ទាំងនេះជាផលិតផលថ្មីធំៗទាំង 5 របស់ Samsung ដែលនឹងត្រូវប្រកាសចេញនៅយប់ស្អែកនេះ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បើគិតចាប់ពីពេលនេះទៅ នៅសល់ប្រហែលជាជាង 1 ថ្ងៃបន្តិចទៀតប៉ុណ្ណោះ ព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំលើកទី 2 របស់ Samsung នឹងត្រូវឈានចូលមកដល់ហើយ។ ផ្អែកទៅតាមវីដេអូ Teaser ដែលបង្ហោះដោយក្រុមហ៊ុន Samsung ផ្ទាល់ កាលពីពេលកន្លង បានបង្ហើបឲ្យយើងបានដឹងមុនថា នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងត្រូវធ្វើឡើងនាពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសចេញផលិតផលថ្មីធំៗចំនួន 5 ដោយក្នុងរួមមានដូចជា Galaxy Note20 Series, Galaxy Z Fold2, Galaxy Tab S7 Series, Galaxy Buds Live និង Galaxy Watch 3។ ដូច្នេះដើម្បីកំដរការរាប់ថយក្រោយនៃការប្រកាសចេញជាផ្លូវការនូវផលិតផលថ្មីធំៗទាំង 5 ខាងលើនេះ នៅក្នុងថ្ងៃនេះ យើងនាំគ្នាទៅស្វែងយល់ពីលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ពួកវាដែលបានបែកធ្លាយកាលពីពេលកន្លងជាមុនសិន។ 

Galaxy Note20 

Galaxy Note20 នឹងបំពាក់មកជាមួយអេក្រង់លាតរាបស្មើទំហំ 6.7 អ៊ីញ ប្រភេទ Super AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ជាមួយដង់ស៊ីតេ 393ppi និងមានអេក្រង់ Refresh Rate 60Hz។ សម្រាប់ផ្នែកកម្លាំងម៉ាស៊ីន Galaxy Note20 អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 865+ / Exynos 990 គួបផ្សំជាមួយជម្រើស RAM ទំហំ 8/12GB និងអង្គផ្ទុកទិន្នន័យទំហំ 128/256GB។ ចំពោះផ្នែកកាមេរ៉ា Galaxy Note20 អាចនឹងភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាលេនទម្លុះអេក្រង់ទំហំ 10MP Aperture f/2.2 និងកាមេរ៉ាសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 12MP Aperture f/1.8, មួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide) ទំហំ 12MP Aperture f/2.2 និងមួយចុងក្រោយគេជាលេនពង្រីក Telephoto ទំហំ 64MP Aperture f/2.0 មានសមត្ថភាពអាចពង្រីក Optical Zoom បាន 3 ដង និង Digital Zoom បាន 30 ដង។ Galaxy Note20 ក៏នឹងបង្ហាញខ្លួនមកជា S-Pen និងថ្មទំហំ 4,300mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ក៏ដូចជាជម្រើសពណ៌សរុបចំនួន 3 ផងដែរ ក្នុងនោះរួមមានដូចជា ពណ៌ទង់ដែង (Mystic Bronze), ពណ៌ខ្មៅ (Mystic Black) និងពណ៌បៃតង (Mystic Green)។

Galaxy Note20 Ultra 

Galaxy Note20 Ultra នឹងបំពាក់មកជាមួយអេក្រង់លាតកោងទំហំ 6.9 អ៊ីញ ប្រភេទ Dynamic AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត WQHD ជាមួយដង់ស៊ីតេ 508ppi និងមានអេក្រង់ Refresh Rate 120Hz។ សម្រាប់ផ្នែកកម្លាំងម៉ាស៊ីន Galaxy Note20 Ultra នឹងប្រើប្រាស់បន្ទះឈីប Snapdragon 865+ / Exynos 990 គួបផ្សំជាមួយជម្រើស RAM ទំហំ 8/12GB និងអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB។ ចំពោះផ្នែកកាមេរ៉ា Galaxy Note20 Ultra អាចនឹងភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 10MP Aperture f/2.2 និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 108MP Aperture f/1.8, មួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide) ទំហំ 12MP Aperture f/2.2 និងមួយចុងក្រោយគេជាលេនពង្រីក Periscope ទំហំ 12MP Aperture f/3.0 មានសមត្ថភាពអាចពង្រីក Optical Zoom បាន 5 ដង និង Digital Zoom បាន 50 ដង។ ជាងនេះទៅទៀត វាក៏នឹងភ្ជាប់មកជាមួយសេនស័រ Laser Auto Focus ប្រើសម្រាប់ជំនួយទៅដល់ការចាប់ចំណុច Focus ឲ្យកាន់តែលឿន និងប្រសើរជាងមុនថែមមួយកម្រិតទៀត។ Galaxy Note20 Ultra ក៏នឹងបង្ហាញខ្លួនមកជា S-Pen នាន់ថ្មី ដែលមាន Latency ត្រឹមតែ 9ms, ថ្មទំហំ 4,500mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន, បច្ចេកវិទ្យាសាកថ្មឥតខ្សែ និងបច្ចេកវិទ្យាចែករំលែកថាមពលថ្មទៅឲ្យឧបករណ៍ឆ្លាតវៃដទៃ ក៏ដូចជាជម្រើសពណ៌សរុបចំនួន 3 ផងដែរ ក្នុងនោះរួមមានដូចជា ពណ៌ទង់ដែង (Mystic Bronze), ពណ៌ខ្មៅ (Mystic Black) និងពណ៌បៃតង (Mystic White)។

