កម្មវិធី Secure Folder របស់ Samsung មានអ្នកទាញយកពី Play Store ឡើងដល់ 1 ពាន់លានដងហើយ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ចំពោះប្រិយមិត្តអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ ក្រុមហ៊ុន Samsung ភាគច្រើន ប្រហែលជាបានស្គាល់រួចមកហើយ នូវកម្មវិធីសម្រាប់គ្រប់គ្រងឯកសារ នោះគឺ Secure Folder ដែលកំពុងទទួលបាន ការពេញនិយមចូលចិត្តប្រើច្រើន ពីសំណាក់ម្ចាស់ទូរសព្ទត្រកូល Galaxy។ ជាក់ស្ដែង នៅក្នុងថ្ងៃនេះ យើងចង់ធ្វើការបង្ហាញអំពីចំនួន អ្នកទាញយកម្មវិធី Secure Folder មួយនេះ អោយប្រិយមិត្តបានដឹងផងដែរ។

ពិតណាស់ នៅក្នុងថ្ងៃនេះ មានប្រភពព័ត៌មានមកពី Android Police បានធ្វើការបង្ហាញពីចំនួននៃការទាញយកកម្មវិធី Secure Folder របស់ Samsung មួយនេះ ដល់អ្នកប្រើប្រាស់ឲ្យបានដឹង ដែលវាមានអ្នកទាញយកមកប្រើប្រាស់ចេញពី Google Play Store នៅលើស្មាតហ្វូន Samsung បានកើនឡើងដល់ជាង 1,000,000,000+ ឯណោះ ដែលនេះពិតជាចំនួនច្រើនមែនទែន។ លើសពីនេះ ចំពោះមុខងារពិសេស ដែលគេកត់សម្គាល់ឃើញមានការចូលចិត្តច្រើនលើកម្មវិធី Secure Folder នេះ នោះគឺ មុខងារ Knox Security សម្រាប់ចាក់សោកម្មវិធី ឬលាក់ Folder និងមុខងារ Backup and Restore ដែលមុខងារទាំងនេះវាទទួលបានការពេញនិយមខ្លាំង និងងាយស្រួលឲ្យអ្នកប្រើប្រាស់ អាចធ្វើការលាក់ឯកសារសំខាន់ៗ ក៏ដូចជាធ្វើការ Back up ឯកសារផ្សេងៗទុកអោយមានសុវត្ថិភាពផងដែរ។

អញ្ចឹង នេះគឺជាដំណឹងល្អមួយសម្រាប់ Samsung ដែលអាចរកចំនួនអ្នកទាញយកកម្មវិធី Secure Folder របស់ខ្លួន បានចំនួនយ៉ាងច្រើនបែបនេះ ក៏ដោយសារវាមានភាពងាយស្រួលប្រើប្រាស់ និងបើកសិទ្ធិទូលំទូលាយឲ្យអ្នកប្រើប្រាស់អាចលាក់កម្មវិធីបាន ផងដែរ។ ដូច្នេះ សម្រាប់ប្រិយមិត្តអ្នកប្រើស្មាតហ្វូន Samsung ដំណើរការដោយ Android 7.0 ឡើងទៅ ហើយចង់សាកល្បងប្រើនូវកម្មវិធី Secure Folder នេះ លោកអ្នកអាចធ្វើការទាញយកបាន នៅក្នុង Play Store ឫអាចចុចលីងខាងក្រោមនេះ ដើម្បីធ្វើការដោនឡូដ ក៏បានដូចគ្នា។ 

***ចុចនៅត្រង់នេះ ដើម្បីទាញយក!

ដោយ​ ៖ Android Police
អត្ថបទទាក់ទង