វីដេអូពាណិជ្ជកម្មផ្លូវការរបស់កាស Sony WH-1000XM4 ត្រូវបានលេចធ្លាយមុនថ្ងៃប្រកាសចេញតែម្តង​
ដោយ​ ៖ គាលី | 5 ខែមុន SHARE

 

ដូចដែលប្រិយមិត្តអ្នកអានបានដឹងហើយថា នៅប៉ុន្មានថ្ងៃខាងមុខនេះទៀតប៉ុណ្ណោះ Sony នឹងរៀបចំព្រឹតិ្តការណ៍ដ៏ធំមួយ ដើម្បីដាក់បង្ហាញផលិតផលថ្មីៗរបស់ខ្លូន ដោយក្នុងនោះ គេសន្មតថា វត្តមានរបស់កាសស្តាប់ក្តោបត្រចៀកឥតខ្សែ WH-1000XM4 ជំនាន់ក្រោយ នឹងក្លាយជាតួអង្គដ៏សំខាន់មួយ ចូលមកជំនួសតំណែង WH-1000XM3 ដែលបានចេញកាលពីឆ្នាំ 2018 កន្លងទៅ។

យ៉ាងណាមិញ ទាក់ទងជាមួយកាសក្តោបត្រចៀកជំនាន់ថ្មីនេះដែរ កាលពីមួយរយៈមុន វាត្រូវបានគេប្រទះឃើញចុះឈ្មោះ នៅលើគេហទំព័រលក់ទំនិញអនឡាញ Walmart ដែលបញ្ជាក់ពីឈ្មោះម៉ូឌែល WH-1000XM4 ព្រមទាំងតម្លៃដាក់លក់ទុកជាមុនទៀតផង។ មិនខុសទេ សម្រាប់រូបរាងរបស់វា ហាក់ក៏ដូចជាមិនមានការផ្លាស់ប្តូរឡើយ ព្រោះមើលទៅដូចគ្នាទៅនឹងជំនាន់ចាស់ដែរ នេះបើតាមវិញ្ញាបនបត្ររបស់ FCC ដែលមានមូលដ្ឋានក្នុងប្រទេសប្រេស៊ីល។ ប៉ុន្តែ អ្វីដែលជាចំណុចគួរឲ្យគត់សម្គាល់បំផុតនោះ ត្រង់ថាកាស WH-1000XM4 នឹងមានសមត្ថភាពខ្លាំងជាងមុន ជាមួយការអាប់ដេតទៅលើលក្ខណៈសម្បតិ្តមួយចំនួន ក៏ដូចជាបន្ថែមមុខងារពិសេសៗ ដែលអ្នកប្រើប្រាស់តែងរំពឹងចាំបានពី Sony។ ជាក់ស្តែង តាមរយៈវីដេអូពាណិជ្ជកម្មផ្លូវការមួយ ដែលទើបលេចធ្លាយ បានបង្ហាញថាកាសខាងលើនេះ នឹងត្រូវបានតម្លើងមកជាមួយបន្ទះឈីប QN1, បំពាក់ Driver ទំហំ 40mm និងមានមុខងារ Touch បញ្ជាផងដែរ។ ហើយមុខងារសំខាន់ៗ ដែលនឹងបំពាក់លើកាស WH-1000XM4 ជំនាន់ថ្មីនេះ រួមមានដូចជា នឹងភ្ជាប់មកជាមួយមុខងារបម្លែងសំលេង 360 ដឺក្រេ ដែលត្រូវបានកែលម្អដោយបច្ចេកវិទ្យា DSEE Extreme ជំនាន់ថ្មី បូកជាមួយបច្ចេកវិទ្យា AI បន្ថែម នឹងជំនួយដល់ការបង្កើនគុណភាពសម្លេង ដែលចេញពីប្រភពដើម ឲ្យកាន់តែប្រសើរជាងមុន។ លើសពីនេះ វាក៏មានសេនស័រ Wearing Detection អាចផ្អាកបទចម្រៀងដោយស្វ័យប្រវតិ្ត នៅពេលដែលយើងដកកាសចេញពីត្រចៀក និងមុខងារ Adaptive Sound Control ដែលអាចចាប់សម្លេង Frequent នៅលើជុំវិញបាន ដើម្បីយកមកកំណត់សម្លេងឲ្យល្អ តាមស្ថានភាពនីមួយៗ។ មិនតែប៉ុណ្ណោះ នៅក្នុងវិដេអូនោះ ក៏បានបញ្ជាក់ឲ្យដឹងថា វាអាចកាន់ថ្មបានរហូតដល់ 30 ម៉ោង និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលចំណាយពេលសាកត្រឹម 10 នាទីប៉ុណ្ណោះ អាចឲ្យប្រើប្រាស់បាន 5 ម៉ោងថែមទៀតផង។ 

អញ្ចឹង បន្ទាប់ពីទស្សនាវីដេអូពាណិជ្ជកម្មខាងលើ ដែលបង្ហាញពីលក្ខណៈសម្បតិ្តពិសេសៗ របស់កាសក្តោបត្រចៀក Sony WH-1000XM4 ជំនាន់ថ្មីរួចមក តើប្រិយមិត្តយល់យ៉ាងណាដែរ អាចមានចំណាប់អារម្មណ៍លើខ្លះដែរទេ ដូច្នេះ កុំភ្លេចកំណត់ថ្ងៃទី 6 ខែសីហាឆាប់ៗខាងមុខ ដើម្បីរង់ចាំទស្សនាព្រឹតិ្តការណ៍ប្រកាសចេញផលិតផលថ្មីៗ រួមទាំងកំពូលកាសក្តោបត្រចៀកឥតខ្សែជំនាន់ក្រោយរបស់ Sony នេះ។ 

ដោយ​ ៖ Sparrows News
អត្ថបទទាក់ទង