Galaxy Z Fold2 

Galaxy Z Fold2 អាចនឹងបំពាក់មកជាមួយអេក្រង់ខាងក្នុងទំហំ 7.59 អ៊ីញ ប្រភេទ Super AMOLED អាចគាំទ្រអេក្រង់ Refresh Rate 120Hz និងអេក្រង់ខាងក្រៅទំហំ 6.23 អ៊ីញ ជាប្រភេទ Super AMOLED ដូចអេក្រង់ខាងក្នុងផងដែរ។ សម្រាប់ផ្នែកកម្លាំងម៉ាស៊ីន Galaxy Z Fold2 អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 865+ / Exynos 990 គួបផ្សំជាមួយជម្រើស RAM ទំហំ 8/12/16GB និងអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB។ ចំពោះផ្នែកកាមេរ៉ាវិញ Galaxy Z Fold 2 នឹងបំពាក់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាលេនទម្លុះអេក្រង់ ទំហំ 10MP និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 12MP, មួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide) ទំហំ 12MP និងមួយគ្រាប់ចុងក្រោយគេជាលេនពង្រីក Telephoto ទំហំ 64MP។ Galaxy Z Fold2 ក៏អាចនឹងបង្ហាញខ្លួនមកជាថ្មទំហំ 4,365mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 25W ក៏ដូចជាជម្រើសពណ៌ទង់ដែង (Mystic Bronze) និងពណ៌ខ្មៅ (Mystic Black) ផងដែរ។

Galaxy Tab S7 

Galaxy Tab S7 អាចនឹងបំពាក់មកជាមួយអេក្រង់លាតរាបស្មើទំហំ 11 អ៊ីញ ប្រភេទ LCD អាចបង្ហាញរូបភាពក្នុងកម្រិត 2560 x 1600 ភិចស៊ែល ជាមួយដង់ស៊ីតេ 287ppi និងមានអេក្រង់ Refresh Rate 120Hz។។ សម្រាប់ផ្នែកកម្លាំងម៉ាស៊ីន Galaxy Tab S7 អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 865+ / Exynos 990 គួបផ្សំជាមួយជម្រើស RAM ទំហំ 6/8GB និងអង្គផ្ទុកទិន្នន័យទំហំ 128/256GB។ ចំពោះផ្នែកកាមេរ៉ា Galaxy Tab S7 អាចនឹងភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 8MP Aperture f/2.0 និងកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 13MP Aperture f/2.0 និងមួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide) ទំហំ 5MP Aperture f/2.2។ Galaxy Tab S7 ក៏អាចនឹងបង្ហាញខ្លួនមកជាមួយថ្មទំហំ 7,040mAh, S-Pen ជំនាន់ថ្មី ដែលមាន Latency ត្រឹម 9m ក៏ដូចជាជម្រើសពណ៌ខ្មៅ (Mystic Black), ពណ៌ទង់ដែង (Mystic Bronze) និងពណ៌ទឹកប្រាក់ (Mystic Silver) ផងដែរ។

