ដំណើរការផលិតរបស់ iPhone 12 ត្រូវបានគេរាយការណ៍ថា កំពុងជួបប្រទះបញ្ហាផ្នែកកាមេរ៉ា​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ខែមុន SHARE

 

មួយរយៈចុងក្រោយនេះ យើងទទួលបានដំណឹងជាច្រើន ទាក់ទងនឹងទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ Apple នោះគឺ iPhone 12 Series ហ្នឹងឯង ដែលក្នុងនោះ គឺមានការបង្ហាញជាច្រើន ទាក់ទងនឹងពេលវេលានៃការប្រកាសចេញ ក៏ដូចជាពេលវេលា ដែល Apple នឹងធ្វើការដាក់លក់វានៅលើទីផ្សារតែម្ដង។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលបានដំណឹងលេចធ្លាយថ្មីមួយទៀត ទាក់ទងនឹងការផលិតរបស់ iPhone 12 Series នោះ និយាយឲ្យចំទៅ អ្នកចែកចាយដំណឹងលេចធ្លាយគឺលោក Ming-Chi Kuo បានបង្ហាញថា Apple កំពុងជួបបញ្ហាផ្នែកកាមេរ៉ាទៀតផង។

ជាការពិតណាស់ បើតាមការបង្ហាញចេញពី អ្នកចែករំលែកដំណឹងលេចធ្លាយដ៏ល្បីឈ្មោះ លោក Ming-Chi Kuo នោះ បានធ្វើការបង្ហាញឲ្យដឹងថា នៅក្នុងពេលនេះ Apple កំពុងតែជួបបញ្ហាផ្នែកលេនកាមេរ៉ា សម្រាប់បំពាក់នៅលើ iPhone 12 និយាយឲ្យចំទៅ វាជាបញ្ហាទៅលើប្រភេទលេន 7P Wide-Angle នៃម៉ូឌែល iPhone 12 ដែលមានទំហំអេក្រង់ 5.4 អ៊ីញ និងម៉ូឌែល 6.1 អ៊ីញហ្នឹងឯង។ បញ្ហានោះគេឃើញកើតឡើងនៅលើលេន ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Genius Electronic Optical ហើយគេរកឃើញនៅពេលដែល ធ្វើការតេស្តសាកល្បង ក្នុងលក្ខខណ្ឌដែលមានសីតុណ្ហភាពខ្ពស់ និងសំណើមខ្ពស់ ហើយបញ្ហានេះដែរ ក៏អាចនឹងធ្វើឲ្យ Genius Electronic Optical មានការខាតបង់ច្រើន ព្រោះថា Apple អាចកាត់បន្ថយការប្រើប្រាស់លេនរបស់ក្រុមហ៊ុននេះ នៅលើ iPhone ជំនាន់ថ្មីរបស់ខ្លួនតែម្ដង។ យ៉ាងណាក៏ដោយ ក្រៅពីក្រុមហ៊ុនខាងលើ Apple ក៏ទទួលបានការផ្គត់ផ្គង់ផ្នែកកាមេរ៉ា ពីក្រុមហ៊ុនមួយទៀតឈ្មោះថា Largan ដែរ ហើយលេនកាមេរ៉ារបស់ក្រុមហ៊ុននេះ គឺមិនឃើញមានបញ្ហាណាមួយកើតឡើងឡើយ។

គួរបញ្ជាក់ដែរថា យើងក៏ពិបាករំពឹងដែរថា Genius Electronic Optical នឹងជួសជុលបញ្ហា លើលេនកាមេរ៉ារបស់ខ្លួននោះ បានទាន់ពេលវេលា ប៉ុន្តែបើទោះជាគេមិនអាចជួសជុលទាន់ក៏ដោយ ក៏ទំនងជាមិនប៉ះពាល់ដល់ពេលវេលា នៃការដាក់លក់តាមកាលវិភាគរបស់ Apple ដែរ ព្រោះថា Apple ទំនងជានឹងធ្វើការទិញបន្ថែមនូវលេនប្រភេទ 7P Wide-Angle នេះ ពីក្រុមហ៊ុន Largan បង្រ្គប់តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហារបស់ Genius Electronic Optical អាចមិនចប់ត្រឹមនេះទេ បើទោះជាគេអាចជួសជុលបញ្ហានោះបានក៏ដោយ និយាយឲ្យចំទៅ បើតាមអ្វីដែលយើងទទួលបាន គឺបានបញ្ជាក់ថា ក្រុមហ៊ុនកាមេរ៉ាមួយនេះ នឹងត្រូវបានគេកាត់ទៅលើតម្លៃនៃការលក់នោះខ្ទង់ 30% ទៀតផង ដែលអាចនឹងធ្វើឲ្យប៉ះពាល់ ដល់ប្រាក់ចំណេញសរុបរបស់គេផងដែរ។

ដោយ​ ៖ Mac Rumors
អត្ថបទទាក់ទង