នេះជារចនាបថផ្នែកខាងមុខរបស់ Galaxy S20 Fan Edition​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

យើងបានដឹងហើយថា កាលពីដើមខែមករា ឆ្នាំ 2020 កន្លងទៅ ក្រុមហ៊ុន Samsung បានសម្រេចចិត្តធ្វើការប្រកាសចេញ Galaxy S10 Lite ជាផ្លូវការ ហើយវាគឺជាទូរសព្ទឆ្លាតដែលបានកើតចេញពីការច្របាច់បញ្ចូលគ្នារវាង Galaxy A71 និង Galaxy S10 ដោយវាមានរចនាបថរូបរាងខាងក្រៅស្រដៀងគ្នាទៅនឹង Galaxy A71 ប៉ុន្តែមានកម្លាំងម៉ាស៊ីនខ្លាំងប្រហែលទៅនឹង Galaxy S10 អញ្ចឹងដែរ។

ជុំវិញរឿងរ៉ាងខាងលើនេះដែរ យើងក៏ធ្លាប់ទទួលបានរបាយការណ៍ជាច្រើនរាយការណ៍មកថា ខណៈពេលនេះ Samsung កំពុងតែសម្ងំអភិវឌ្ឍទូរសព្ទឆ្លាតថ្មីមួយម៉ូឌែលផ្សេងទៀត ដែលនឹងត្រូវចូលមកបន្តតំណែងរបស់ Galaxy S10 Lite ហើយវានឹងមានឈ្មោះជាផ្លូវការថា Galaxy S20 FE (Fan Editon)។ បន្ទាប់ពីទទួលបានដំណឹងទាក់ទងទៅនឹង Galaxy S20 FE ជាច្រើនហូរហែលរួចមក ទីបំផុតនៅក្នុងថ្ងៃនេះ រូបភាពគម្រូរបស់វាត្រូវបានលេចឡើងមកតាមរយៈគណនីបណ្តាញសង្គមរបស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយ Evan Blass ហើយ។ តាមរយៈរូបភាពគម្រូមួយនេះ បានបង្ហាញឲ្យយើងដឹងថារចនាបថផ្នែកខាងមុខរបស់ Galaxy S20 FE មានលក្ខណៈស្រដៀងគ្នាទៅនឹង Galaxy S20 អញ្ចឹងដែរ ដោយវាភ្ជាប់មកជាមួយផ្ទាំង Wallpaper និងលេនទម្លុះអេក្រង់មួយគ្រាប់ស្ថិតនៅចំកណ្តាលក្បែរគែមអេក្រង់ផ្នែកខាងលើ។ 

អ្វីដែលខុសគ្នានោះគឺថា Galaxy S20 FE បានបំពាក់មកជាមួយអេក្រង់លាតស្មើ ខណៈដែល Galaxy S20 បានបំពាក់មកជាមួយអេក្រង់លាតកោង។ ជាងនេះទៅទៀត តាមរយៈរូបភាពគម្រូដដែលនេះ ក៏បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា Galaxy S20 FE នៅមានសល់គែមអេក្រង់ជំជាង Galaxy S20 គួរឲ្យកត់សម្គាល់។ លើសពីនេះ វាក៏ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនមកជាមួយអេក្រង់ 6.7 អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ជាមួយអេក្រង់ Refresh Rate 120Hz, ថ្ម 4,500mAh និងបន្ទះឈីប Snapdragon 865 អាចគាំទ្របច្ចេកវិទ្យា 5G ក៏ដូចជាមានកាមេរ៉ាក្រោយ 3 គ្រាប់ ស្រដៀងគ្នាទៅនឹង Galaxy S20 ថែមទៀតផង។ 

ដោយ​ ៖ Evan Blass
អត្ថបទទាក់ទង