កម្មវិធីអាកាសធាតុ Dark Sky ទិញដោយ Apple ត្រូវបានបិទនៅលើឧបករណ៍ Android ទាំងអស់ហើយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីដើមខែមេសា ឆ្នាំ 2020 កន្លងទៅនេះ ក្រុមការងារយើងទទួលបានដំណឺងថា Apple ទិញយកកម្មវិធី Dark Sky Weather ដែលមានប្រជាប្រិយភាពខ្ពស់មួយ ហើយគ្រោងនឹងបិទលែងឲ្យប្រើប្រាស់ នៅលើប្រព័ន្ធប្រតិបត្តិការ Android ក៏ដូចជា WearOS ថែមទៀតផង។ រហូតមកដល់ពេលថ្មីៗនេះ កម្មវិធីបង្ហាញពីអាកាសធាតុមួយនេះ ក៏ត្រូវបានបិទចោលនៅលើឧបករណ៍ Android ពិតមែន ដូច្នេះហើយមានតែអ្នកប្រើប្រាស់ iPhone, iPad ឬ Apple Watch ប៉ុណ្ណោះ ដែលអាចបន្ដជាវទៅប្រើប្រាស់ទៀតបាន។

បើតាមការពិតទៅ ការបិទដំណើរការនៅលើ Android នេះ គ្រោងនឹងធ្វើឡើងតាំងដើមខែកក្កដាមកម្ល៉េះ ដោយឡែក ក្រុមហ៊ុនបង្កើតកម្មវិធី Dark Sky Weather បានសម្រេចចិត្តពន្យាពេលទុកឲ្យប្រើមួយខែទៀត ដែលត្រូវនឹងដើមខែសីហានេះតែម្ដង។ មូលហេតុចម្បង ដែលមនុស្សភាគច្រើន ជាពិសេសនៅសហរដ្ឋអាមេរិក និយមចូលចិត្តប្រើកម្មវិធីមួយនេះ គឺដោយសារតែវាមានភាគរយត្រូវច្រើន ដូច្នេះអ្នកប្រើប្រាស់ងាយស្រួល អាចដឹងមុនអំពីអាកាសធាតុ ហើយចេះរៀបចំការពារខ្លួនឯងមុនផងដែរ។ ប្រសិនបើអ្នកទាំងអស់គ្នា មិនចង់ចំណាយទៅលើការជាវកម្មវិធីនេះ អញ្ចឹងក៏អាចចូលទៅកាន់វេបសាយរបស់ Dark Sky Weather ផ្ទាល់តែម្ដងបាន ដោយមានអាសយដ្ឋាន Darksky.net ហើយមិនចាំបាច់បង់ថ្លៃអ្វីឡើយ សម្រាប់ការឆែកមើលធម្មតា។

***ដើម្បីចូលទៅកាន់កម្មវិធី Dark Sky Weather លើ App Store សូមចុចទីនេះ

សម្រាប់ពេលបច្ចុប្បន្ននេះ កម្មវិធីអាកាសធាតុដ៏ល្បីល្បាញមួយនេះ កំពុងតែដាក់ឲ្យជាវមកប្រើនៅលើ App Store ក្នុងតម្លៃខ្ទង់ 16,000 រៀល ឬប្រហាក់ប្រហែល 3.99 ដុល្លារ ហើយយើងនឹងមិនអាចជាវពី Play Store បានតទៅទៀតនោះទេ។ តើប្រិយមិត្តធ្លាប់ជាវកម្មវិធី Dark Sky Weather នេះ មកឆែកមើលអាកាសធាតុដែរឬទេ?

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង