Samsung ទទួលបានការកុម្ម៉ង់ឲ្យធ្វើការឌីហ្សាញ និងផលិតឈីបសម្រាប់ក្រុមហ៊ុនធំៗចំនួន 2 គឺ Cisco និង Google​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ក្នុងពេលបច្ចុប្បន្ន TSMC គឺជាក្រុមហ៊ុនផលិតឈីបធំបំផុតមួយ នៅក្នុងពិភពលោក ហើយ Samsung ឯណោះវិញ ក៏កំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីប្រកួតប្រជែង ដណ្ដើមយករហ័សនាមបែបនោះ ជាក់ស្ដែងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា ក្រុមហ៊ុនកូរ៉េខាងត្បូងនេះធ្វើបានល្អ ព្រោះថាមុខជំនួញក្នុងការផលិតឈីបគេ កំពុងតែប្រកៀកប្រកិតជាមួយគ្នានឹង TSMC មែនទែនហើយ។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងមួយទៀត ទាក់ទងនឹងការផលិតឈីបរបស់ Samsung និយាយឲ្យចំទៅគឺថា ក្រុមហ៊ុននេះ ទទួលបានការកុម្ម៉ង់ទិញឈីប ពីក្រុមហ៊ុនធំៗលំដាប់ពិភពលោកចំនួនពីរទៀតផង។

មិនខុសទេ បើតាមរបាយការណ៍ចេញពី ETNews កាលពីពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា Samsung ទទួលបានការទាក់ទងពីសំណាក់ក្រុមហ៊ុន Cisco ដើម្បីឲ្យគេធ្វើការរចនា ក៏ដូចជាផលិតឈីបឲ្យទៀតផង ហើយឈីបនោះដែរ នឹងត្រូវ Cisco យកទៅប្រើប្រាស់ នៅលើបណ្ដាញទូរគមនាគមន៍ជំនាន់ក្រោយរបស់ខ្លួនតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះទេ ទន្ទឹមគ្នានេះ Samsung ក៏ទទួលបានការទំនាក់ទំនងមួយពីសំណាក់ Google ដើម្បីឲ្យគេធ្វើការរចនា និងផលិតឈីបផ្ទាល់ខ្លួនដូចគ្នាដែរ ប៉ុន្តែឈីបដែល Google កុម៉្មង់នោះ ត្រូវបានគេបង្ហាញថា នឹងត្រូវយកទៅប្រើប្រាស់ជាមួយសេនស័រផ្សេងទៀត ដែលអាចធ្វើការតាមដាន ក៏ដូចជាបង្ហាញពីការផ្លាស់ប្តូរចលនារបស់រាងកាយ ថែមទៀតផង។ គួរបញ្ជាក់ដែរថា Cisco គឺជាក្រុមហ៊ុនផលិតឧបករណ៍ទាក់ទងនឹង Network ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលទទួលបានចំណូលប្រចាំឆ្នាំមិនក្រោម 50 ពាន់លានដុល្លារនោះទេ ខណៈពេលដែល Google វិញ ទោះមិនប្រាប់ក៏អ្នកទាំងអស់គ្នាបានដឹង ពីឥទ្ធិពលក្រុមហ៊ុនអាមេរិកមួយនេះហើយ។

និយាយរួមមកវិញ បើតាមការបង្ហាញដូចនៅខាងលើនេះ អាចនិយាយបានថា Samsung កំពុងតែក្លាយជាគូរប្រជែងកាន់តែខ្លាំងមួយរបស់ TSMC ថែមទៀតហើយ ព្រោះថាគេមានសមត្ថភាព អាចដណ្តើមយកទីផ្សារធំៗមួយចំនួន ចេញពីក្រុមហ៊ុនតៃវ៉ាន់នេះបានសម្រេច ជាក់ស្ដែងដូចពេលនេះអញ្ចឹង គឺគេមិនត្រឹមតែទទួលបាន ការកុម៉្មង់ឲ្យផលិតឈីបនោះទេ ថែមទាំងដើរតួជាអ្នករចនាឈីបនោះ សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនធំៗដូចជា Cisco និង Google ជាលក្ខណៈផ្ទាល់ខ្លួនផងដែរ។ 

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង