បញ្ជីបែកធ្លាយមួយបង្ហាញថា Redmi Note 8 Series នឹងមិនអាចធ្វើការអាប់ដេតទៅកាន់ Android 11 នោះទេ​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

ខណៈដែល Xiaomi កំពុងចាប់ផ្តើមធ្វើការទម្លាក់កំណែអាប់ដេត MIUI 12 ជំនាន់ផ្លូវការ សម្រាប់ទូរសព្ទឆ្លាតម៉ូឌែល Redmi Note 9 របស់ខ្លូន ទៅតាមតំបន់នីមួយៗរួចមក ស្រាប់តែថ្ងៃនេះ យើងទទួលបានដំណឹងគួរឲ្យសោកស្តាយមួយ ចំពោះអ្នកប្រើប្រាស់ទូរសព្ទឆ្លាតរបស់ Xiaomi ទាំងត្រកូល Redmi ផងដែរនោះ ដែលទំនងជាមិនអាចស្គាល់រសជាតិ នៃប្រព័ន្ធប្រតិបតិ្តការជំនាន់ថ្មី Android 11 នៅពេលដែល Google បញ្ចេញជាផ្លូវការនោះទេ។ 

ជាក់ស្តែង ស្របពេលនឹងការបង្ហោះឡើង នៃតារាងឈ្មោះផ្លូវការ បញ្ជាក់ពីម៉ូឌែលទូរសព្ទឆ្លាតរបស់ Xiaomi ដែលអាចត្រៀមតម្លើងទៅកាន់ Android 11 ផ្អែកដោយស្បែក MIUI 12 ជំនាន់ថ្មីនោះ ស្រាប់តែខាងគេហទំព័រ XiaomiToday ប្រចាំប្រទេសអ៊ីតាលី បានបង្ហាញរូបភាពមួយសន្លឹក ដោយក្នុងនោះបញ្ជាក់ឲ្យដឹងពីឈ្មោះម៉ូឌែលទូរសព្ទជាច្រើនរបស់ Xiaomi ត្រូវបានបញ្ជាក់ថា នឹងមានសិទ្ធិទទួលបានកំណែអាប់ដេត ប្រព័ន្ធប្រតិបតិ្តជំនាន់ក្រោយរបស់ Google ខណៈម៉ូឌែលមួយចំនួនតូច ទំនងជាមិនអាចប្រើប្រាស់ Android 11 បាននោះទេ។ តួយ៉ាង ដូចបានឃើញក្នុងរូបភាពខាងក្រោមហើយថា រួមមានដូចជាទូរសព្ទ Mi CC 9e, Redmi Note 8 Pro, Redmi Note 8T, Redmi Note 8, Redmi Note 7 Pro, Redmi Note 7/7S, Redmi 8, Redmi 8A Dual, Redmi 8A, Xiaomi Mi Mix 3 5G និង Mi Mix Alpha ជាដើម។

គួរឲ្យបញ្ជាក់ផងដែរថា តារាងឈ្មោះរបស់ម៉ូឌែលមួយចំនួន ដែលមិនអាចធ្វើការអាប់ដេតទៅកាន់ Android 11 នាពេលខាងមុខនោះ គឺមិនទាន់មានការទទួលស្គាល់ផ្លូវការចេញពីក្រុមហ៊ុន Xiaomi ផ្ទាល់នៅឡើយទេ វាគ្រាន់តែជាដំណឹងលេចធ្លាយមុនប៉ុណ្ណោះ។ យ៉ាងណាមិញ បើដូច្នេះមែន វាពិតជារឿងគួរឲ្យសោកស្តាយបំផុតមួយ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ ដែលបានរៀបរាប់ខាងលើ ជាពិសេស គឺម៉ូឌែល Redmi Note 8 Series តែម្តង ដែលមានការគាំទ្រ គួរឲ្យកត់សម្គាល់ ក្រោយពីបានប្រកាសចេញ នៅលើទីផ្សារជាង 1 ឆ្នាំមក។ 

ដោយ​ ៖ Xiaomitoday
អត្ថបទទាក់ទង