របាយការណ៍ថ្មីបង្ហាញថា Apple Watch Series 6 អាចភ្ជាប់មកជាមួយសេនស័រវាស់អុកស៊ីសែនក្នុងឈាមពិតមែន​
ដោយ​ ៖ គាលី | 4 ថ្ងៃមុន SHARE

 

ហាក់បីដូចជា ពាក្យចចាមអារ៉ាមអំពី watchOS 7 កាលពីមុនមកដែរ ដោយនាឡិកាឆ្លាតវៃ Apple Watch Series 6 គ្រោងនឹងអាចចេញ នៅពេលខាងមុខនេះ ទំនងជាមានភ្ជាប់មកជាមួយសេនស័រវាសអុកស៊ីសែនក្នុងឈាម ជាលើកដំបូង និងមុខងារ Sleep Tracking សម្រាប់តាមដានចង្វាក់គេង ថែមទៀតផង។

ហេតុដោយសារតែ ព័ត៌មានលេចធ្លាយអំពីមុខងារថ្មីខាងលើនេះ អាចនឹងបង្ហាញវត្តមាននៅលើ Apple Watch Series 6 កាន់តែច្រើនទៅៗហើយ ដូច្នេះយើងអាចរំពឹងទុកថា វាមានភាគរយត្រូវច្រើន ដែលពិតជាមាននៅលើ នាឡិកាឆ្លាតវៃជំនាន់ក្រោយរបស់ Apple មែនផងដែរ។ ដោយឡែកម្តងនេះ ចំពោះរបាយការណ៍ថ្មី អំពីការនាំយកមុខងារអុកស៊ីសែនក្នុងឈាម សម្រាប់នាឡិកាឆ្លាតវៃជំនាន់ក្រោយរបស់ Apple នោះ ត្រូវបានចេញផ្សាយតាមរយៈសារព័ត៌មាន Digitimes ដែលបានកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Apple បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ASE Technology ដែលមានមូលដ្ឋាននៅតៃវ៉ាន់ ដើម្បីធ្វើការសិក្សាមុខងារនោះ សម្រាប់បំពាក់នៅលើ Series 6 តែម្ដង។ លើសពីនេះ Apple Watch 6 ក៏នឹងភ្ជាប់មកជាមួយប្រព័ន្ធមីក្រូអេឡិចត្រូនិច (ប្រព័ន្ធភាគល្អិត) ដែលមានដំណើរការពឹងផ្អែក ទៅលើសេនស័រ Accelerometer និង Gyroscope ជួយឲ្យមុខងារតាមដានសុខភាព ដំណើរការកាន់តែជាក់លាក់ និងត្រឹមត្រូវជាងមុន។ មួយវិញទៀត តាមរយៈលោក Ming- Chi Kuo ដែលជាអ្នកវិភាគជំនាញម្នាក់ ក៏បានធ្វើការសន្និដ្ឋានថា Apple Watch Series 6 នឹងមានល្បឿនដំណើរការលឿនជាងមុន ព្រមទាំងមានសមត្ថភាពអាចការពារពីការជ្រាបទឹកបានកាន់តែប្រសើរផងដែរ។

សរុបមក បើទោះបីជាពេលនេះ រចនាបថរបស់នាឡិកាឆ្លាត Apple Watch Series 6 នៅមិនទាន់មានការលេចចេញជារូបរាងពិតមែន ប៉ុន្តែ តាមដែលរបាយការណ៍ខាងលើ ក៏ដូចជាដំណឹងទទួលបានកន្លងមក យើងអាចសន្មតទុកមុនថា វានឹងអាចផ្តោតសំខាន់ លើការតាមដានសុខភាពជាចម្បង ជាមួយការបន្ថែមនូវ មុខងារត្រួតពិនិត្យវៃឆ្លាតមួយចំនួន ដែលជាតម្រូវការដ៏ពេញនិយមមួយ របស់អ្នកប្រើប្រាស់ ជាពិសេសនោះ សម្រាប់មនុស្សភាគច្រើន ដែលកំពុងរវល់ក្នុងកិច្ចការងារប្រចាំថ្ងៃ ស្ទើរគ្មានពេលវេលាសម្រាប់តាមដាន ពីស្ថានភាពសុខភាពរបស់ខ្លួនតែម្តង។

ដោយ​ ៖ Gizmodo
អត្ថបទទាក់ទង