នេះជាផ្ទៃមុខ Always-on Display ត្រៀមបំពាក់នៅលើ OxygenOS 11 ក្នុងពេលខាងមុខនេះ​
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

លោក Pete Lau ត្រូវជានាយកប្រតិបត្តិប្រចាំ OnePlus ផ្ទាល់តែម្ដង បានធ្វើការបង្ហើបឲ្យអ្នកគាំទ្របានដឹងថា មុខងារ Always-on Display នឹងមាននៅលើទូរសព្ទឆ្លាតខ្លួនលើកដំបូង ចាប់ពីកំណែអាបដេតឡើងទៅកាន់ Android 11 ជាមួយស្បែក Oxygen 11 កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។ រហូតមកដល់ពេលថ្មីៗនេះ ពួកគេក៏បានបង្ហោះនូវវីដេអូមួយ នៅលើបណ្ដាញសង្គមចិន Weibo ដើម្បីដាក់បង្ហាញពីសកម្មភាពសិក្សាលើមុខងារ Always-on Display និងបញ្ចេញផ្ទៃមុខរបស់វាឲ្យបានឃើញតែម្ដង។

បើបានទស្សនាវីដេអូនៅខាងក្រោមនេះហើយ នោះយើងនឹងបានប្រទះឃើញថា ក្រុមការងាររបស់ OnePlus បានធ្វើការសហការគ្នាជាមួយ សាលាជំនាញខាងផ្នែកឌីហ្សាញ Parsons School of Design មកពីសហរដ្ឋអាមេរិក ដើម្បីបង្កើតបាននូវផ្ទៃមុខ Always-on Display ដ៏ថ្មីប្លែកជាច្រើនម៉ូត។ អ្វីដែលពួកគេបានផ្ដោតសំខាន់ជាងគេ នោះគឺជាផ្ទៃមុខនៅរូបភាពខាងលើនេះ ដោយវាមានលក្ខណៈជាបន្ទាត់បញ្ឈរ ហើយមានការបង្ហាញអំពីចំនួន ដែលយើងបានដោះសោរក្នុងមួយថ្ងៃ ស្ថិតនៅពីលើគេបង្អស់ ក៏ដូចជាម៉ោង, កន្លែងស្កេនម្រាមដៃ និងសញ្ញាបង្ហាញសារដំណឹងនៅពីក្រោមគេ។ ចំពោះបន្ទាត់នៅចំកណ្ដាលមួយនោះ គឺត្រូវបានបង្កើតឡើង សម្រាប់កំណត់សម្គាល់រយៈពេល ចាប់ពីព្រឹករហូតដល់យប់ ដូច្នេះហើយផ្ទាំងបង្ហាញម៉ោង នឹងប្ដូរទីតាំងចុះមកក្រោមបន្ដិចម្ដងៗ ដែលនៅពេលវាធ្លាក់មកដល់ក្រោមបំផុត គឺមានន័យថាជាពេលយប់ជ្រៅហើយ។

***សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែមអំពីមុខងារថ្មី Always-on Display របស់ស្បែក OxygenOS 11 ៖

OnePlus មិនទាន់បានប្រកាសប្រាប់នៅឡើយទេថា ទូរសព្ទម៉ូឌែលណាខ្លះទៅ នឹងទទួលបានកំណែអាប់ដេតទៅកាន់ OxygenOS 11 ឬអាចដំឡើងជាផ្លូវការបាន នៅពេលណាឲ្យច្បាស់នោះទេ សម្រាប់ពេលបច្ចុប្បន្ននេះ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។ តើប្រិយមិត្តអ្នកអានទាំងអស់គ្នា មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះផ្ទៃមុខដ៏ថ្មីប្លែកខុសគេ សម្រាប់ប្រើប្រាស់ជាមួយមុខងារ Always-on Display របស់ក្រុមហ៊ុន OnePlus នេះ?

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង