Toyota ធ្វើការប្រកាសចេញរថយន្ដ Tundra ស៊េរីឆ្នាំ 2021 ជាមួយជម្រើស Trail និង Nightshade Special Edition​
ដោយ​ ៖ ឡេង | 4 ថ្ងៃមុន SHARE

 

ក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីឈ្មោះ Toyota មកពីប្រទេសជប៉ុន បានចាប់ផ្ដើមដាក់បង្ហាញអតិថិជនអំពី រថយន្ដថ្មីៗស៊េរីឆ្នាំ 2021 របស់ខ្លួនជាបណ្ដើរៗហើយ ដោយមួយក្នុងចំណោមនោះ គឺត្រូវជារថយន្ដប្រចាំត្រកូល Tundra ផងដែរ។ រថយន្ដប្រភេទ Pickup ឈ្មោះថា Tundra ស៊េរីឆ្នាំ 2021 នេះ ត្រូវបាននាំយកមកជាមួយជម្រើស Trail និង Nightshade Special Edition ដែលសុទ្ធតែមានកម្លាំងខ្លាំង, ពីរបាំងកន្លះ ប៉ុន្ដែមានពណ៌ខុសគ្នា និងចំណុចទីតាំងមួយចំនួន។

រថយន្ដ Tundra ស៊េរីឆ្នាំ 2021 ទាំងពីរជម្រើសនេះ មានបំពាក់នូវម៉ាស៊ីន V8 Engine ប្រភេទ 5.7-Liter ជាមួយកម្លាំងសេះ 381 HP, មានកម្លាំងបង្វិលកង់ខ្ទង់ 401 Pound-Feet of Torque ហើយបើកបរដោយចាក់សាំង។ ក្រុមហ៊ុន Toyota បានចង្អុលបង្ហាញឲ្យឃើញថា វាអាចទ្រទ្រង់ទម្ងន់បានដល់ទៅ 784 គីឡូក្រាម និងមានសមត្ថភាពទាញដល់ទៅទម្ងន់ 4626 គីឡូក្រាមឯណោះ។ សម្រាប់រថយន្ដ Tundra ស៊េរីឆ្នាំ 2021 ជម្រើស Trail Special Edition វាមានលក្ខណៈជាប្រភេទ SR5 CrewMax ដូច្នេះហើយវាមានទាំងជម្រើស 2WD និង 4WD ជាមួយកង់ថ្មី, កៅអីពណ៌ខ្មៅ ក៏ដូចជាមានរូបតំណាង Logo របស់ក្រុមហ៊ុន Toyota នៅចំពីមុខតែម្ដង។

ចំណែកឯជម្រើស Nightshade Special Edition មានបំពាក់ជាអក្សរ Toyota នៅចំផ្នែកខាងមុខរបស់រថយន្ដវិញ, មានកៅអីស្បែកពណ៌ខ្មៅ, កង់ខ្មៅថ្មីពិសេស ក៏ដូចជាមានពណ៌ថ្មីប្លែក គួរឲ្យទាក់ទាញម្យ៉ាងដែរ។

នៅឯសហរដ្ឋអាមេរិក Toyota បានប្រកាសប្រាប់ពីតម្លៃរបស់រថយន្ដ Tundra ស៊េរីឆ្នាំ 2021 នេះថា វានឹងចាប់ផ្ដើមពីខ្ទង់ 35,365 ដុល្លារឡើងទៅ ដោយជម្រើស Trail Edition 4×4 មានតម្លៃដើមពី 45,020 ដុល្លារ រីឯជម្រើស Nightshade Double Cab 4×4 មានតម្លៃស្ថិតនៅខ្ទង់ 46,440 ដុល្លារ។ តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ ចំពោះរថយន្ក Tundra ស៊េរីឆ្នាំ 2021 ទាំងនេះ? តើអាចទាយដឹងពីតម្លៃរបស់ពួកវា នៅពេលនាំចូលមកដល់ស្រុកយើងដែរឬទេ?

ដោយ​ ៖ Toyota
អត្ថបទទាក់ទង