នេះជារថយន្ត Land Cruiser ស៊េរីឆ្នាំ 2021 ជាមួយលក្ខណៈសម្បត្តិពិសេសជាច្រើន​
ដោយ​ ៖ គង់គីត | 4 ថ្ងៃមុន SHARE

 

ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុន ទើបតែបានប្រកាសចេញជាផ្លូវការនូវរថយន្តស៊េរីថ្មី ឆ្នាំ 2021 របស់ខ្លួនប៉ុន្មានម៉ូឌែល នៅចុងសប្ដាហ៍នេះ ដែលវាស្ថិតក្នុងត្រកូល Land Cruiser និងមានឈ្មោះជាផ្លូវការថា Toyota Land Cruiser 2021។ ដោយក្នុងនោះ ក៏រួមបញ្ចូលនូវប្រភេទ ផ្សេងៗគ្នាផងដែរ ដែលរួមមានដូចជាទាំងប្រភេទស្ដង់ដារ និងជាប្រភេទ Heritage Edition ជាដើម។ 

ជាក់ស្ដែង នៅក្នុងស្រុកខ្មែរយើង ឃើញថាមានអ្នកបើកបររថយន្តម៉ាក Toyota នេះច្រើនដែរ មានទាំងស៊េរីចាស់ និងស៊េរីថ្មីៗ ដូចជា Toyota Fortuner ដែលជាប្រភេទរថយន្ត SUV មានទ្វា 5 និងរថយន្តបែប Pickup ដែលអាចជ្រើសរើសបាន តាមតម្រូវការជាក់ស្ដែងរបស់អតិថិជន ទៀតផង។ ដោយឡែកកាលពីពេលថ្មីៗនេះវិញ ក្រុមហ៊ុនខាងលើ ទើបបានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីឆ្នាំ 2021 មួយម៉ូឌែលទៀត ដែលវានឹងមានលក់ផ្លូវការ នៅក្នុងខែកញ្ញា ខាងមុខនេះហើយ។ សម្រាប់ Land Cruiser ស៊េរីឆ្នាំ 2021 នេះ បើនិយាយអំពីរូបរាង និងរចនាបថផ្នែកខាងក្រៅ វាស្រដៀងទៅនឹងម៉ូឌែលមុនដែរ ហើយមានការកែប្រែរូបរាងតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំមុនៗ ប៉ុន្ដែវាមានការបន្ថែមមកវិញនូវមុខងារជំនួយក្នុងការបើកបរ បច្ចេកវិទ្យានៃផ្នែកខាងក្នុងសម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរផងដែរ។ 

ជាងនេះទៅទៀត សម្រាប់ប្រភេទ Heritage Edition នឹងមានបន្ថែមមកជាមួយជម្រើសកៅអីអង្គុយដល់ទៅ 3 ជួរ ក៏ដូចជាបានបន្ថែមជ្រើសរើស ពណ៌ទឹកប្រាក់រលោង និងពណ៌ប្រផេះចាស់ជាដើម។ ចំពោះកម្លាំងម៉ាស៊ីនរថយន្ត Land Cruiser ស៊េរី 2021 មួយនេះ ជាប្រភេទ 4WD ដែលប្រើប្រាស់ស៊ីឡាំងកម្រិត 5.7-liter V8 មានល្បឿនរង្វិលជុំ 401 lbf-ft មាន 8 លេខ ជាប្រភេទស្វ័យប្រវត្តិ មានកម្លាំង 381 សេះ អាចបើកបរនៅគ្រាប់ស្ថានភាពផ្លូវ មិនថាផ្លូវជាតិ ខ្សាច់ ចុះទឹក ក្រួស ឡើងភ្នំ ចុះចំណោតជាដើម ដោយវាមានប្រព័ន្ធការពារ ដើម្បីសម្រួលទៅដល់ការបើកបរច្រើនកាលៈទេសៈ។ 

សម្រាប់រចនាបថផ្នែកខាងក្នុងវិញ វាមានពូកស្បែក, មានអេក្រង់ទំហំ 9 អ៊ីញសម្រាប់ចុចបញ្ជា, បំពាក់មកជាមួយប្រព័ន្ធសម្លេងដោយប្រើប្រាស់បាសបំពងសម្លេងរបស់ JBL ចំនួន 14 គ្រាប់ ហើយរថយន្តនេះ ក៏មាន Wireless Charging និង Bluetooth សម្រាប់ភ្ជាប់ចាក់តន្ត្រីតាមស្មាតហ្វូនផងដែរ។ ជាចុងក្រោយ Land Cruiser ស៊េរី 2021 ទាំង 2 ប្រភេទខាងលើ នឹងត្រូវបានដាក់លក់ ក្នុងតម្លៃក្រៅស្រុក 85,515 ដុល្លារ លើម៉ូឌែលស្ដង់ដារ និងសម្រាប់ម៉ូឌែល Heritage Edition មានតម្លៃខ្ទង់ 87,845 ដុល្លារ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង