ដុំសាកថ្មឥតខ្សែ 9W ជំនាន់ថ្មីរបស់ Samsung ក៏អាចនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Unpacked យប់នេះដែរ​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

ជាធម្មតាទៅហើយ បើទោះបីជាព្រឹត្តិការណ៍ Galaxy Unpacked នឹងខិតជិតមកដល់ ក្នុងរយៈពេល 10 ម៉ោងខាងមុខនេះទៀតក៏ដោយ ប៉ុន្តែ ដូចដែលយើងបានដឹងហើយថា ដរាបណាព្រឹត្តិការណ៍មួយនោះ មិនទាន់បានប្រព្រឹតិ្តឡើង នោះព័ត៌មានបែកធ្លាយទាក់ទងទៅនឹងលក្ខណៈសម្បតិ្ត របស់ផលិតផលថ្មីៗ ដែលនឹងត្រូវប្រកាសចេញ នៅតែបន្តលេចឡើង រហូតដល់ព្រឹតិ្តការណ៍មួយនោះកើតឡើងតែម្តង។

ជាក់ស្តែង មុននេះបន្តិច ក្រុមការងាររបស់យើងក៏ទទួលបានរូបភាពបែកធ្លាយមួយចំនួន ដែលបង្ហាញពីរចនាបថរូបរាង របស់ផលិតផលធំៗទាំងនោះ នៅក្រៅផ្ទាល់តែម្តង។ ដោយឡែក ខណៈពេលនេះ តាមរយៈគណនី Roland Quandt ក៏ជាកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយមួយរូប បានបង្ហាញឲ្យយើងដឹងបន្ថែម អំពីផលិតផលតូចមួយផ្សេងទៀត ដែលត្រៀមនឹងបង្ហាញខ្លួន ក្នុងព្រឹតិ្តការណ៍ Unpacked នាយប់នេះដែរ។ ដោយនោះគឺដុំសាកឥតខ្សែជំនាន់ថ្មីរបស់ Samsung ដែលមានលក្ខណៈសាកបញ្ឈរ (Dock) អាចបត់បាន ជាមួយរចនាបថសាមញ្ញ និងមានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស ដូចជាពណ៌ស និងខ្មៅ ហើយបើសង្កេតមើលទៅលើផ្នែកខាងមុខរបស់វា ឃើញថាវាបានភ្ជាប់មកជាមួយភ្លើង LED តូចមួយគ្រាប់ ស្ថិតនៅផ្នែកខាងក្រោមបង្អស់ ដែលទុកដើម្បីងាយស្រួលបង្ហាញឲ្យយើងដឹងថា វាកំពុងតែធ្វើការសាកបញ្ចូលថ្មផងដែរ។ 

បន្ថែមពីនេះ បើផ្អែកទៅតាមការសរសេរបញ្ជាក់ នៅលើប្រអប់របស់ដុំសាកឥតខ្សែជំនាន់ថ្មីនេះវិញ បានបង្ហាញឲ្យដឹងថា វាមានកម្លាំងត្រឹម 9W ប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលជាចំណុចពិសេស នៃដុំសាកនេះ គឺវាក៏អាចគាំទ្រការបញ្ចូលថាមពលថ្ម ទៅឲ្យឧបករណ៍ឆ្លាតដទៃ ដែលអាចគាំទ្របច្ចេកវិទ្យាសាកឥតខ្សែ Qi Wireless Charging ក្រៅពីទូរសព្ទឆ្លាតរបស់ Samsung ថែមទៀតផង។ 

យ៉ាងណាក៏ដោយ វាគ្រាន់ជារូបភាពបែកធ្លាយមុនតែប៉ុណ្ណោះ ដូច្នេះ ចំពោះតម្លៃ ក៏ដូចជាលក្ខណៈសម្បតិ្តលម្អិតផ្សេងទៀត នៃដុំសាកឥតខ្សែថ្មីនេះ មានតែរង់ចាំការបញ្ជាក់ ពីក្រុមហ៊ុន Samsung ផ្ទាល់ ដែលគេសន្មតទុកមុនថា នឹងអាចបង្ហាញខ្លួនដំណាលគ្នា នឹងការប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូល Galaxy Note 20 Series ក្នុងថ្ងៃនេះតែម្តង នៅវេលាម៉ោង 9 យប់។

ដោយ​ ៖ Roland Quandt
អត្ថបទទាក់ទង