Google បានបញ្ជាក់ច្បាស់ហើយថា ពួកគេនឹងនាំយក Pixel 5 និង Pixel 4a 5G ចូលទីផ្សារនៅចុងឆ្នាំនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ខែមុន SHARE

 

កាលពីម្សិលមិញ យើងទទួលបានដំណឹងលេចធ្លាយមួយ ចេញពីអ្នកចែកចាយដំណឹងលេចធ្លាយម្នាក់ នៅតាមបណ្ដាញសង្គម Twitter ដោយគេបានបង្ហាញថា Google មានគម្រោងក្នុងការប្រកាសចេញ ទូរសព្ទឆ្លាតចំនួន 2 ម៉ូឌែលទៀតរួមមាន Pixel 5 និង Pixel 4a 5G នៅចុងឆ្នាំនេះ។ ដោយឡែក នៅក្នុងពេលដែល Google ប្រកាសចេញ Pixe 4a នោះ គេក៏បានធ្វើការបង្ហាញប្រាប់បន្ថែមដែរ និយាយឲ្យចំទៅ ការបង្ហាញរបស់ Google គឺដូចគ្នានឹងការបង្ហាញចេញ ពីសំណាក់អ្នកចែកចាយដំណឹងលេចធ្លាយនោះដែរ ដោយគេបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនកំពុងធ្វើការទៅលើ Pixel 5 និង Pixel 4a 5G មែន។

ជាការពិតណាស់ បើតាមការបង្ហាញចេញពី Google ផ្ទាល់នៅក្នុងពេលនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា ពួកគេនឹងដាក់លក់ Pixel 5 និង Pixel 4a 5G នៅចុងឆ្នាំនេះ (ក្នុងអំឡុងខែកញ្ញាដល់ខែធ្នូ) ហើយក្នុងនោះដែរ គេក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា សម្រាប់ Pixel 4 នឹងមានតម្លៃចាប់ផ្តើមពី ២ លានរៀល ឬ 499 ដុល្លារឡើងទៅផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនខាងលើ ក៏បានបន្ថែមទៀត ទូរសព្ទឆ្លាតទាំងពីរម៉ូឌែលខាងលើ គឺសុទ្ធតែជាម៉ូឌែល 5G ទាំងអស់តែម្ដង ប៉ុន្តែនៅក្នុងនោះ គេនៅតែមិនទាន់ឲ្យយើងឃើញ ពីរូបរាងពេញលេញរបស់វាទាំងពីរដដែល ហើយបើតាមមើលទៅលើរូបភាពខាងលើ ឬខាងក្រោមនោះ យើងឃើញទម្រង់កាមេរ៉ារបស់វា មានលក្ខណៈធំជាង Pixel 4a ដូច្នេះវាអាចនឹងមានលេនកាមេរ៉ាចំនួន 2 គ្រាប់ ទាំងនៅលើ Pixel 5 និង Pixel 4a 5G។ យ៉ាងណាក៏ដោយ សម្រាប់ Pixel 4a 5G វាអាចនឹងមានរូបរាងស្រដៀងគ្នាច្រើន ជាមួយ Pixel 4a ដែលទើបប្រកាសចេញនេះ ប៉ុន្តែចំណុចសំខាន់ដែលខុសគ្នានោះ គឺថាវានឹងមានអេក្រង់ធំជាង ក៏ដូចជាមានថាមពលថ្មធំជាងហ្នឹងឯង។

សម្រាប់ Pixel 5 វិញ (ជាម៉ូឌែលដែលមានទំហំតូច ក្នុងរូបខាងលើ) ត្រូវបានគេរំពឹងថា វាអាចនឹងមានភ្ជាប់មកជាមួយឈីប Snapdragon 765G ហើយសម្រាប់លក្ខណៈសម្បត្តិផ្សេងទៀត វាអាចនឹងមានលក្ខណៈស្រដៀងគ្នានឹង Pixel 4a ដែរ ជាក់ស្ដែងដូចជា មានលេនទំលុះអេក្រង់ហ្នឹងឯង ប៉ុន្តែចំណុចខុសគ្នាសំខាន់នោះគឺថា វាត្រូវបានធ្វើឡើងឲ្យមានលក្ខណៈ Premium, មានអាវក្រោះការពារទឹក, សាកថ្មឥតខ្សែ ក៏ដូចជាអាចផ្ទេរថាមពលថ្ម ទៅឲ្យឧបករណ៍ផ្សេងទៀតបាន ដោយមិនប្រើខ្សែទៀតផង។ គួរបញ្ជាក់ដែរថា សម្រាប់តម្លៃរបស់ Pixel 5 គឺ Google មិនទាន់បានប្រាប់នោះទេ ប៉ុន្តែវាអាចនឹងមិនថ្លៃជាង 499 ដុល្លារនោះប៉ុន្មាននោះទេ ហើយក្រុមហ៊ុននេះ ក៏បានបញ្ជាក់ដែរថា ទាំង Pixel 4a 5G និង Pixel 5 គឺមានតែនៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង