កុំព្យូទ័រយួរដៃ KOOMPI ម៉ូឌែល E11 ស៊េរីថ្មី កំពុងដាក់ឲ្យកម្ម៉ង់ទិញក្នុងតម្លៃខ្ទង់ ៥៩ ម៉ីនរៀល​
ដោយ​ ៖ ឡេង | 4 ថ្ងៃមុន SHARE

 

ក្រោយពីបានបង្ហើបអំពីវត្តមាន នៃកុំព្យូទ័រយួរដៃស៊េរីថ្មី អស់មួយរយៈពេលមក ទីបំផុត KOOMPI បានធ្វើការបើកឲ្យកម្ម៉ង់ទិញជាផ្លូវការហើយ ដោយវាត្រូវជាម៉ូឌែល KOOMPI E11 និងមានកញ្ចប់តម្លៃខ្ទង់ ៥៩ ម៉ឺនរៀល ឬប្រហាក់ប្រហែល 148.99 ដុល្លារ។ នេះមិនមែនជាជំនាន់ទី 2 នៃកុំព្យូទ័រយួរដៃស៊េរីមុននោះទេ ដោយឡែក វាជាម៉ូឌែលថ្មីមួយទៀត ដែលស្ថិតនៅក្នុងកម្រិតថវិកា ហើយត្រូវបានផលិតឡើងជាពិសេស សម្រាប់សិស្សានុសិស្សទាំងអស់គ្នា។

កុំព្យូទ័រយួរដៃ KOOMPI ម៉ូឌែល E11 ស៊េរីថ្មីនេះ ត្រូវបានដំណើរការនៅលើ KOOMPI OS ផ្ទាល់តែម្ដង ដោយវាមានលក្ខណៈជាប្រភេទ Open-Source ដោយមិនចាំបាច់បង់ប្រាក់សេវាកម្មបន្ថែម សម្រាប់ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការឡើយ។ បើទោះបីជាវាមានតម្លៃទាបជាងមុនក៏ពិតមែន ក្រុមហ៊ុន KOOMPI នៅតែសម្រេចចិត្តផ្ដល់ជូនអេក្រង់ IPS កម្រិត Full HD (1920x1080p) ដដែល ព្រមទាំងជាប្រភេទ Anti-Glare ផងដែរ។ ចំពោះផ្នែកកម្លាំងម៉ាស៊ីនវិញ យើងឃើញមានការទម្លាក់កម្រិតបន្ដិច ដើម្បីកាត់បន្ថយថ្លៃចំណាយ បើប្រៀបធៀបទៅនឹងម៉ូឌែល E13 ដោយនៅលើម៉ូឌែលស៊េរីថ្មីនេះ វាមានប្រើប្រាស់ស៊ីភីយូ Intel Celeron N3350 ជាប្រភេទ Dual Cores ក៏ដូចជាទទួលបានរ៉េមទំហំ 4GB DDR4 + អង្គផ្ទុកទិន្នន័យទំហំ 128GB eMMC ជាដើម។ ក្រុមហ៊ុន KOOMPI បានអះអាងមកថា ថាមពលថ្មទំហំ 5000mAh នៅលើវានេះ អាចកំដរយើងបានប្រហែល 8 ម៉ោង សម្រាប់ការឆែកអ៊ីនធើណេត ឬក៏ ទស្សនាវីដេអូបាន 7 ម៉ោង ទើបតម្រូវឲ្យបញ្ចូលថ្មម្ដងទៀត។

ប្រសិនបើប្រិយមិត្តទាំងអស់គ្នា មានចំណាប់អារម្មណ៍លើ កុំព្យូទ័រយួរដៃ KOOMPI ម៉ូឌែល E11 ស៊េរីថ្មី សូមចុចទីនេះ ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀត និងអាចធ្វើការកម្ម៉ង់ទិញបាន។ លក្ខណៈសម្បត្តិរបស់វានេះ ប្រាកដជាត្រូវគ្នានឹង អ្នកចូលចិត្តទស្សនាខ្សែភាពយន្ដច្រើន និងអ្នកមិនចង់ចំណាយច្រើន ទៅលើកុំព្យូទ័រយួរដៃមួយ ទុកសម្រាប់ការសិក្សា ឬ ឆែកអ៊ីនធើណេត។ ចំណែកឯអ្នកមិនទាន់បានទស្សនាវីដេអូ Review អំពី KOOMPI E13 របស់បង John Sey នៅឡើយទេ នោះអាចទស្សនាវីដេអូខាងក្រោមនេះបាន។

ដោយ​ ៖ KOOMPI
អត្ថបទទាក់ទង