ទូរសព្ទឆ្លាត 5G ម៉ូឌែលថ្មីរបស់ Google អាចនឹងមានអេក្រង់ទំហំ 6.67 អ៊ីញ និងមានកម្រិត Refresh Rate 120Hz​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

យើងបានដឹងហើយថា កាលពីយប់ថ្ងៃទី 3 កន្លងទៅនេះ Google បានប្រកាសចេញទូរសព្ទឆ្លាតលំដាប់ថវិកាម៉ូឌែលថ្មីរបស់ខ្លួន ពោលគឺ Pixel 4a នេះឯង ហើយក្នុងនោះ គេក៏បានបង្ហើបថា នឹងធ្វើការប្រកាសចេញ ទូរសព្ទឆ្លាត 5G ពីរម៉ូឌែលទៀតនៅចុងឆ្នាំនេះ នោះគឺជា Pixel 5 និង Pixel 4a 5G នេះតែម្ដង។ ដោយឡែក ថ្មីៗនេះ អ្នកចែកចាយដំណឹងលេចធ្លាយដ៏ល្បីឈ្មោះម្នាក់ទៀត នៅតាមបណ្ដាញសង្គម Twitter បានធ្វើការបង្ហាញថា ទូរសព្ទឆ្លាត 5G ម៉ូឌែលថ្មីរបស់ Google ទំនងជានឹងមានភ្ជាប់មកជាមួយអេក្រង់ទំហំ 6.67 អ៊ីញថែមទៀតផង។ 

ពិតណាស់ បើតាមការបង្ហាញនៅតាមបណ្ដាញសង្គម Twitter ចេញពីគណនីរបស់លោក Ross Young ដែលជាបុគ្គលិកជាន់ខ្ពស់ ក្នុងរោងចក្រផលិតអេក្រង់របស់ Samsung នោះ បានធ្វើការបញ្ជាក់ឲ្យដឹងថា ទូរសព្ទឆ្លាត 5G ម៉ូឌែលថ្មីមួយ Google អាចនឹងមានភ្ជាប់មកជាមួយអេក្រង់ទំហំ 6.67 អ៊ីញទៀតផង ហើយលើសពីនេះទៀតនោះ គាត់ក៏បន្ថែមថា វាជាអេក្រង់ដែលមានកម្រិត Refresh Rate ដល់ 120Hz ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ បុគ្គលខាងលើប្រាប់ទៀតថា អេក្រង់ដែលគ្រោងនឹងបំពាក់នៅលើទូរសព្ទឆ្លាតរបស់ Google នោះ គឺត្រូវបានផ្គត់ផ្គង់ដោយ Samsung ផង និងក្រុមហ៊ុនចិន BOE ផង។ ជុំវិញដំណឹងនេះដែរ មានប្រភពមួយចំនួនបានរំពឹងថា ទូរសព្ទឆ្លាតខាងលើនេះ អាចជាម៉ូឌែល Pixel 5 តែម្ដង ព្រោះថាវាមានកម្រិត Refresh ដល់ 120Hz ប៉ុន្តែបើយើងពិចារណាមើលទៅ វាមិនអាចជា Pixel 5 ឡើយ ព្រោះបើតាមរូបភាពដែល Google បង្ហើបម្សិលមិញនោះ គឺថា Pixel 5 ជាម៉ូឌែលដែលមានទំហំអេក្រង់តូច ពោលគឺតូចជាង Pixel 4a 5G ទៅទៀត។

យ៉ាងណាក៏ដោយ បើទោះជា Pixel 5 អាចមិនមែនជាម៉ូឌែលដែលលោក Ross Young បានបង្ហាញនោះមែន ប៉ុន្តែវាក៏មិនអាចជា Pixel 4a 5G បានដែរ ទោះបីជាវាត្រូវបានគេដឹងថា ទំនងជាមានអេក្រង់ធំក៏ដោយ ព្រោះថាវាអាចនឹងមានផ្លាស់ប្តូរតែឈីប, ទំហំអេក្រង់ ក៏ដូចជាថាមពលថ្មប៉ុណ្ណោះពីលើ Pixel 4a ដូច្នេះ វាមិនអាចទៅរួចឡើយ ដែល Google ប្រើអេក្រង់ 120Hz លើម៉ូឌែលលំដាប់ថវិកាបែបនេះ។ អញ្ចឹងហើយ បើនិយាយឲ្យសមហេតុផលទៅ ទូរសព្ទឆ្លាតដែលអាចមានអេក្រង់ទំហំ 6.67 អ៊ីញ រួមទាំងមានកម្រិត Refresh Rate ដល់ 120Hz ក៏ដូចជាមាន 5G នោះ គឺអាចនឹងក្លាយជា Pixel 5 XL នេះតែម្ដង ព្រោះថានេះម៉ូឌែលមួយ ទំនងនឹងក្លាយជាម៉ូឌែលកំពូលប្រចាំត្រកូល Pixel ក្នុងឆ្នាំនេះ។

ដោយ​ ៖ Twitter (Ross Young)
អត្ថបទទាក់ទង