Galaxy Tab S7+ 

Galaxy Tab S7+ អាចនឹងបំពាក់មកជាមួយអេក្រង់លាតរាបស្មើទំហំ 12.4 អ៊ីញ ប្រភេទ Super AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត 2800 x 1752 ភិចស៊ែល ជាមួយដង់ស៊ីតេ 287ppi និងមានអេក្រង់ Refresh Rate 120Hz។ សម្រាប់ផ្នែកកម្លាំងម៉ាស៊ីន Galaxy Tab S7+ អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 865+ / Exynos 990 គួបផ្សំជាមួយជម្រើស RAM ទំហំ 6/8GB និងអង្គផ្ទុកទិន្នន័យទំហំ 128/256GB។ ចំពោះផ្នែកកាមេរ៉ា Galaxy Tab S7+ អាចនឹងភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 8MP Aperture f/2.0 និងកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 13MP Aperture f/2.0 និងមួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide) ទំហំ 5MP Aperture f/2.2។ លើសពីនេះ Galaxy Tab S7+ ក៏នឹងបង្ហាញខ្លួនមកជាមួយថ្មទំហំ 10,090mAh, S-Pen ជំនាន់ថ្មី ដែលមាន Latency ត្រឹម 9m, ក៏ដូចជាជម្រើសពណ៌ខ្មៅ (Mystic Black), ពណ៌ទង់ដែង (Mystic Bronze) និងពណ៌ទឹកប្រាក់ (Mystic Silver) ថែមទៀតផង។ 

Galaxy Watch 3 

Galaxy Watch 3  អាចនឹងមកជាមួយជម្រើសចំនួន 2 គឺ 41mm និង 45mm ដោយម៉ូឌែល 41mm អាចនឹងមានអេក្រង់ទំហំ 1.2 អ៊ីញ ប្រភេទ AMOLED ខណៈពេលដែលម៉ូឌែល 45mm អាចនឹងអេក្រង់ទំហំ 1.4 អ៊ីញ ជាប្រភេទ AMOLED ដូចគ្នា។ សម្រាប់កម្លាំងម៉ាស៊ីន Galaxy Watch 3 ទាំង 2 ម៉ូឌែលនេះ អាចនឹងប្រើប្រាស់បន្ទះឈីប Exynos 9110 គួបផ្សំជាមួយ RAM ទំហំ 1GB និងអង្គផ្ទុកទិន្នន័យ 8GB។ ចំពោះផ្នែកថាមពលថ្ម ម៉ូឌែល 41mm អាចនឹងភ្ជាប់មកជាមួយថ្មទំហំ 247mAh ខណៈដែលម៉ូឌែល 45mm អាចនឹងភ្ជាប់មកជាមួយថ្មទំហំ 340mAh។ Galaxy Watch 3 ទាំង 2 ម៉ូឌែលនេះ ក៏អាចនឹងបង្ហាញខ្លួនមកជាមួយប្រព័ន្ធ GP, មុខងារតាមដានសុខភាពផ្សេងៗ អាវក្រោះការពារទឹកកម្រិត IP68 ក៏ដូចជាដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ Tizen OS ជំនាន់ 5.5 ផងដែរ។

Galaxy Buds Live

Galaxy Buds Live នឹងភ្ជាប់មកជាមួយមួយរន្ធបំពងសំលេងចំនួន 2, រន្ធស្រូបសំលេងចំនួន 2, រន្ធទុកបញ្ចេញសម្ពាធខ្សល់ពីក្នុងត្រចៀកចំនួន 1 និងមុខងារទប់សំលេងរំខាន (Active Noise Cancellation) ក៏ដូចជាមុខងារ Always on Mic ប្រើសម្រាប់បញ្ជា Bixby ផងដែរ។ Galaxy Buds Live អាចកាន់ថ្មបាន 5.5 ម៉ោង ប៉ុន្ដែបើយើងធ្វើការបិទមុខងារ  ANC និង Always On Mic វាអាចនឹងកាន់ថ្មបានខ្ទង់ 7.5 ម៉ោង ហើយបើគិតទាំងថាមពលថ្មដែលភ្ជាប់មកជាមួយ Case របស់វាទៀត វាអាចកំដរយើងបានខ្ទង់ដល់ទៅ 28 ម៉ោងឯណោះ។ ជាងនេះទៅទៀត Galaxy Buds Live ក៏មកជាមួយឆ្នុកជ័រប្រើសម្រាប់ជំនួយទៅដល់មុខងារទប់សំលេងរំខាន ក៏ដូចជាជម្រើសពណ៌ស(Mystic White), ពណ៌ខ្មៅ (Mystic Black) និងពណ៌ទង់ដែង (Mystic Bronze) ផងដែរ។ អញ្ចឹងសរុបមកវិញទាំងនេះគឺជាលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់ផលិតផលថ្មីធំៗទាំង 5 របស់ Samsung ដែលនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ដ៏ធំ Galaxy Unpacked ថ្ងៃទី 5 ខែសីហា ឆ្នាំ 2020 ខាងមុខនេះ។ 

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង