Pixel 4a ចេញផ្លូវការ មានរូបរាងប្លែកពីឆ្នាំមុន និងមានតម្លៃប្រមាណជា ១ លាន ៤០ ម៉ឺនរៀល ឬ 349 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

តាំងពីយូរមកហើយ ដែលយើងទទួលបានព័ត៌មានជាច្រើន បង្ហាញពីលក្ខណៈសម្បត្តិរបស់ Google Pixel 4a ហើយលើសពីនេះ យើងក៏ធ្លាប់បានឮពីពេលវេលាប្រកាសចេញរបស់វា ជាច្រើនដងដែរ ប៉ុន្តែច្រើនលើកច្រើនសារ គម្រោងប្រកាសចេញនោះ ត្រូវបានគេពន្យាពេលជារឿយៗ ទើបតែពេលនេះ Google ក៏បានប្រកាសចេញទូរសព្ទលំដាប់ថវិកាខាងលើជាផ្លូវការ។ ពិតណាស់ Pixel 4a បានបង្ហាញខ្លួនផ្លូវការហើយ ប៉ុន្តែវាដូចមិនសូវប្លែកទៀតនោះទេ ព្រោះថារូបរាង និងលក្ខណៈសម្បត្តិទាំងនោះ គឺភាគច្រើនដូចគ្នាជាមួយ ដំណឹងលេចធ្លាយកន្លងមកដែរ។

មិនខុសទេ សម្រាប់រូបរាងរបស់ Pixel 4a លើកនេះ គឺប្លែកជាងឆ្នាំមុនច្រើន (Pixel 3a) ដោយនៅរចនាបថខាងក្រោយ យើងឃើញថាមានកញ្ចប់កាមេរ៉ារាងការ៉េ ប៉ុន្តែមានកាមេរ៉ាមួយគ្រាប់ប៉ុណ្ណោះ ជាមួយគ្នានឹង Flash LED នៅខាងលើនោះ ហើយនៅខាងក្រោមនោះបន្តិច យើងក៏ឃើញមានសេនស័រស្កេនស្នាមម្រាមដៃផងដែរ។ សម្រាប់ផ្នែកខាងមុខវិញ គឺកាន់តែប្លែកពីត្រកូល Pixel រាល់ដងទៀត ព្រោះថាវាបានប្រើប្រាស់អេក្រង់លាត ហើយទីបំផុតក៏ដាច់ចិត្តប្រើប្រាស់លេនទំលុះអេក្រង់មួយគ្រាប់ នៅខាងលើផ្នែកខាងឆ្វេងនៃអេក្រង់នោះ។ ដូចដំណឹងកន្លងមកអញ្ចឹង Pixel 4a បានបំពាក់មកជាមួយអេក្រង់ទំហំ 5.81 អ៊ីញ ប្រភេទ OLED ដែលមានកម្រិតបង្ហាញ FHD+ (1080 x 2340 ភិចសែល) ជាមួយដង់ស៊ីតេអេក្រង់ 443 PPI ហើយអេក្រង់នោះ ក៏មានកម្រិតសមាមាត្រ 19.5:9 ថែមទាំងការពារដោយកញ្ចក់ Gorilla Glass 3 ប៉ុណ្ណោះ។ ទៅលើផ្នែកកាមេរ៉ាវិញ វាមានចំនួនពីរគ្រាប់ បើគិតបញ្ចូលទាំងមុខនឹងក្រោយ ដោយនៅខាងក្រោយមានមួយគ្រាប់ទំហំ 12.2MP ផ្គត់ផ្គង់ដោយ Sony ជាប្រភេទលេន IMX363 មានភ្ជាប់មកជាមួយបច្ចេកវិទ្យាទប់លំនឹង OIS រួមទាំង EIS ផងដែរ។

ចំណែកឯកាមេរ៉ាមួយគ្រាប់នៅខាងមុខនោះវិញ គឺជាលេនទំហំ 8MP ផ្គត់ផ្គង់ដោយ Sony ដូចគ្នា ប៉ុន្តែជាប្រភេទ IMX355 ហើយវាក៏មានភ្ជាប់មកជាមួយបច្ចេកវិទ្យាទប់លំនឹង EIS ដែរ។ ទៅលើកម្លាំងម៉ាស៊ីនវិញ គឺថាទូរសព្ទឆ្លាតលំដាប់ថវិកាជំនាន់ថ្មីខាងលើ បានប្រើប្រាស់ឈីប Snapdragon 730G ដែលមានជម្រើសរ៉េម និងអង្គផ្ទុកតែមួយប្រភេទប៉ុណ្ណោះគឺ រ៉េមទំហំ 6GB និងអង្គផ្ទុកទំហំ 128GB ប្រភេទ UFS 2.1 មកស្រាប់តែម្ដង។ សម្រាប់ថាមពលថ្មវិញ Pixel 4a បានប្រើប្រាស់ទំហំ 3,140mAh អាចគាំទ្រកម្លាំងសាកថ្មល្បឿនលឿន 18W តាមរយៈរន្ធសាកប្រភេទ USB-C នោះឯង។ ចំណុចពិសេសផ្សេងៗទៀតនោះ គឺថាតួខ្លួន Pixel 4a មានវិមាត្រ 144 x 69.4 x 8.2mm និងមានទម្ងន់ស្រាលត្រឹមតែ 143 ក្រាមតែប៉ុណ្ណោះ លើសពីនេះទៀត វាក៏នៅតែភ្ជាប់មកជាមួយរន្ធដោតកាស ហើយដូចយើងឃើញអញ្ចឹងថា ប៊ូតុង Power របស់វា ក៏មានរំលេចពណ៌បៃតងខ្ចីមើលទៅស្អាតម្យ៉ាងដែរ រីឯជម្រើសពណ៌របស់វា គឺមានតែពណ៌ខ្មៅមួយនឹងប៉ុណ្ណោះ។ ជាមួយលក្ខណៈសម្បត្តិសំខាន់ៗ ដូចបានរៀបរាប់នៅខាងលើនេះ Google បានដាក់លក់វា នៅក្នុងកម្រិតតម្លៃប្រកួតប្រជែងមួយ ពោលគឺខ្ទង់ ១ លាន ៤០ ម៉ឺនរៀល ឬ 349 ដុល្លារ សម្រាប់ទីផ្សារស្រុកគេ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង