ព្រឹត្តិការណ៍ World Championship ប្រចាំឆ្នាំ 2020 របស់ League of Legends នឹងចាប់ផ្ដើមនៅខែកញ្ញាខាងមុខនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បើទោះបីជាព្រឹត្តិការណ៍តាំងបង្ហាញផលិតផលថ្មីៗ ក៏ដូចជាការប្រកួតហ្គេម Esport កីឡាអេឡិចត្រូនិក សុទ្ធតែត្រូវបានពន្យាពេល ឬ រំសាយចោលយ៉ាងណាក៏ដោយ ប៉ុន្ដែក្រុមហ៊ុន Riot Games បានសម្រេចចិត្តប្រកាសធ្វើឡើងដដែល ដើម្បីស្វែងរកមើលក្រុមអ្នកឈ្នះនៅក្នុងឆ្នាំនេះ។ ពួកគេបានប្រកាសជាផ្លូវការថា ការប្រកួតហ្គេម League of Legends រកមើលក្រុមកំពូលប្រចាំឆ្នាំ 2020 នឹងធ្វើឡើងចាប់ពីថ្ងៃទី 25 ខែកញ្ញា រហូតដល់ថ្ងៃទី 31 ខែតុលាខាងមុខនេះ ដោយបានកក់ទីតាំងនៅ ទីក្រុងសៀងហៃប្រទេសចិន។

ខណៈពេលដែលធ្វើការប្រកាសមកនេះ Riot Games បានបញ្ជាក់ឲ្យដឹងច្បាស់ថា ការប្រកួតជុំដំបូងៗសម្រាប់ក្រុមនីមួយៗ នឹងត្រូវបានធ្វើឡើងដោយគ្មានអ្នកគាំទ្រ ឬ ទស្សនិកជនចូលមើលនោះទេ ដោយឡែក នៅពេលប្រកួតក្រុមចុងក្រោយបង្អស់ ទើបពឹងផ្អែកលើច្បាប់ក្នុងប្រទេសចិន ថាតើអាចអនុញ្ញាតឲ្យមនុស្ស ទិញសំបុត្រចូលមើលបានឬក៏អត់ ទៅតាមស្ថានភាពនៅពេលនោះ។ ក្រុមហ៊ុន Riot Games បានធ្វើការកក់ពហុកីឡដ្ឋានបាល់ទាត់ពូឌុង (Pudong Football Stadium) ដែលទើបនឹងសាងសង់ថ្មីរួចជាស្រេច ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើង ហើយវាអាចផ្ទុកមនុស្សបានដល់ទៅ 3 ម៉ឺននាក់ជាងឯណោះ។ ជាចុងក្រោយ ពួកគេក៏បានសន្យាមកថា នឹងព្យាយាមស្ដាប់តាមការណែនាំរបស់ អង្គការសុខភាពផ្សេងៗ និងអាជ្ញាធរមូលដ្ឋានជាតិ ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត សម្រាប់ក្រុមអ្នកចូលរួមប្រកួត ក៏ដូចជាអ្នកចូលរួមទស្សនា នៅជុំចុងក្រោយផងដែរ។

ហេតុដូច្នេះហើយ ការធ្វើឡើងនូវព្រឹត្តិការណ៍ប្រចាំឆ្នាំ 2020 របស់ហ្គេម League of Legends លើកនេះ គឺផ្ដោតទៅលើស្ថានភាពរបស់វីរុសកូវីដ 19 ទាំងស្រុងតែម្ដង ថាតើវានឹងអាចត្រឡប់មកល្អវិញបានទេ នៅអំឡុងចុងខែកញ្ញាទៅដល់ចុងខែតុលានោះ។ យើងសង្ឃឹមថានឹងមានដំណឹងថ្មីៗទៀត ទាក់ទងទៅនឹងការប្រកួតនេះ ដើម្បីចែករំលែកជូនទាំងអស់គ្នា ឲ្យបានដឹងកាន់តែច្បាស់បន្ថែម។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង