Asus បានបង្ហាញម៉ូនីទ័រហ្គេមជំនាន់ថ្មី មានអេក្រង់ 4K ជាមួយ Refresh Rate កម្រិត 120Hz និងបានប្រើ HDMI 2.1 ដំបូងគេ​
ដោយ​ ៖ គង់គីត | 5 ខែមុន SHARE

 

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Asus ទើបបានធ្វើការប្រកាសបង្ហាញនូវ Gaming Monitor ជំនាន់ថ្មីរបស់ខ្លូនជាផ្លូវការ ដោយវាមានអេក្រង់ដល់ 3 ជម្រើសផងដែរ។ មិនតែប៉ុណ្ណោះ Gaming Monitor ទាំង 3 ម៉ូឌែលនេះ បានបំពាក់មកជាមួយអេក្រង់មានល្បឿន Refresh Rate ដល់ 120Hz ដូចគ្នា ហើយពួកវាថែមទាំងមានគែមអេក្រង់ខ្លីថែមទៀតផង។

ជាការពិតណាស់ ម៉ូនីទ័រហ្គេម ស្ថិតក្នុងខ្សែស្រឡាយ ROG ជំនាន់ថ្មីទាំងនេះ បានបំពាក់មកជាមួយទំហំអេក្រង់ចំនួន 3 ជម្រើសសម្រាប់ឲ្យអ្នកទិញជ្រើសរើស ដោយមួយមានអេក្រង់ទំហំត្រឹម 27 អ៊ីញ មួយម៉ូឌែលទៀតមានអេក្រង់ទំហំ 32 អ៊ីញ និងម៉ូឌែលមានតម្លៃថ្លៃជាងគេ បានបំពាក់អេក្រង់ដល់ទំហំ 43 អ៊ីញ។ លើសពីនេះទៅទៀត Gaming Monitor ស្ថិងក្នុងត្រកូល ROG នេះ ត្រូវបានបំពាក់មកជាមួយរន្ធ HDMI ជំនាន់ 2.1 ដែលសមត្ថភាពបញ្ចូល Bandwidth ដល់ 48Gbps ជាមួយការ Support ការបញ្ចូលកម្រិតបង្ហាញរូបភាពដល់ 4K UHD (3840 x 2160 ភិចសែល) ព្រមជាមួយ Refresh Rate កម្រិត 120Hz ទៀតផង។ ជាងនេះទៅទៀត គេបានបញ្ជាក់ប្រាប់ថាវាជា Gaming Monitor ដំបូងគេក្នុងពិភពលោក ដែលទទួលបានវិញ្ញាបនបត្រលើការប្រើរន្ធ HDMI 2.1 ជំនាន់ចុងក្រោយនេះទៀតផង។ មួយវិញទៀត គេក៏បានបង្ហើបប្រាប់ថាម៉ូនីទ័រ Gaming ជំនាន់ថ្មីនេះ ក៏មានការគាំទ្រការប្រើជាមួយបច្ចេកវិទ្យា FreeSync របស់ AMD ហើយនឹងអាចគាំទ្រកម្រិតបង្ហាញពណ៌ sRGB 125 ភាគរយ ជាមួយកម្រិតពណ៌ P3 ដល់ 90 ភាគរយ និងវាក៏មានមុខងារ HDR ផងដែរ។

ក្រៅពីនេះ គេក៏បានបន្ថែមទៀតថា វាត្រូវបានបង្កើតមកជាពិសេស សម្រាប់ប្រើប្រាស់ជាមួយ ម៉ាស៊ីន Console លំដាប់កំពូលដូចជា PlayStation 5 របស់ Sony, Xbox Series X របស់ Microsoft និងសម្រាប់ប្រើជាមួយកុំព្យូទ័រ ដែលមានកម្លាំងម៉ាស៊ីនខ្លាំងផងដែរ។ យ៉ាងណា សម្រាប់ពេលនេះ Asus មិនទាន់បានបង្ហាញលក្ខណៈសម្បត្តិពិសេសរបស់អស់នៅឡើយទេ រីឯតម្លៃក៏ដូចគ្នាដែរ ហើយចំពោះថ្ងៃដាក់លក់ គេបានរំពឹងថាវានឹងត្រូវបានដាក់លក់លើទីផ្សារ នៅឆ្នាំក្រោយឯណោះ។

ដោយ​ ៖ TweakTown
អត្ថបទទាក់ទង