ដើម្បីស្វែងរកមើលបានភ្លាមៗ។ ទោះយ៉ាងណាក៏ដោយ លក្ខណៈនៃការបើកមុខងារ Dark Mode ថ្មីមួយនេះ មិនទាន់មានកន្លែងសម្រាប់ឲ្យកំណត់បើក ឬបិទវានៅឡើយទេ ដោយវាដំណើរការស្វ័យប្រវតិ្តយកតែម្តង អាស្រ័យទៅតាម System Default របស់ទូរសព្ទឆ្លាតយើង។ ក្រៅពីការបន្ថែមមុខងារ Dark Mode ហើយ កម្មវិធី Zoom ក៏បានដាក់បញ្ចូលនូវមុខងារ React លើសារ រួមមានដូចជារូបតំណាងបេះដូង, មុខសើច និងបែបភ្ញាក់ផ្អើលជាដើម ហើយវាក៏អនុញ្ញាតឲ្យធ្វើការជ្រើសរើស Aspect Radio នៃវីដេអូ បានច្រើនទម្រង់ជាងមុន គួបផ្សំនឹងការជួសជុលបញ្ហា ដែលកើតមានឡើងផងដែរ ។ ទន្ទឹមនឹងនេះ នៅលើកំណែអាប់ដេតចុងក្រោយ ក៏បានបន្ថែមមុខងារតូចៗមួយចំនួនទៀត សម្រាប់អ្នកប្រើប្រាស់ធ្វើការសហគ្រាស ជាពិសេស។ 

សរុបមក ប្រសិនបើអ្នកទាំងអស់គ្នា មិនបានប្រទះឃើញមានអ្វីផ្លាស់ប្តូរថ្មីនៅឡើយទេ ដូច្នេះសូមឲ្យប្រាកដថា អ្នកកំពុងប្រើប្រាស់ នៅលើកម្មវិធី Zoom For Android កំណែអាប់ដេតចុងក្រោយបំផុត ដោយអាចចូលទៅស្វែងរកក្នុង Google Play Store ដើម្បីធ្វើការអាប់ដេតជាការស្រេច។ 

ដោយ​ ៖ Beebom
អត្ថបទទាក់ទង