លោក Phil Schiller បានចុះចេញពីតំណែងប្រធានផ្នែកទីផ្សារនៅ Apple ដើម្បីទៅកាន់នៅផ្នែកផ្សេងវិញ​
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

ស្របនឹងពេលប្រកាសចេញកុំព្យូទ័រលើតុ iMac ទំហំ 27 អ៊ីញស៊េរីថ្មី កាលពីពេលយប់មិញនេះ Apple ក៏បានបញ្ចេញសេចក្ដីប្រកាសថា លោក Phil Schiller ដែលបានកាន់តំណែងជា ប្រធានផ្នែកទីផ្សាររបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកនេះ បានសម្រេចចិត្តចុះចេញជាផ្លូវការហើយ។ ហេតុដូច្នេះហើយ ចាប់ផ្ដើមពីពេលនេះតទៅ គាត់នឹងទទួលខុសត្រូវលើការគ្រប់គ្រងកម្មវិធី App Store និងព្រឹត្តិការណ៍ធំៗរបស់ក្រុមហ៊ុន Apple វិញ។

លោក Phil Schiller បានធ្វើការនៅក្រុមហ៊ុន Apple ចាប់តាំងពីអំឡុងឆ្នាំ 1987 មកម្ល៉េះ ហើយទទួលបានតំណែងជាក្រុមប្រតិបត្តិធំនៅក្នុងឆ្នាំ 1997 ដោយធ្វើឲ្យគាត់មានអាយុ 27 ឆ្នាំនៅពេលចូលដំបូង ហើយរហូតមកដល់បច្ចុប្បន្ននេះ គឺគាត់មានអាយុ 60 ឆ្នាំហើយ។ Apple បាននិយាយប្រាប់ថា លោក Greg Joswiak ត្រូវជាមិត្តរួមការងាររបស់គាត់ នឹងឡើងមកធ្វើជាប្រធានផ្នែកទីផ្សារ ដើម្បីជំនួសតំណែងរបស់គាត់វិញ ហើយមានការទទួលខុសត្រូវ ចំពោះការគ្រប់គ្រងផលិតផល និងទីផ្សារផលិតផលរបស់ Apple ក៏ដូចជាទំនាក់ទំនងជាមួយ ក្រុមអ្នកអភិវឌ្ឍន៍ (Developers), ស្រាវជ្រាវផ្នែកទីផ្សារ, គ្រប់គ្រងអាជីវកម្ម និងគ្រប់គ្រងលើសហគ្រាសអប់រំ និងទីផ្សារអន្តរជាតិ ថែមទៀតផង។ ចំណែកឯលោក Greg Joswiak បានធ្វើការនៅក្រុមហ៊ុន Apple បានអស់រយៈពេលជាង 20 ឆ្នាំមកហើយដែរ និងកាន់តំណែងជា អនុប្រធានផ្នែកទីផ្សារបាន 4 ឆ្នាំ ទើបបានឡើងតំណែងជាប្រធានធំនេះ។

លើសពីនេះទៅទៀត លោក Phil Schiller ក៏ត្រូវជាក្រុមប្រតិបត្តិធំទី 4 ប្រចាំក្រុមហ៊ុន Apple ដែលបានចុះចេញពីតំណែងដើមរបស់ខ្លួនដែរ ដោយរួមមានទាំងលោក Jony Ive, Steve Dowling និង Boss Angela ផងដែរ។ សង្ឃឹមថាគាត់នឹងអាចដោះស្រាយនូវបញ្ហារបស់ App Store ដែលក្រុមអ្នកបង្កើតហ្គេម និងកម្មវិធីមួយចំនួន កំពុងតែរិះគន់ទៅលើ ការដកភាគរយដល់ទៅ 30% នៃប្រាក់ចំណូលរបស់ពួកគេ ក្នុងរយៈពេលមួយឆ្នាំដំបូង ជាដើម។ 

ដោយ​ ៖ Apple
អត្ថបទទាក់ទង