OPPO K7 ជាទូរសព្ទឆ្លាត 5G លំដាប់មធ្យមជំនាន់ថ្មីមួយទៀត ពីក្រុមហ៊ុនចិនមួយនេះ​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

ក្រុមហ៊ុន OPPO ទើបនឹងប្រកាសចេញជាផ្លូវការនូវ ទូរសព្ទឆ្លាតកម្រិតមធ្យមមួយផ្សេងទៀត របស់ខ្លួន ដែលជាជំនាន់ដេញស៊េរីចេញពី K5  ដែលបានចេញកាលពីឆ្នាំទៅមិញ។ ដោយវាមានឈ្មោះហៅជាផ្លូវការថា OPPO K7 5G ជាទូរសព្ទមានភាពសាមញ្ញច្រើន ជុំវិញរចនាបថរូបរាង ប៉ុន្តែសាកសមទៅនឹងតម្លៃ ដែលត្រៀមនឹងចេញលក់លើទីផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះ។

OPPO K7 មានរូបរាង និងរចនាបថស្រដៀងទៅនឹងម៉ូឌែលជំនាន់មុនដែរ ដោយផ្ទៃខាងមុខមានអេក្រង់ទំហំ 6.4 អ៊ីញ ប្រើប្រាស់បន្ទះបង្ហាញជាប្រភេទ AMOLED និងមានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD+ គួបផ្សំនឹងអេក្រង់ Refresh Rate កម្រិត 60Hz ផងដែរ។ ចំពោះស្ទាយតំណក់ទឹក នៅចំផ្នែកកណ្តាលថ្ងាស នៃទូរសព្ទថ្មីនេះ បំពាក់សេនស័រមួយគ្រាប់ មានទំហំ 32MP ទុកសម្រាប់ថតរូប Selfie ខណៈតួខ្លួនខាងក្រោយ ក៏ត្រូវបានផលិតឡើងប្រហាក់ប្រហែលគ្នាទៅនឹងស៊េរីមុនដែរ ក្រាលដោយកញ្ចក់ មានកាមេរ៉ាសរុបចំនួន 4 គ្រាប់បែបបញ្ឈរ ជាមួយកាមេរ៉ាគោលថតរូបក្នុងទំហំ 48MP, កាមេរ៉ាទី 2 ថតរូបបែប Wide-Angle ក្នុងទំហំ 8MP និង 2 គ្រាប់ចុងក្រោយ ភ្ជាប់មកជាមួយទំហំ 2MP ដូចគ្នា។

ជុំវិញកម្លាំងម៉ាស៊ីន OPPO K7 ស្ថិតនៅកម្រិតកណ្ដាល ប្រើប្រាស់ឈីប Snapdragon 765G មានគាំទ្រ 5G រត់ក្នុងល្បឿន 2.4GHz និង GPU ប្រភេទ Adreno 620 អាចទ្រទ្រង់ទៅដល់ការប្រើប្រាស់ទូទៅបានល្អ អមមកជាមួយ RAM ប្រភេទ LPDDR4x ទំហំ 8GB តាមការជ្រើសរើសតាមទំហំអង្គផ្ទុកទិន្នន័យ 128GB/256GB ក៏អាចបន្ថែម MicroSD បានមួយគ្រាប់ទៀត។ ក្រៅពីរូបរាងសាមញ្ញ កម្លាំងម៉ាស៊ីនអាចទទួលយកបានហើយនោះ OPPO K7 5Gមានបំពាក់មករួចជាស្រេចនូវ មុខងារស្កេនម្រាមដៃក្រោមផ្ទៃអេក្រង់ ដូចកំពូលទូរសព្ទឆ្លាតមួយចំនួន នាពេលបច្ចុប្បន្នដែរ ដោយម៉ាស៊ីនទាំងមូលរត់ដោយ Android 10 ស្រោបដោយស្បែក ColorOS 7 ចេញពីប្រអប់។ សម្រាប់ផ្នែកកម្លាំងថ្ម វាត្រូវបានវេចខ្ចប់មកជាមួយថ្មទំហំ 4,025mAh និងអាចសាកថ្មបានរហ័ស ជាមួយកម្លាំងសាក 30W ហើយក៏នៅរក្សារន្ធដោតកាស 3.5mm ថែមទៀតផង។ 

ចំណុចចុងក្រោយនោះ គឺថាសម្រាប់ទូរសព្ទ OPPO K7 5G ថ្មីនេះ មានជម្រើស 5 ពណ៌ យ៉ាងទាក់ទាញ សម្រាប់ជ្រើសរើស រួមានពណ៌ខ្មៅ, ស, ខៀវ, លឿង និងពណ៌ Flow Flame។ យ៉ាងណា OPPO នឹងធ្វើការបញ្ចេញលក់វាជាផ្លូវការ នៅថ្ងៃទី 11 ខែសីហា នាពេលឆាប់ៗខាងមុខនេះ សម្រាប់ទីផ្សារប្រទេសចិនមុនគេ ក្នុងតម្លៃចាប់ពីខ្ទង់ ១ លាន ១៤ ម៉ឺនរៀល ឬប្រហាក់ប្រហែល 286 ដុល្លារឡើងទៅ។ 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង