OnePlus ឈានមុខគេទៅលើការលក់ចេញទូរសព្ទឆ្លាតលំដាប់កំពូលនៅទីផ្សារឥណ្ឌា កាលពីត្រីមាសទី 2 កន្លងទៅ​
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

ដូចយើងបានដឹងហើយថា គិតមកទល់ពេលនេះ ត្រីមាសទី 2 ត្រូវបានបញ្ចប់ហើយ ដូច្នេះទើបក្រុមហ៊ុនទូរសព្ទឆ្លាតមួយចំនួន បានចេញមុខ ធ្វើការប្រកាសចេញ ពីសមទ្ធិផលរបស់ខ្លួន ប្រចាំឆមាសនោះ ទៅកាន់អ្នកសារព័ត៌មាន ជាបណ្តើរហើយៗ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមអ្នកព្យាករណ៍ទាក់ទងនឹង ទីផ្សារទូរសព្ទឆ្លាតនេះ ក៏បានសិក្សារួចរាល់ដែរ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមអ្នកស្រាវជ្រាវ ឬអ្នកព្យាករណ៍បានធ្វើការបង្ហាញថា OnePlus គឺជាយីហោទូរសព្ទឆ្លាតមួយ ដែលទទួលបានចំនួនលក់ច្រើនជាងគេបំផុត នៅក្នុងទីផ្សារឥណ្ឌាថែមទៀតផង។

មិនខុសទេ ដូចបានបញ្ជាក់ខាងលើនេះអញ្ចឹង បើតាមការបង្ហាញចេញពីក្រុមអ្នកស្រាវជ្រាវ Counterpoint បានបញ្ជាក់ឲ្យដឹងថា OnePlus គឺជាយីហោមួយ ដែលបានលក់ចេញទូរសព្ទឆ្លាតលំដាប់កំពូល បានច្រើនជាងគេបំផុត នៅក្នុងទីផ្សារឥណ្ឌាគិតក្នុងត្រីមាសទី 2 នេះ។ នៅក្នុងនោះគេក៏បានបញ្ជាក់ដែរថា OnePlus មានចំណែកទីផ្សារសរុប 29.3% នៅលើទីផ្សារទូរសព្ទឆ្លាតកំពូល ក្នុងប្រទេសខាងលើ ហើយចំនួនលក់បានយ៉ាងច្រើនជាងគេនេះ គឺមានមួយផ្នែកធំដោយសារតែវត្តមានរបស់ OnePlus 8 Series នឹងតែម្ដង។ គួរបន្ថែមថា បើគិតទៅលើម៉ូឌែលទូរសព្ទឆ្លាតកំពូល (Premium) ដែលលក់បានច្រើនជាងគេវិញគឺ OnePlus 8 នេះហើយ ជាម៉ូឌែលឈរនៅលើកំពូលតារាងតែម្ដង ដោយមានចំណែកទីផ្សារដល់ទៅ 19% ឯណោះ ក្នុងចំណោមទូរសព្ទឆ្លាតលំដាប់កំពូល (Premium) ទាំងអស់ ខណៈពេលដែល OnePlus 8 Pro វិញវាឈរនៅចំណាត់ថ្នាក់លេខ 2 ក្នុងចំណោមទូរសព្ទឆ្លាតលំដាប់កំពូលកម្រិតខ្ពស់បំផុត (Ultra-Premium) គិតក្នុងត្រីមាសដដែលនេះ។

គួរបញ្ជាក់ដែរថា នៅក្នុងទីផ្សារឥណ្ឌាទូរសព្ទឆ្លាតកំពូលត្រូវបានគេបែងចែកជា 2 ប្រភេទ គឺកម្រិត Premium ដែលយើងអាចហៅបានថាជាកម្រិតកំពូលធម្មតា (តម្លៃ 400 ដុល្លារឡើងទៅ រហូតដល់ 600 ដុល្លារ) និងមួយទៀតជា Ultra-Premium អាចហៅបានថា ជាម៉ូឌែលកំពូលកម្រិតខ្ពស់បំផុត (តម្លៃ 600 ឡើងទៅ)។ ដូច្នេះហើយ កុំឲ្យយល់ច្រឡំថា ចំនួនលក់របស់ OnePlus 8 គឺធៀបជាមួយទូរសព្ទឆ្លាតកំពូលគ្រប់កម្រិតទាំងអស់នោះ តាមពិតទៅ គឺគេធៀបជាមួយទូរសព្ទឆ្លាតផ្សេងទៀត ដែលមានតម្លៃចាប់ពីខ្ទង់ 400 ដុល្លារឡើងទៅដល់ 600 ដុល្លារតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ បើសរុបចូលគ្នា និយាយឲ្យចំគឺគិតទាំង Premium និង Ultra-Premium គឺ OnePlus ជាក្រុមហ៊ុនមួយ ដែលធ្វើបានប្រសើរជាងគេបំផុតក្នុងត្រីមាសទី 2 កន្លងទៅនេះ សម្រាប់ទីផ្សារធំជាងគេលំដាប់ទី 2 ក្នុងពិភពលោក (ទីផ្សារឥណ្ឌា)។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង