ប្រទះឃើញ Case របស់ Xiaomi Mi 10 Pro+ បង្ហាញថាវាមានទម្រង់កាមេរ៉ាធំជាង S20 Ultra ទៅទៀត​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងសង្កេតឃើញថា ព័ត៌មានបែកធ្លាយទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ Xiaomi Mi 10 Pro+ ត្រូវបានលេចឡើងមកជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីពេលថ្មីនេះ យើងបានប្រទះឃើញរូបភាព Screenshot របស់កម្មវិធី Geekbench មួយសន្លឹក ដែលបង្ហាញឲ្យយើងបានដឹងថា Xiaomi Mi 10 Pro+ អាចនឹងបំពាក់មកជាមួយបន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី Snapdragon 865+។

ជាងនេះទៅទៀត កាលពីព្រឹកមិញនេះ យើងទទួលបានដំណឹងថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា ទូរសព្ទឆ្លាតលំដាប់កំពូល Xiaomi Mi 10 Pro+ អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍អនឡាញពិសេសមួយរបស់ Xiaomi ដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2020 ខាងមុខនេះ។ លើសពីនេះ កាលពីពេលអម្បាញ់មិញនេះ តាមរយៈគណនីបណ្តាញសង្គម Weibo មួយមានឈ្មោះថា Luka យើងក៏បានប្រទះឃើញរូបភាពស្រោមការពារ (Case) របស់ Xiaomi Mi 10 Pro+ ថែមទៀតផង។ តាមរយៈរូបភាព Case ដែលបានបែកធ្លាយមួយនេះ បានបង្ហាញឲ្យយើងដឹងថា Xiaomi Mi 10 Pro+ នឹងភ្ជាប់មកជាមួយទម្រង់កាមេរ៉ាក្រោយរាងមានរាងជាចតុកោណកែង។ អ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនោះគឹថាទម្រង់កាមេរ៉ាក្រោយរបស់ Xiaomi Mi 10 Pro+ គឺមានទំហំធំជាងទម្រង់កាមេរ៉ាក្រោយរបស់ Galaxy S20 Ultra ទៅទៀត ធំយកតែមែនទែនតែម្តង។ 

មិនទាន់អស់នោះទេ តាមរយៈរូបភាព Case ដដែលនេះ ក៏បានបញ្ជាក់ឲ្យយើងដឹងបន្ថែមទៀតថា កាមេរ៉ាក្រោយរបស់ Xiaomi Mi 10 Pro+ នឹងភ្ជាប់មកជាមួយមុខងារមួយមានឈ្មោះថា Infinity Zoom ដែលមានសមត្ថភាពពង្រីកដល់ទៅ 100 ដងឯណោះ។ ក្រៅពីលក្ខណៈសម្បត្តិដែលយើងបានរៀបរាប់ទាំងអស់នេះ Xiaomi Mi 10 Pro+ ក៏ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនមកជាមួយបន្ទះបង្ហាញដែលមានអេក្រង់ Refresh Rate 120Hz និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំងដល់ទៅ 120W និងមុខងារគ្រប់គ្រង GPU ដែលត្រូវបានសហការបង្កើតឡើងជាមួយ Qualcomm ថែមទៀតផង។

ដោយ​ ៖ Weibo
អត្ថបទទាក់ទង