ជំនួយការឌីជីថល Cortana ត្រូវបាន Microsoft ដកចេញពីឧបករណ៍ឆ្លាតវៃជាបណ្ដើរៗហើយ​
ដោយ​ ៖ ឡេង | 4 ថ្ងៃមុន SHARE

 

ជាទីបំផុត Microsoft បានសម្រេចចិត្តសាជាថ្មីម្ដងទៀតហើយ ដោយប្រកាសបិទដំណើរការ ជំនួយការឌីជីថល Cortana ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ក៏ដូចជាឧបករណ៍ឆ្លាតវៃផ្សេងៗទាំងអស់ ចាប់ផ្ដើមពីអំឡុងឆ្នាំ 2021 តទៅ។ ហេតុដូច្នេះហើយ នេះគឺមានន័យថា Microsoft បានដកខ្លួនចេញពី ការប្រកួតប្រជែងជាមួយ Google Assistant ឬ Alexa របស់ Amazon ហើយ ដោយគ្រោងកំណត់គោលដៅឲ្យ Cortana ធ្វើការនៅលើផ្នែកផ្សេងវិញ។

ក្រោយពីជំនួយការឌីជីថល Cortana ត្រូវបានដកចេញពីឧបករណ៍ឆ្លាតវៃអស់ហើយ នោះក្រុមហ៊ុន Microsoft នឹងយកវាទៅប្រើប្រាស់នៅក្នុងកម្មវិធី Office 365 ដោយផ្ទាល់វិញ ហើយបានសន្យាមកថា វានឹងអាចជួយសន្សំពេលវេលា និងជួយឲ្យអ្នកប្រើប្រាស់ងាយស្រួលផ្ដោតលើ ការងារឯកសាររបស់ពួកគេ ថែមទៀតផង។ លើសពីនេះទៅទៀត កម្មវិធីរបស់ Microsoft ផ្សេងៗទៀតដូចជា Outlook ឬ Teams ក៏ទទួលបានជំនួយការ Cortana ដាក់បញ្ចូលទៅក្នុងកម្មវិធីទាំងអស់នោះដែរ។

អញ្ចឹង ចាប់ពីដើមឆ្នាំ 2021 តទៅ យើងនឹងលែងឃើញមានជំនួយការ Cortana ដាក់ឲ្យបញ្ជាប្រើប្រាស់ នៅលើឧបករណ៍ Android, iOS ឬក៏បាសបំពងសម្លេងឆ្លាតវៃ Harman Kardon Invoke និងកាស Surface Headphones ជំនាន់ដំបូងហើយ។ ក្រុមហ៊ុន Microsoft បានប្រកាសប្រាប់ថា អ្នកដែលបានជាវបាស Harman Kardon Invoke នឹងទទួលបាន Gift Card តម្លៃ $50 រីឯអ្នកដែលបានជាវកាស Surface Headphones នឹងទទួលបាន Gift Card តម្លៃ $25 នៅពេលដែលពួកគេដកជំនួយការ Cortana ចេញពីឧបករណ៍ទាំងនោះ។

***សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងអនាគតរបស់ជំនួយការ Cortana សូមចុចទីនេះ

ការពិចារណាឡើងវិញរបស់ Microsoft លើការបោះបង់ចោលជំនួយការ Cortana នៅលើឧបករណ៍ឆ្លាតវៃទាំងអស់ គឺពិតជាសំខាន់មែនទែន ហើយចង់ចាប់ផ្ដើមយកវាទៅប្រើប្រាស់ នៅក្នុងកម្មវិធីរបស់ខ្លួនវិញ បន្ទាប់ពីបានប្រកួតប្រជែងជាមួយ ជំនួយការរបស់ក្រុមហ៊ុនដទៃទៀត អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ថាតើវានឹងអាចទទួលបានភាពជោគជ័យ ជាងនៅពេលបច្ចុប្បន្ននេះដែរឬទេ នោះគឺយើងមានតែរង់ចាំតាមដានទាំងអស់គ្នា។

ដោយ​ ៖ Microsoft
អត្ថបទទាក់ទង