ដៃហ្គេម DualShock 4 អាចតភ្ជាប់ជាមួយ PS5 បាន តែមិនអាចបញ្ជាលេងជាមួយហ្គេមរបស់ PS5 នោះទេ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

អ្នកទាំងអស់គ្នាបានឃើញអំពី រូបរាងរបស់ម៉ាស៊ីនហ្គេមជំនាន់ក្រោយ PlayStation 5 និងគ្រឿង Accessories របស់វារួចមកហើយ កាលពីព្រឹត្តិការណ៍ដ៏ធំនៅថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2020 កន្លងទៅនេះ ដោយវាមានលក្ខណៈថ្មីប្លែកពីជំនាន់មុនៗ និងមើលទៅកាន់តែប្រណិត ជាមួយជម្រើសសទាំងអស់តែម្ដង។ មកដល់ពេលថ្មីៗនេះ Sony ក៏បានបញ្ជាក់ជាផ្លូវការថា ដៃហ្គេម DualShock 4 នឹងនៅអាចតភ្ជាប់ជាមួយម៉ាស៊ីនហ្គេម PS5 បានដដែល ដោយឡែក វាគ្រាន់តែមិនអាចយកទៅ លេងជាមួយហ្គេមរបស់ PS5 បានប៉ុណ្ណោះ។

ហេតុដូច្នេះហើយ នេះគឺមានន័យថា ដៃហ្គេម DualShock 4 ដែលមកជាមួយម៉ាស៊ីនហ្គេម PS4 គឺអាចបញ្ជាលេងបានតែហ្គេមរបស់វា ដែលត្រូវបានដាក់ឲ្យលេងនៅលើ PS5 នោះទេ ហើយចំពោះហ្គេមថ្មីៗផលិតឡើងសម្រាប់ PS5 គឺត្រូវការប្រើដៃហ្គេមថ្មី DualSense ជាដាច់ខាត។ ក្រុមហ៊ុន Sony បានអះអាងមកថា ប្រសិនបើចង់បញ្ជាលេងហ្គេមនានារបស់ PS5 គឺត្រូវតែប្រើប្រាស់ដៃហ្គេមថ្មីមួយនោះហើយ ដើម្បីអនុញ្ញាតឲ្យអ្នកលេងទទួលបាន បទពិសោធន៍ថ្មីប្លែកពីបច្ចេកវិទ្យាទំនើប ដែលមាននៅលើដៃហ្គេមរបស់វា។ ដៃបញ្ជា DualSense ថ្មី ដែលបង្កើតឡើងសម្រាប់ម៉ាស៊ីនហ្គេម PS5 គឺត្រូវបានអភិវឌ្ឍន៍បន្ថែមទៅលើ Haptic Feedback ជំនាន់ថ្មី និងមានភ្ជាប់មកជាមួយបច្ចេកវិទ្យា Adaptive Triggers ដែលផ្ដល់សមត្ថភាពឲ្យ ក្រុមអ្នកបង្កើតហ្គេមទាំងអស់ ធ្វើការកំណត់កម្លាំងសម្ពាធ នៃការចុចលើប៊ូតុង R2/L2 បាន ទៅតាមប្រភេទហ្គេមនីមួយៗទាំងនោះ។

ជាការពិតណាស់ ដៃហ្គេម DualSense ថ្មីមួយនោះ ត្រូវបានដាក់ឲ្យនៅក្នុងប្រអប់ របស់ម៉ាស៊ីនហ្គេម PS5 រួចមកហើយ ប៉ុន្ដែភាគច្រើនក្រុមហ៊ុនដាក់ឲ្យតែមួយប៉ុណ្ណោះ ដូច្នេះហើយតម្រូវឲ្យអ្នកលេង ធ្វើការជាវដៃហ្គេមនោះមួយទៀត ប្រសិនបើចង់លេងបាន 2 នាក់។ ទោះបីជាអ្នកនៅសល់ដៃហ្គេម DualShock 4 ពីម៉ាស៊ីនហ្គេម PS4 ជំនាន់មុន គឺលេងបានតែហ្គេមស៊េរីមុនៗ នៅលើម៉ាស៊ីនហ្គេម PlayStation 5 ផងដែរ។

ដោយ​ ៖ PlayStation.Blog
អត្ថបទទាក់ទង