ទូរទស្សន៍ TCL ម៉ូឌែល 6-Series ជំនាន់ក្រោយ នឹងមានមុខងារ Game Mode ទទួលស្គាល់ដោយ THX​
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

កាលពីដើមឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន TCL បានប្រកាសជាផ្លូវការថា មុខងារ Game Mode ដែលត្រូវបានទទួលស្គាល់ដោយ THX នឹងមានបង្ហាញខ្លួនជាមួយ ទូរទស្សន៍ជំនាន់ក្រោយៗរបស់ពួកគេ នៅឯព្រឹត្តិការណ៍ដ៏ធំ CES ផងដែរ។ ហេតុដូច្នេះហើយ រហូតមកដល់ពេលថ្មីៗនេះ TCL ទើបបានបង្ហើបម្ដងទៀតថា ទូរទស្សន៍ឆ្លាតវៃក្រោមត្រកូល 6-Series ស៊េរីថ្មី កំពុងគ្រោងដាក់បង្ហាញនៅពេលខាងមុខនេះ នឹងមានបំពាក់មុខងារពិសេសនោះ ទុកសម្រាប់នៅពេលលេងហ្គេមតែម្ដង។

នេះគឺមានន័យថា ទូរទស្សន៍ម៉ូឌែល 6-Series ជំនាន់ក្រោយរបស់ TCL នឹងអាចធ្វើការដាក់បង្ហាញរូបភាព បានរហូតដល់កម្រិត 4K UHD ក្នុងល្បឿន Refresh Rate កម្រិត 120Hz ឯណោះ ដែលធ្វើឲ្យវាស័ក្តិសមបំផុត សម្រាប់ការតភ្ជាប់ជាមួយម៉ាស៊ីនហ្គេម Xbox Series X និង PlayStation 5 នៅពេលពួកវាចេញលក់លើទីផ្សារ ក្នុងពេលខាងមុខនេះដែរ។ ចំណែកឯមុខងារ Game Mode ទទួលស្គាល់ដោយ THX (THX Certified Game Mode) គឺអាចកំណត់កម្រិតពណ៌ របស់ហ្គេមនីមួយៗឲ្យកាន់តែត្រឹមត្រូវ និងធ្វើឲ្យកាន់តែរស់រវើក ហើយនៅពេលឈុតងងឹត វាជួយដំឡើងពន្លឺ រីឯនៅពេលឈុតភ្លឺពេក វាជួយទម្លាក់ពន្លឺជាដើម។ សម្រាប់ទូរទស្សន៍ទាំងអស់ ដែលមានបំពាក់បច្ចេកវិទ្យា THX Certified Game Mode នឹងបើកដំណើរការដោយស្វ័យប្រវត្តិតែម្ដង នៅពេលយើងដោតតភ្ជាប់ម៉ាស៊ីនហ្គេម ឬ កុំព្យូទ័រ PC នានា ដែលមានកម្លាំងខ្លាំងអាច Support ជាមួយវាបាន។

ទោះបីជាយ៉ាងណាក្ដី នាពេលបច្ចុប្បន្ននេះ TCL មិនទាន់បានប្រាប់អំពីតម្លៃ ក៏ដូចជាកាលបរិច្ឆេទប្រកាសចេញ ទូរទស្សន៍ម៉ូឌែល 6-Series ស៊េរីថ្មីនោះនៅឡើយទេ ដោយមានគេរំពឹងទុកថា អាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅប៉ុន្មានខែខាងមុខនេះហើយ។ ប្រសិនបើក្រុមហ៊ុន TCL អាចផ្ដល់ជូននូវសមត្ថភាព ដូចបានអះអាងខាងលើនេះមែន ដូច្នេះវាប្រាកដជាទូរទស្សន៍ដ៏ល្អមួយ ដើម្បីបញ្ជាលេងហ្គេមនៅលើ Xbox Series X និង PlayStation 5 ជាក់ជាមិនខាន។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង