Black Shark 3S បានបង្ហាញខ្លួនផ្លូវការហើយ, ប្រើឈីប Snapdragon 865 ដដែល ប៉ុន្តែដំឡើងកម្រិត Refresh Rate ដល់ 120Hz​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

មិនខុសពីការបែកធ្លាយ ក៏ដូចជាការបង្ហើបរាល់ដងនោះទេ នៅក្នុងថ្ងៃនេះ Black Shark ពិតជាបានប្រកាសចេញទូរសព្ទហ្គេម លំដាប់កំពូលម៉ូឌែលថ្មីមួយទៀតមែន និយាយឲ្យចំទៅគឺ Black Shark 3S នេះឯង ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថាលក្ខណៈសម្បត្តិសំខាន់មួយ ដែលគេបានបង្ហាញនៅក្នុងពេលនេះ គឹមិនដូចគ្នានឹងការរំពឹងទុក កន្លងមកនោះឡើយ។ ពិតណាស់ ចំណុចសំខាន់ដែលខុសពីការរំពឹងទុក គឺទៅលើផ្នែកឈីបនឹងតែម្ដង ព្រោះថាវាមិនប្រើកំពូលជំនាន់ក្រោយបង្អស់របស់ Qualcomm ឡើយ ពោលគឺនៅតែប្រើដូចនៅលើ Black Shark 3 និង 3 Pro អញ្ចឹងដែរ ប៉ុន្តែអ្វីដែលសំខាន់បំផុតពេលនេះ គេបានធ្វើការ Upgrade កម្រិត Refresh Rate របស់វា ឲ្យឡើងដល់ 120Hz តែម្ដង។

ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង ពេលនេះ Black Shark 3S ត្រូវបានគេប្រកាសចេញជាផ្លូវការ ដោយក្នុងនោះ យើងឃើញថា វាមានចំណុចខុសគ្នាពី Black Shark 3 មិនច្រើនប៉ុន្មាននោះទេ ជាក់ស្ដែង បើយើងក្រឡេកទៅលើរចនាបថរូបរាងរបស់វានោះ គឺថាប្រើពុម្ភតែមួយជាមួយ Black Shark 3 មិនថាកញ្ចប់កាមេរ៉ា ឬមួយក៏ស្ទាយម៉ូតអ្វីផ្សេងៗនោះទេ។ ទៅលើផ្នែកអេក្រង់ Black Shark 3S បានបំពាក់មកទំហំ 6.67 អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត FHD+ ហើយក៏ត្រូវបានគេ Upgrade បន្ថែម ឲ្យមានកម្រិត Refresh Rate ឡើងដល់ 120Hz ជាមួយកម្រិត Touch Sampling 270Hz, អាចគាំទ្រ HDR10+ ក៏ដូចជាមានកម្រិតល្អៀងនៃទឹកពណ៌ទាបត្រឹម ΔE<1, JNCD<0.55 ផងដែរ។ សម្រាប់កាមេរ៉ារបស់វាវិញ គឺនៅខាងក្រោយមានចំនួន 3 គ្រាប់ ដោយលេនគោលទំហំ 64MP អមមកជាមួយលេនទូលាយ Ultra-Wide ទំហំ 13MP ហើយចុងក្រោយជាលេនជំនួយដល់ផ្ទៃព្រាលទំហំ 5MP រីឯខាងមុខវិញ គឺមានមួយគ្រាប់ទំហំ 20MP ហ្នឹងឯង។ 

ទៅលើកម្លាំងម៉ាស៊ីន គឺជារឿងមួយ ដែលខុសពីការរំពឹងទុកកន្លងមក និយាយឲ្យចំទៅ វានៅតែប្រើប្រាស់ឈីបកំពូល Snapdragon 865 ដដែល មិនមែន Snapdragon 865+ ដូចទូរសព្ទហ្គេមលំដាប់កំពូលមួយចំនួនផ្សេងទៀត ដែលទើបប្រកាសចេញនោះទេ ហើយទន្ទឹមគ្នានេះដែរ វាក៏មានភ្ជាប់មកជាមួយរ៉េមទំហំ 12GB ជាមួយជម្រើសអង្គផ្ទុក 3 ប្រភេទទំហំ 128GB, 256GB និងចុងក្រោយគឺ 512GB។ សម្រាប់ថាមពលថ្មវិញ ទូរសព្ទហ្គេមខាងលើនេះ បានបំពាក់មកទំហំ 4,720mAh គាំទ្រកម្លាំងសាកល្បឿនលឿនដល់ 65W ដូចមុនអញ្ចឹង ហើយជាមួយការសាកបែបម៉ាញេទិច នៅខ្នងក្រោយរបស់វា គឺអាចគាំទ្របានកម្លាំង 18W។ សម្រាប់ចំណុចពិសេសៗមួយចំនួនទៀត គឹមានដូចជា វាបានកែច្នៃបន្ថែមទៅលើ Game Engine ជាមួយ Tencent SolarCore ដើម្បីផ្តល់បទពិសោធន៍នៃការលេងហ្គេមដល់អ្នកប្រើ បានកាន់តែប្រសើរថែមមួយកម្រិតទៀត ក៏ដូចជាមាន ប្រព័ន្ធបន្សាបកម្តៅគុណភាពខ្ពស់, បច្ចេកវិទ្យា MEMC ជំនាន់ 3.0, បច្ចេកវិទ្យាសម្លេង 3D Sound និងមានមុខងារសំខាន់មួយចំនួនទៀត។

ចុងក្រោយ Black Shark 3S មានចំនួន 2 ពណ៌ គឺពណ៌ Skyfall Black និង Crystal Blue ចំពោះផ្នែកតម្លៃរបស់វា គឺថានៅក្នុងទីផ្សារប្រទេសចិន គេបានបែកចែកជា 3 ទៅតាមជម្រើសអង្គផ្ទុក ដែលមានដូចជា៖

  •  សម្រាប់អង្គផ្ទុក 128GB ត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ទង់ ២ លាន ២៩ ម៉ឺនរៀល ឬ 573 ដុល្លារ
  •  សម្រាប់អង្គផ្ទុក 256GB ត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ទង់ ២ លាន ៤៦ ម៉ឺនរៀល ឬ 616 ដុល្លារ
  •  សម្រាប់អង្គផ្ទុក 512GB ត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ទង់ ២ លាន ៧៥ ម៉ឺនរៀល ឬ 688 ដុល្លារ។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង