Google នឹងបញ្ចប់ជីវិតកម្មវិធី Play Music របស់ខ្លួនទាំងស្រុងត្រឹមខែតុលានេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

អ្នកប្រើប្រាស់ទូរសព្ទឆ្លាត Android ភាគច្រើនប្រហែលជាធ្លាប់បានប្រើប្រាស់កម្មវិធីស្តាប់តន្រ្តីស្តុកដើមហើយ ដោយវាតែងតែមានភ្ជាប់មកជាមួយ ទូរសព្ទឆ្លាតទាំងឡាយណា ដែលមានសេវាកម្ម Google នោះគឺកម្មវិធី Google Play Music នេះឯង។ យ៉ាងណាក៏ដោយ ខ្ញុំជឿថា បើទោះជាមានអ្នកប្រើប្រាស់ភាគច្រើនបានស្គាល់វាមែន ប៉ុន្តែប្រហែលជាមានមនុស្សមិនច្រើនប៉ុន្មានទេ ដែលប្រើប្រាស់ជាប្រចាំនោះ ដូច្នេះហើយ ទើបពេលនេះ Google កំពុងតែរៀបចំក្នុងការបិទដំណើរការនៃកម្មវិធីនេះ ពោលគឺការចាប់ផ្តើមបិទដំណើរការនោះ នឹងចាប់ផ្តើមពីខែកញ្ញាទៅតែម្ដង។

មិនខុសទេ បើតាមការបង្ហាញចេញពី Youtube Official Blog ដោយផ្ទាល់ក្នុងពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា Google មានគម្រោងក្នុងបញ្ចប់ជីវិតរបស់កម្មវិធី Google Play Music មែនទែនហើយ ពោលគឺសម្រាប់តំបន់មួយចំនួនដូចជា New Zealand និង South Africa នឹងត្រូវបិទចាប់ពីខែកញ្ញានេះទៅតែម្ដង ខណៈពេលដែលខែតុលាវិញ គឺនឹងត្រូវបិទដំណើរការទាំងស្រុងទូទាំងពិភពលោកតែម្ដង។ ពិតណាស់ នៅពេលដែលពេលវេលាដែលគេកំណត់នេះបានមកដល់ មានន័យថា អ្នកប្រើប្រាស់ Google Play Music ទាំងអស់ នឹងមិនអាចប្រើប្រាស់កម្មវិធីនេះបានទៀតនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Google មិនទាន់លុបទិន្នន័យក្នុងកម្មវិធី Play Music របស់អ្នកភា្លមឡើយ ពោលគឺគេទុកពេលឲ្យដល់ខែធ្នូ ដើម្បីឲ្យអ្នកប្រើប្រាស់ មានពេលវេលាគ្រប់គ្រាន់ ក្នុងការផ្ទេរទិន្នន័យបទចម្រៀងដែលអ្នកបាន Upload, Playlists ក៏ដូចជាចម្រៀងដែលអ្នកបានចំណាយលុយទាញយក តាមរយៈកម្មវិធីខាងលើនេះ ទៅកាន់កម្មវិធី YouTube Music ជំនួសវិញ។

ពិតណាស់ មូលហេតុដែល Google បិទកម្មវិធី Play Music ដើមរបស់ខ្លួននេះ គឺអាចដោយសារតែវាមិនសូវមានអ្នកប្រើប្រាស់ ក៏ដូចជាអាចដោយសារតែ គេចង់ឲ្យអ្នកប្រើប្រាស់ងាកទៅប្រើកម្មវីធី YouTube Music ជំនួសវិញហ្នឹងឯង ហើយមួយវិញទៀត យើងក៏ទើបតែឃើញ Google ដាក់ឲ្យអ្នកប្រើក្នុងប្រទេសយើង អាចទាញយកកម្មវិធីនេះបាន នៅក្នុង Play Store កាលពីពេលថ្មីៗនេះដែរ។ និយាយរួមមកវិញ Google នឹងបញ្ចប់អាយុកាលរបស់ Google Play Music ចាប់ពីខែក្រោយទៅបណ្តើរៗហើយ ដែលនេះជាដំណឹងមិនល្អមួយ សម្រាប់អ្នកប្រើប្រាស់ Play Music ប៉ុន្តែមិនថ្វីទេ អ្នកនៅតែអាចបន្តការស្រាប់តន្រ្តីរបស់អ្នកទៀតបាន តាមរយៈកម្មវិធី YouTube Music វិញម្ដង។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង