Apple បាននាំមុខគេលើការនាំចេញថេប្លេតទៅកាន់ទីផ្សារសកល ក្នុងត្រីមាសទី 2 ឆ្នាំ 2020 កន្លងទៅនេះ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

យើងបានដឹងហើយថា Apple គឺជាម៉ាកយីហោនៃថេប្លេត (iPad) ដែលទទួលបានជោគជ័យបំផុតមួយ នៅលើទីផ្សារសកលលោក ហើយបើយោងតាមទិន្នន័យទីផ្សារចុងក្រោយ បានបង្ហាញថាក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានក្លាយជាយីហោ ធំបំផុតលំដាប់លេខ 1 នៅលើពិភពលោក ក្នុងការនាំចេញ Tablet របស់ខ្លួន នាត្រីមាសទី 2 ក្នុងឆ្នាំ 2020 នេះទៀតផង។

ជាការពិតណាស់ បើយោងទៅតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys PC Market បានប្រាប់ឲ្យដឹងថាក្រុមហ៊ុន Apple បាននាំចេញថេប្លេតចំនួនជាង 14.2 លានគ្រឿងនៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ ដោយក្ដោបក្តាប់បានចំណែកទីផ្សារដល់ទៅ 38 ភាគរយ នៃចំណែកទីផ្សារថេប្លេត ទាំងអស់នៅទូទាំងសកលលោក។ ជាក់ស្ដែង ចំណែកទីផ្សាររបស់ Apple បានកើនឡើងចំនួន 19.8 ភាគរយ បើប្រៀបធៀប នឹងត្រីមាសទី 2 ឆ្នាំ 2019 កន្លងទៅ។ ដោយឡែក សម្រាប់ក្រុមហ៊ុន Samsung គឺស្ថិតនៅតំណែងលេខ 2 ដោយបាននាំចេញថេប្លេតរបស់ខ្លួនបានចំនួន 7.02 លានគ្រឿង និងគ្រប់គ្រងចំណែកទីផ្សារបានចំនួន 18.7 ភាគរយ នៅក្នុងត្រីមាសទី 2 ឆ្នាំដូចគ្នានេះ។ ចំណែកឯ ក្រុមហ៊ុន Huawei គឺជាយីហោធំលំដាប់ទី 3 ដោយបាននាំចេញថេប្លេតចំនួន 4.7 លានគ្រឿង ជាមួយការគ្រប់គ្រងចំណែកទីផ្សារបានចំនួន 12.7 ភាគរយផងដែរ។ មិនតែប៉ុណ្ណោះ ចំណែកទីផ្សាររបស់ក្រុមហ៊ុនចិនមួយនេះ បានកើនឡើងដល់ 44.5 ភាគរយ បើធៀបនឹងភាគរយការនាំចេញ ក្នុងត្រីមាសទី 2 ឆ្នាំមុន។

ដោយឡែក សម្រាប់ក្រុមហ៊ុន Amazon គឺស្ថិតនៅតំណែងលេខ 4 ដោយបានធ្វើការនាំចេញថេប្លេត របស់ខ្លួនបានចំនួនជាង 3.16 លានគ្រឿង និងគ្រប់គ្រងចំណែកទីផ្សារបាន 8.4 ភាគរយ នៅក្នុងត្រីមាសដូចគ្នានេះ។ ជាចុងក្រោយ ឃើញថាថេប្លេតសរុបចំនួន 37.5 លានគ្រឿង ត្រូវបាននាំចេញទៅកាន់ទីផ្សារសកល ក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ ដែលកើនឡើងចំនួន 26.1 បើធៀបនឹងត្រីមាសទី 2 ក្នុងឆ្នាំ 2019។ សរុបមកវិញ យើងសង្កេតឃើញថា ការនាំចេញថេប្លេតទៅកាន់ទីផ្សារសកល នៅតែមានការកើនឡើង ទោះបីជាបានជួបនឹងបញ្ហាជំងឺឆ្លង COVID-19 យ៉ាងណាក៏ដោយ។

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង