Apple ទំនងជាបែងចែកការដាក់លក់ iPhone 12 Series ជា 2 ដំណាក់កាល​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ខែមុន SHARE

 

ប៉ុន្មានថ្ងៃមុននេះ យើងឃើញថា Apple បានចេញមុខបង្ហាញដោយផ្ទាល់ថា ឆ្នាំនេះការដាក់លក់ iPhone 12 Series នឹងមានការពន្យាពេលខុសពីរាល់ឆ្នាំ ពោលគឺគេបានបញ្ជាក់ថា ការដាក់លក់នោះ អាចនឹងមកដល់នៅខ្ទង់ 2 ទៅ 3 សប្តាហ៍បន្ទាប់ទៀត បើធៀបនឹងពេលវេលាដាក់លក់លើកមុន។ ដោយឡែក ក្រោយមកយើងក៏ទទួលបានដំណឹងថ្មីមួយ ដែលបញ្ជាក់ថា Apple ទំនងជាប្រកាសចេញ iPhone 12 Series នៅដើមខែតុលា ហើយអាចនឹងដាក់លក់នៅចុងខែនោះតែម្ដង ខណៈពេលវិញ យើងទទួលបានដំណឹងបន្ថែមទៀត ទាក់ទងនឹងការដាក់លក់របស់ Apple នោះ។

បើតាមរបាយការណ៍ថ្មី ចេញពីប្រភពមួយឈ្មោះថា DigiTimes បានបង្ហាញឲ្យដឹងថា Apple អាចនឹងបែងចែកពេលវេលា ដាក់លក់របស់ខ្សែស្រឡាយ iPhone 12 ជា 2 ផ្នែក និយាយឲ្យចំទៅ គឺបញ្ជាក់ថា ម៉ូឌែលដែលមានអេក្រង់ទំហំ 6.1 អ៊ីញទាំងពីរម៉ូឌែល អាចនឹងត្រូវបានគេដាក់លក់មុន ខណៈពេលដែលម៉ូឌែល មានប្រើប្រាស់អេក្រង់ 6.7 អ៊ីញ និងម៉ូឌែល 5.4 អ៊ីញនោះ អាចនឹងត្រូវគេដាក់លក់តាមក្រោយទៀត ឬអាចហៅបានថា ដាក់លក់ក្នុងដំណាក់កាលទី 2។ គួរបញ្ជាក់ដែរ កន្លងមកនេះ iPhone 12 Series ត្រូវបានគេបង្ហាញថា អាចនឹងមានចំនួន 4 ម៉ូឌែលរួមមានដូចជា iPhone 12 មានអេក្រង់ទំហំ 5.4 អ៊ីញ , iPhone 12 Max ទំហំ 6.1 អ៊ីញ , iPhone 12 Pro ទំហំ 6.1 អ៊ីញ និង iPhone 12 Pro Max ទំហំ 6.7 អ៊ីញនេះឯង ហើយសម្រាប់ម៉ូឌែល iPhone 12 និង iPhone 12 Max ទំនងជានឹងក្លាយជាម៉ូឌែល ដែលមានតម្លៃទាបប្រចាំត្រកូលខាងលើនេះផងដែរ។  

និយាយរួមមកវិញ បើតាមការបង្ហាញរបស់ប្រភពខាងលើនោះ បានធ្វើការបញ្ជាក់ឲ្យដឹងថា iPhone 12 Series អាចនឹងត្រូវ Apple ធ្វើការបែងចែកពេលវេលាដាក់លក់ជា 2 ដំណាក់កាល ដោយដំណាក់កាលទី 1 គេគិតថាជាម៉ូឌែល ដែលមានទំហំអេក្រង់ 6.1 អ៊ីញទាំងពីរនោះតែម្ដង ខណៈពេលដែលដំណាក់កាលទី 2 គឺអាចជាម៉ូឌែលពីរផ្សេងទៀត ក្រៅពីនោះហ្នឹងឯង។ យ៉ាងណាក៏ដោយ យើងនៅតែមិនទាន់ប្រាកដដដែល ទាក់ទងនឹងដំណឹងខាងលើនេះ ព្រោះថាមិនមែនជាការបង្ហាញរបស់ Apple ឡើយ ដូច្នេះហើយ ដើម្បីច្បាស់ជាងនេះ គឺមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ។

ដោយ​ ៖ Mac Rumors
អត្ថបទទាក់ទង