ទាំងនេះជារូបភាពគម្រូរបស់ទូរសព្ទឆ្លាត Huawei Mate 40 និង Mate 40 Pro​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា កាលពីសប្តាហ៍មុននេះ យើងទទួលបានរូបភាពគម្រូដំបូងរបស់ទូរសព្ទឆ្លាតលំដាប់កំពូល Huawei Mate 40 Pro ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ OnLeaks យើងក៏ទទួលបានរូបភាពគម្រូរបស់ Huawei Mate 40 និង Mate 40 Pro ជាច្រើនបន្ថែមទៀត

ជាដំបូងតាមរយៈរូបភាពគម្រូថ្មីទាំងអស់នេះ បានបង្ហាញឲ្យយើងដឹងថា Huawei Mate 40 មានរចនាបថផ្នែកខាងមុខស្រដៀងគ្នា Huawei P40 អញ្ចឹងដែរ ដោយវានឹងបំពាក់មកជាមួយអេក្រង់លាត ក៏ដូចជាមានលេនទម្លុះអេក្រង់រាងគ្រាប់ថ្នាំទ្រវែង ស្ថិតនៅជ្រុងខាងឆ្វេងក្បែរគែមអេក្រង់ផ្នែកខាងលើ។ ប៉ុន្តែយើងសង្កេតឃើញថា អេក្រង់របស់ Huawei Mate 40 មានលក្ខណៈរាងកោងបន្តិច ខណៈដែល Huawei P40 មានអេក្រង់រាបស្មើ។ ជាងនេះទៅទៀត វាក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា រចនាបថផ្នែកខាងក្រោយរបស់ Huawei Mate 40 ក៏មានលក្ខណៈស្រដៀងគ្នាទៅនឹង Huawei Mate 30 ផងដែរ ដោយវានឹងភ្ជាប់មកជាមួយកាណុងកាមេរ៉ាធំមួយមានរាងមូល ស្ថិតនៅចំកណ្តាលក្បែរផ្នែកខាងលើ ផ្ទុកកាមេរ៉ាសរុបចំនួន 4 គ្រាប់ និងអមមកជាមួយភ្លើង LED Flash រាងទ្រវែងមួយស្ថិតនៅផ្នែកខាងឆ្វេងនៃកាណុងកាមេរ៉ាផងដែរ។

បើសង្កេតមើលទៅរូបភាពគម្រូរបស់ Huawei Mate 40 Pro វិញម្តង បានបង្ហាញឲ្យយើងដឹងថា  Huawei Mate 40 Pro នឹងមិនប្រើអេក្រង់លាតកោង (Quad-Curve Overflow Display) ដូចទៅនឹង Huawei P40 Pro នោះទេ ប៉ុន្តែជំនួសមកវិញ វានឹងបំពាក់មកជាមួយអេក្រង់លាតកោងបែបទឹកធ្លាក់ (Waterfall Display) ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងអេក្រង់របស់ Huawei Mate 30 Pro អញ្ចឹងដែរ ប៉ុន្តែវាមាលក្ខណៈកោងខ្លាំងជាង។ លើសពីនេះ វាក៏បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា Huawei Mate 40 Pro នឹងភ្ជាប់មកជាមួយលេនទម្លុះអេក្រង់រាងគ្រាប់ថ្នាំទ្រវែង ស្ថិតនៅជ្រុងខាងឆ្វេងក្បែរគែមអេក្រង់ផ្នែកខាងលើ ដូចទៅនឹង Huawei Mate 40 អញ្ចឹងដែរ។ មិនទាន់អស់នោះទេ តាមរយៈរូបភាពគម្រូដដែលនេះ ក៏បានបញ្ជាក់ឲ្យយើងដឹងថា Huawei Mate 40 Pro នឹងបំពាក់មកជាមួយកាណុងកាមេរ៉ាធំមួយមានរាងមូល ស្ថិតនៅចំកណ្តាលក្បែរផ្នែកខាងលើ ផ្ទុកកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមានមួយគ្រាប់គឺជាលេនពង្រីក Periscope ហើយវាត្រូវបានគេរំពឹងថាមានសមត្ថភាពអាច Zoom បាន 50 ដង ផងដែរ។ អញ្ចឹងសរុបមកវិញនេះ ទាំងនេះជារូបភាពគម្រូដែលបង្ហាញឲ្យយើងបានឃើញពីរចនាបថរូបរាងខាងក្រៅរបស់ Huawei Mate 40 និង Mate 40 Pro ខណៈដែលលក្ខណៈសម្បត្តិពិសេសៗរបស់ពួកវាអាចនឹងត្រូវលេចឡើងមកតាមក្រោយនាពេលខាងមុខនេះ ដូច្នេះកុំភ្លេចរង់ចាំតាមដានជាមួយក្រុមការងាររបស់យើងជាបន្តទៀត។

ដោយ​ ៖ OnLeaks
អត្ថបទទាក់ទង