Microsoft បញ្ជាក់ថាហ្គេម Halo Infinite ក្នុងលក្ខណៈ Multiplayer នឹងអាចគាំទ្រដល់ទៅកម្រិត 120FPS​
ដោយ​ ៖ ឈីរ៉ូ | 4 ថ្ងៃមុន SHARE

 

ប្រិយមិត្តដែលជាអ្នកគាំទ្រម៉ាស៊ីនហ្គេមរបស់ Microsoft ប្រហែលជាបានដឹងច្បាស់ហើយថា កាលពីជាង 1 សប្តាហ៍មុននេះ តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយហៅថា Xbox Game Show Case ក្រុមហ៊ុន Microsoft បានដាក់បង្ហាញធំៗជាច្រើនឲ្យអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាមហាជនបានឃើញ។ ជាងនេះទៅទៀតនោះ ក្នុងព្រឹត្តិការណ៍ដដែលនេះ Microsoft ក៏បានដាក់បង្ហាញវីដេអូ Gameplay Demo របស់កំពូលហ្គេម Halo Infinite ឲ្យយើងបានឃើញផងដែរ។

លើសពីនេះ Microsoft ក៏បានបញ្ជាក់ឲ្យយើងបានដឹងយ៉ាងច្បាស់ផងដែរថា Halo Infinite ដែលដំណើរការនៅលើម៉ាស៊ីនហ្គេម Xbox Sereis X នឹងអាចរត់បានក្នុងកម្រិតបង្ហាញ 4K ជាមួយកម្រិត 60FPS ថែមទៀតផង។ ទាក់ទងទៅនឹងហ្គេម Halo Infinite នេះដែរ នៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter ក្រុមហ៊ុន Micorosoft ក៏បានចេញមកបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា Halo Infinite លក្ខណៈ Multiplayer ដែលដំណើរការនៅលើម៉ាស៊ីនហ្គេមជំនាន់ថ្មី Xbox Series X នឹងអាចគាំទ្រកម្រិត Frame Rate ដល់ទៅ 120FPS ឯណោះ។ កាន់តែពិសេសថែមទៀតនោះ វាក៏នឹងត្រូវដាក់ឲ្យលេងដោយមិនឥតគិតថ្លៃថែមទៀតផង។ 

Halo Infinite គឺហ្គេមដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន 343 Industries និងក្រុមអ្នកអភិវឌ្ឍហ្គេម SkyBox Labs ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Microsoft ហើយវាអាចលេងបានតែនៅលើម៉ាស៊ីនហ្គេម Xbox One, Xbox Series X និង កុំព្យូរទ័រដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows តែប៉ុណ្ណោះ។ គួរបញ្ជាក់ផងថា Halo Infinite លក្ខណៈ Single-Player នឹងត្រូវដាក់លក់ជាផ្លូវការតំណាលគ្នាជាមួយ Xbox Series X នៅក្នុងអំឡុងចុងឆ្នាំ 2020 ខាងមុខនេះតែម្តង។ 

ដោយ​ ៖ Microsoft
អត្ថបទទាក់ទង