vivo S7 5G ចេញជាផ្លូវការ ប្រើឈីប Snapdragon 765G និងមានកាមេរ៉ាមុខទំហំ 44MP​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

ក្រោយពីទទួលបានព័ត៌មានបែកធ្លាយជាច្រើនកន្លងមកនេះ ទីបំផុត ក្រុមហ៊ុន vivo បានប្រកាសចេញនូវទូរសព្ទឆ្លាតត្រកូល S ជំនាន់ថ្មីរបស់ខ្លូន គឺ vivo S7 5G ជាផ្លូវការហើយ តាមពេលវេលាដែលបានកំណត់។ យ៉ាងណា យើងជឿជាក់ថាប្រិយមិត្តអ្នកអាន ក៏ប្រហែលជាចង់ដឹងដូចគ្នាថាទូរសព្ទជំនាន់ថ្មីនេះ មានការផ្លាស់ប្តូររចនាបថរូបរាង និងអាប់ដេតលក្ខណៈសម្បត្តិអ្វីខ្លះ បើធៀបជាមួយ vivo S6 5G បានចេញកាលពីជាង 4 ខែមុន? 

ពិតមែនណាស់ លើកនេះ vivo S7 ត្រូវបានរចនាមកជាមួយរូបរាងកាន់តែកាលីប និងទាន់សម័យ ជាពិសេស មានតម្លើងកាណុងកាមេរ៉ាខាងក្រោយ ស្រដៀងទៅនឹងម៉ូឌែលលំដាប់កំពូល vivo X50 Pro តែម្តង។ សម្រាប់ផ្នែកខាងមុខ នៃទូរសព្ទនេះវិញ មិនមែនជាអេក្រង់លាតធម្មតាទៀតទេ ដោយវាបានប្តូរមកជាម៉ូតឆកធំជាងមុន ដើម្បីបន្ថែមសេនស័រកាមេរ៉ាមុខមួយគ្រាប់ទៀត។ ចំពោះ vivo S7 ទទួលបានអេក្រង់ធំទំហំ 6.44 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ឬ 2400 x 1080 ភិចសែល និងអាចគាំទ្របច្ចេកវិទ្យា HDR ព្រមទាំងបានបំពាក់សេនស័រស្កេនម្រាមដៃក្រោមអេក្រង់ផងដែរ។ 

ចូលមកដល់ចំណុចសំខាន់បំផុត អំពីទូរសព្ទនេះ គឺវាបានភ្ជាប់មកជាមួយកាមេរ៉ាខាងមុខ ចំនួន 2 គ្រាប់ មានលេនគោល ទំហំ 44MP និងលេនទូលាយ ទំហំ 8MP ផ្តល់ឲ្យការថតមុខខ្លួនឯង កាន់តែពេញចិត្ត និងអាចថតវីដេអូបានក្នុងកម្រិត 4K 60FPS។ ចំណែកទៅលើលេនខាងក្រោយ ទាំង 3 គ្រាប់នោះវិញ មានទំហំ 64MP ជាកាមេរ៉ាគោល + 8MP ជាសេនស័រ Ultra-Wide អាចថតប្លង់ទូលាយបាន 120 ដឺក្រេ និងមួយគ្រាប់ទៀតមានទំហំ 2MP។ មិនតែប៉ុណ្ណោះ vivo S7 ក៏មានមុខងារ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការថតរូបបានទាំងកាមេរ៉ាមុខ និងក្រោយ ក្នុងពេលតែមួយ បូករួមជាមួយមុខងារថតវីដេអូ Vlog និងរបៀបកែសម្រួលវីដេអូ ដែល vivo អះអាងថា នឹងមានភាពងាយស្រួលជាងការកែរូបភាពទៀតផង។  

ទូរសព្ទ vivo S7 5G ប្រើប្រាស់បន្ទះឈីប Snapdragon 765G មានបំពាក់ RAM ទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុង មានទំហំ 128GB/256GB។ វាដំណើការដោយ Android 10 ចេញពីប្រអប់ស្រាប់ និងបំពាក់ថាមពលថ្មទំហំ 4,000mAh ថែមទាំងអាចទ្រទ្រង់ការសាកថ្មលឿន ដល់កម្លាំង 33W ផងដែរ។ សម្រាប់ vivo S7 ថ្មីនេះ មានទម្ងន់ស្រាល ត្រឹម 170 ក្រាម និងកម្រាស់ 7.39mm ប៉ុណ្ណោះ ក៏ដូចជាអាចជ្រើសរើសពណ៌បាន 3 រួមមានពណ៌ស, ខ្មៅ និងពណ៌ខៀវបែកស្វាយ ឬគេហៅថាពណ៌បែប Gradient Color។ ជាចុងក្រោយ វានឹងចេញលក់ជាផ្លូវការ នៅថ្ងៃទី 8 ខែសីហាឆាប់ៗខាងមុខ ជាមួយតម្លៃខុសគ្នា ទៅតាមជម្រើសទំហំផ្ទុក 8/128GB មានតម្លៃខ្ទង់ ១ លាន ៦០ ម៉ឺនរៀល (400 ដុល្លារ) និងតម្លៃខ្ទង់ ១ លាន ៧៧ ម៉ឺនរៀល (443 ដុល្លារ) សម្រាប់ជម្រើសអង្គផ្ទុកទិន្នន័យ 256GB។ យ៉ាងណា vivo មិនទាន់បង្ហើបទេថា វាគួរតែអាចនឹងបង្ហាញវត្តមានលើទីផ្សារសកល នៅពេលណាឲ្យច្បាស់នោះដែរទេ។

ដោយ​ ៖ Gadgets 360
អត្ថបទទាក់ទង