រឿង Mulan នឹងត្រូវដាក់លក់នៅលើសេវាកម្ម Disney+ នៅថ្ងៃទី 4 ខែកញ្ញា ជាមួយតម្លៃខ្ទង់ 12 ម៉ឺនរៀល (30 ដុល្លារ)​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា រឿងវីរនារីហ័រម៉ូឡាន ឬហៅថា Mulan ប្រភេទ Live Action ឆ្នាំ 2020 ត្រូវបានពន្យាពេលក្នុងការចាក់ផ្សាយនៅក្នុងរោងភាពយន្តម្តងហើយម្តងទៀត ដោយកាលពីពេលដំបូងមក រឿង Mulan ត្រូវបានកំណត់ឲ្យចាក់បញ្ចាំងតាំងពីថ្ងៃទី 27 ខែមិនា ឆ្នាំ 2020 មកម្ល៉េះ ប៉ុន្ដែដោយសារតែបញ្ហាជម្ងឺឆ្លងកូវីដ 19 Disney ក៏បានសម្រេចចិត្តលើកការចាក់បញ្ចាំងទៅថ្ងៃទី 24 ខែកក្កដាវិញ។ 

ប៉ុន្តែក្រោយមកទៀត គម្រោងមួយនេះត្រូវបានលើកទៅថ្ងៃទី 21 ខែសីហាខាងមុខវិញ រហូតមកដល់កាលពីសប្តាហ៍មុននេះ Disney បានប្រកាសសាជាថ្មីម្តងទៀតថា រឿង Mulan មិនអាចទាន់ដាក់បញ្ចាំងនៅក្នុងរោងភាពយន្តនៅឡើយនោះទេ ចំពោះកាលបរិច្ឆេទច្បាស់លាស់នៃការចាក់បញ្ចាំងរបស់រឿងមួយនេះ ពួកគេមិនទាន់អាចបញ្ជាក់បាននោះទេ។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈភ្នាក់ងារសារព័ត៌មាន The Verge យើងទទួលបានដំណឹងថ្មីមួយផ្សេងទៀត ដែលបញ្ជាក់ឲ្យយើងដឹងថា រឿង Mulan ប្រភេទ Live Action នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅលើសេវាកម្ម Disney+ នៅថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងចាប់អារម្មណ៍នោះគឺថារឿង Mulan ប្រភេទ Live Action ថ្មីមួយនេះ គឺមិនត្រូវដាក់ឲ្យទស្សនាដោយឥតគិតថ្លៃដូចទៅនឹងរឿងមួយចំនួនទៀត ដែលមាននៅលើសេវាកម្ម Disney+ នោះទេ ដោយ Disney តម្រូវឲ្យអ្នកប្រើប្រាស់ដែលជាសមាជិកទាំងអស់ធ្វើការបង់ប្រាក់ខ្ទង់ 12 ម៉ឺនរៀល (30 ដុល្លារ) បន្ថែមទៀត ដើម្បីអាចទស្សនារឿងដ៏ល្បីមួយនេះបាន។ 

សម្រាប់ប្រទេសដែលមិនទាន់អាចប្រើសេវាកម្ម Disney+ បាន Disney នឹងដាក់បញ្ចាំងរឿង Mulan ក្នុងថ្ងៃជាមួយគ្នាដែលវាបង្ហាញខ្លួននៅលើ Disney+ តែម្តង នេះបើយោងទៅតាមការបញ្ជាក់របស់នាយក​ប្រតិបត្តិនៃក្រុមហ៊ុន Disney ផ្ទាល់។ គួររំលឹកផងថា រឿង Mulan ប្រភេទ Live Action ឆ្នាំ 2020 បានយកលំនាំតាមខ្សែភាពយន្តគំនូរជីវចលមានឈ្មោះដូចគ្នា ដែលបានចាក់បញ្ចាំងដំបូងតាំងពីឆ្នាំ 1998 ហើយវាត្រូវបានដឹកនាំដោយលោកស្រី Niki Caro និងចូលរួមសម្តែងដោយតារាស្រីចិនល្បីឈ្មោះ Liu Yifei (Fa Mulan) ក៏ដូចជាតារាល្បីជាច្រើនផ្សេងទៀតផងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង