Nokia បានបង្ហាញពីចំណូលរបស់ខ្លួន នៅក្នុងត្រីមាសទី 2 កន្លងទៅនេះ ដោយទទួលបានប្រសើរជាងឆ្នាំមុន​
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់យីហោ Nokia ហើយ ព្រោះនេះធ្លាប់យីហោទូរសព្ទឆ្លាត ដែលទទួលបានការគាំទ្រយ៉ាងច្រើន កាលពីច្រើនឆ្នាំមុន ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានចាប់ផ្តើមដើរចូលទីផ្សារវិញ ហើយក៏ទទួលបានការគាំទ្រឡើងវិញគួរសមដែរ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ បានធ្វើការប្រកាសបង្ហាញប្រាប់ជាសាធារណៈហើយ ទាក់ទងនឹងចំណូលដែលគេរកបាន នៅក្នុងអំឡុងត្រីមាសទី 2 កន្លងទៅនេះ ហើយអ្វីដែលពិសេសនោះ យើងឃើញថា គេទទួលបានលទ្ធផលយ៉ាងប្រសើរថែមទៀតផង បើធៀបនឹងឆ្នាំមុន។

ពិតណាស់ នៅក្នុងពេលនេះ Nokia បានបើតាមការបង្ហាញពីចំណូលប្រចាំត្រីមាសទី 2 របស់ខ្លួនហើយ ដោយក្នុងនោះ យើងឃើញថា គេទទួលបានចំណូលសរុបខ្ទង់ 6 ពាន់លានដុល្លារ បើគិតទៅ គឺមានការថយចុះប្រមាណជា 11% បើធៀបនឹងឆ្នាំមុន។ បើទោះជាចំណូលសរុបធ្លាក់ចុះមែន ប៉ុន្តែលើកនេះ ប្រាក់ចំណេញសរុបទាំងអស់របស់គេ គឺមានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺគេទទួលបានប្រាក់ចំណេញសរុបខ្ទង់ 116.5 លានដុល្លារឯណោះ ខណៈពេលដែលឆ្នាំមុន ក្នុងត្រីមាសទី 2 ដូចគ្នា គេមានការខាតបង់ប្រាក់ដល់ទៅខ្ទង់ 227.2 លានដុល្លារថែមទៀតផង។ គួរបញ្ជាក់ដែរថា ចំណូល និងប្រាក់ចំណេញសរុបដែលយើងបង្ហាញខាងលើ គឺជាទូរលេខសរុបទាំងអស់របស់ Nokia ពោលគឺមិនមែនគិតតែទៅលើផ្នែកទូរសព្ទឆ្លាតមួយនោះទេ ជាក់ស្ដែងនៅមានផ្នែកផ្សេងៗជាច្រើនទៀត។ នៅក្នុងនោះដែរ Nokia ក៏បានធ្វើការបញ្ជាក់ដែរថា ចាប់ពីឆ្នាំនេះទៅ គេនឹងធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើផ្នែកទូរសព្ទឆ្លាតឲ្យកាន់តែប្រសើរជាងមុន ថែមទៀតផង។

យ៉ាងណាគិតត្រឹមចុងត្រីមាសទី 2 នេះ  Nokia មានសាច់ប្រាក់សុទ្ធខ្ទង់ 1.8 ពាន់លានដុល្លារ ហើយមានប្រាក់សរុបទាំងអស់ខ្ទង់ 8.8 ពាន់លានដុល្លារផងដែរ។ និយាយរួមមកវិញ នៅក្នុងត្រីមាសទី 2 នេះ យើងឃើញថា Nokia ធ្វើបានល្អជាងឆ្នាំមុន ព្រោះគេទទួលបានប្រាក់ចំណេញប្រសើរជាងឆ្នាំមុន ហើយក្រុមហ៊ុននេះ ក៏បានរំពឹងថា ប្រាក់ចំណេញរបស់គេ នឹងនៅតែបន្តកើនឡើងទៀត នៅក្នុងត្រីមាសបន្តបន្ទាប់។

ដោយ​ ៖ Giz China
អត្ថបទទាក់ទង