នាឡិកាឆ្លាតវៃ OPPO Watch ម៉ូឌែលសកល ប្រើប្រព័ន្ធប្រតិបតិ្តការ Wear OS បានចេញជាផ្លូវការហើយ​
ដោយ​ ៖ គាលី | 4 ថ្ងៃមុន SHARE

 

ទន្ទឹមនឹងការបង្ហាញខ្លូន នៃទូរសព្ទឆ្លាតត្រកូល Reno 4 Series ជំនាន់ថ្មី សម្រាប់ទីផ្សារសកល កាលពីល្ងាចមិញនេះ OPPO ក៏ឆ្លៀតប្រកាសចេញ នាឡិកាឆា្លតវៃជំនាន់ដំបូងរបស់ខ្លួន សម្រាប់ដាក់លក់ក្នុងទីផ្សារសកលដូចគ្នា ដោយមានឈ្មោះជាផ្លូវការថា OPPO Watch និងរក្សារចនាបថរូបរាងយ៉ាងប្រណិត ដូចម៉ូឌែលដាក់លក់ក្នុងប្រទេសចិនដែរ ប៉ុន្តែ វាត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS របស់ Google វិញ។

ចំពោះនាឡិកាឆ្លាត OPPO Watch ម៉ូឌែលសកលនេះ ត្រូវបានផលិតមកជាមួយជម្រើស 2 ម៉ូឌែល រួមមានម៉ូឌែលទំហំ 46mm បំពាក់អេក្រង់ 1.91 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពបានកម្រិត 402 x 476 ភិចសែល ខណៈដែលម៉ូឌែលទំហំ 41mm វិញ ប្រើប្រាស់អេក្រង់ OLED មានទំហំ 1.6 អ៊ីញ អាចបង្ហាញកម្រិតរូបភាពត្រឹម 320 x 360 ភិចសែល។ យ៉ាងណា សម្រាប់ម៉ូឌែល 46mm វាក៏មានបន្ថែមមុខងារដាក់ស៊ីមតាមរយៈ eSIM បានទៀតផង។ 

អ្វីដែលជាចំណុចផ្លាស់ប្តូរ ខុសគ្នាពី OPPO Watch សម្រាប់ទីផ្សារចិននោះ ត្រង់ផ្នែកកម្លាំងម៉ាស៊ីនរបស់វា ដែលត្រូវបានតម្លើងមកជាមួយបន្ទះឈីប Snapdragon 3100 Wear ទើបអនុញ្ញាតឲ្យវាអាចដំណើរការ ដោយប្រព័ន្ធប្រតិបតិ្តការ Wear OS បាន រីឯឈីប Ambiq Micro Apollo 3 ទុកសម្រាប់ជួយសន្សំថាមពលថ្ម ដែល OPPO ហៅវាថា Low-Power Mode។ មុខងារលេចធ្លោជាងគេរបស់វា គឺអាចប្រើប្រាស់នៅលើ Wear OS ក៏បាន ឬប្តូរទៅប្រើ Interface ប្រភេទ Low-Powered Energy-Saving Mode តាមចំណងចំណូលចិត្តអ្នកប្រើប្រាស់ ថែមទៀតផង។ លើសពីនេះ OPPO ក៏បានអះអាងថា ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC Charge នាឡិកាឆ្លាតវៃរបស់ខ្លួន គ្រាន់ចំណាយពេលត្រឹមតែ 15 នាទី ដើម្បីបញ្ចូលថ្មបានចំនួន 46% ហើយ 75 នាទី សម្រាប់ការបញ្ចូលថ្មឲ្យពេញតែម្ដង ហើយអាចចូលទឹកបានជម្រៅ 50 ម៉ែត្រឯណោះ។ 

ជាចុងក្រោយ OPPO Watch ក៏បានផ្តល់ជម្រើសពណ៌ 2 រួមមាន Black និង Glossy Gold សម្រាប់ម៉ូឌែលទំហំធំ ខណៈម៉ូឌែល ដែលមានទំហំតូច អាចជ្រើសរើសពណ៌ Black, Pink Gold ឬ Silver Mist ជាដើម។ វាកំពុងតែដាក់ឲ្យកម្ម៉ង់ជាបណ្តើរៗហើយ ស្ថិតក្នុងតម្លៃខ្ទង់ ៨០ ម៉ឺនរៀល ឬ ប្រហាក់ប្រហែល 200 ដុល្លារ និងខ្ទង់ ១ លាន ៦ ម៉ឺនរៀល ឬស្មើ 265 ដុល្លារ ហើយគ្រោងចេញលក់ជាផ្លូវការនៅទីផ្សារឥណ្ឌាមុនគេ ក្នុងថ្ងៃទី 10 ខែសីហា ឆ្នាំ 2020 ខាងមុខនេះ។ យ៉ាងណា វាក៏អាចនឹងធ្វើដំណើរមកកាន់ទីផ្សារប្រទេសយើង នាពេលខាងមុខដូចគ្នាផងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង