Microsoft ពិតជាកំពុងចចារបន្ដជាមួយលោក Donald Trump ដើម្បីចង់ទិញយកកម្មវិធី TikTok មែន​
ដោយ​ ៖ ឡេង | 5 ខែមុន SHARE

 

ប្រិយមិត្តដែលតែងតែតាមដានព័ត៌មានអន្ដរជាតិ ប្រាកដជាបានដឹងខ្លះៗរួចមកហើយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយប្រាប់ប្រជាជនរបស់ខ្លួន កាលពីចុងសប្ដាហ៍មុននេះថា គាត់នឹងធ្វើការហាមឃាត់កម្មវិធី TikTok លែងឲ្យប្រើប្រាស់តទៅទៀត ស្របនឹងពេលដែល Microsoft មានគេរាយការណ៍មកថា កំពុងតែចង់ទិញយកផងដែរនោះ។ រហូតមកដល់ពេលថ្មីៗនេះទៀត Microsoft ក៏បានបង្ហោះជាផ្លូវការតែម្ដងថា ពួកគេពិតជាកំពុងបន្ដពិភាក្សាជាមួយលោក Trump ពិតមែន អំពីការរកទិញយកកម្មវិធីមួយនេះ ដើម្បីឲ្យវាក្លាយជាកម្មសិទ្ធិ របស់ក្រុមហ៊ុនសហរដ្ឋអាមេរិកវិញ។

កម្មវិធីបង្ហោះវីដេអូរយៈពេលខ្លី TikTok ឬមានដើមកំណើតមកពីកម្មវិធី Musical.ly ត្រូវបានបង្កើតឡើងវិញដោយក្រុមហ៊ុន ByteDance មកពីប្រទេសចិន និងទទួលបានប្រជាប្រិយភាពមែនទែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏មានបញ្ហាប៉ះពាល់ច្រើនដូចគ្នា។ ហេតុដោយសារតែ អ្នកប្រើប្រាស់ជាច្រើននាក់ បានធ្វើការបង្ហោះវីដេអូមិនល្អៗ ក៏ដូចជាខូចប្រពៃណីពេក ទើបបានជាបណ្ដាលឲ្យមានការហាមឃាត់ នៅឯប្រទេសឥណ្ឌា ព្រមទាំងទាក់ទងទៅនឹងបញ្ហា លួចទិន្នន័យរបស់អ្នកប្រើប្រាស់ ហើយផ្ញើទៅកាន់រដ្ឋាភិបាលចិន ជាដើម។ 

នេះក៏ជាមូលហេតុចម្បងមួយ ដែលសហរដ្ឋអាមេរិក តែងតែពង្រឹងប្រព័ន្ធសុវត្ថិភាពជានិច្ច និងអាចឈានដល់ការហាមឃាត់ដូចគ្នា នៅថ្ងៃខាងមុខនេះតែម្ដង។ យ៉ាងណាមិញ ក្រុមហ៊ុន Microsoft បាននិយាយថា លោក Satya Nadella ត្រូវជា CEO របស់ខ្លួន នៅកំពុងបន្ដចចារជាមួយលោក Donald Trump ឲ្យដាច់ស្រេចបានមុនថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ ថាតើនឹងមានការសម្រេចចិត្តយ៉ាងណា។

***ដើម្បីចូលទៅកាន់អត្ថបទប្រកាសផ្លូវការរបស់ក្រុមហ៊ុន Microsoft សូមចុចទីនេះ

យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា Microsoft នឹងចំណាយប្រាក់របស់ខ្លួនប៉ុន្មាន ដើម្បីទិញយកកម្មវិធី TikTok ប៉ុន្ដែសម្រាប់ពេលបច្ចុប្បន្ននេះ មានគេបង្ហើបឲ្យដឹងថា មិនក្រោមខ្ទង់ពាន់លានដុល្លារនោះទេ។ ក្រុមការងារយើងនឹងចុះផ្សាយជូនបន្ថែម ទាក់ទងទៅនឹងស្ថានភាពនេះ នៅពេលដែលមានដំណឹងថ្មីៗទៀត ដូច្នេះហើយកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។

ដោយ​ ៖ Microsoft
អត្ថបទទាក់ទង