OPPO Reno 4 Pro សម្រាប់ទីផ្សារសកលចេញជាផ្លូវការ ប្រើឈីប Snapdragon 720G ជាមួយតម្លៃ 470 ដុល្លារ​
ដោយ​ ៖ គាលី | 5 ថ្ងៃមុន SHARE

 

បន្ទាប់ពីបានបង្ហាញខ្លួន លើទីផ្សារស្រុកចិន អស់មួយរយៈពេលមក ឥឡូវនេះ ទូរសព្ទឆ្លាត OPPO Reno 4 Pro ត្រូវបានប្រកាសចេញជាផ្លូវការ សម្រាប់ទីផ្សារសកលហើយ។ ប៉ុន្តែ យើងសង្កេតឃើញថា វាមានរចនាបថផ្នែកខាងក្រោយ ខុសពីម៉ូឌែល ដែលបានដាក់លក់ នៅលើទីផ្សារប្រទេសចិន ដោយម៉ូឌែលសកលនេះ បំពាក់កាមេរ៉ាក្រោយ 4 គ្រាប់ តម្រៀបជួរគ្នាពីលើចុះក្រោមត្រង់តែម្តង ខណៈដែលម៉ូឌែលចិន មានកាមេរ៉ា 4 គ្រាប់ដូចគ្នា ប៉ុន្តែ 3 គ្រាប់ស្ថិតនៅផ្នែកខាងឆ្វេងនៃកាណុងកាមេរ៉ា ខណៈដែលមួយគ្រាប់ទៀត ស្ថិតនៅផ្នែកខាងស្តាំ។

សម្រាប់ទីផ្សារសកល Reno 4 Pro ត្រូវបានផលិតឡើងជាមួយនឹងអេក្រង់លាត ទំហំ 6.5 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងមានល្បឿនអេក្រង់ Refresh Rate កម្រិត 90Hz ដូចគ្នា។ វាបានភ្ជាប់មកជាមួយកាមេរ៉ាមុខមួយគ្រាប់ ជាលេនទម្លុះអេក្រង់ មានទំហំ 32 មេហ្គាភិចសែល និងកាមេរ៉ាខាងក្រោយ 4 គ្រាប់ ដោយលេនគោល មានទំហំ 48 មេហ្គាភិចសែល, លេនទូលាយ Ultra-Wide ទំហំ 8 មេហ្គាភិចសែល និង 2 គ្រាប់ចុងក្រោយ មានទំហំ 2 មេហ្គាភិចសែលផងដែរ។ ពាក់ព័ន្ធនឹងកម្លាំងម៉ាស៊ីន វាប្រើប្រាស់បន្ទះឈីបខ្លាំងលេខ Snapdragon 720G មិនមែនប្រើ 765G ដូចម៉ូឌែលចិននោះទេ ហើយក៏មានរ៉េម និងអង្គផ្ទុកទិន្នន័យ តែមួយជម្រើសប៉ុណ្ណោះ គឺទំហំ 8/128GB។ Reno 4 Pro បំពាក់ថាមពលថ្មទំហំ 4,000mAh មិនអាចគាំទ្រការសាកថ្មឥតខ្សែ ប៉ុន្តែ អាចប្រើជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំងដល់ 65W ដោយចំណាយពេលសាកថ្មត្រឹម 15 នាទី អាចឡើងពី 0% ដល់ 60% បើតាមការអះអាងពី OPPO។

សរុបមក តាមរយៈលក្ខណៈសម្បតិ្ត ដែលបានបកស្រាយខាងលើ OPPO នឹងដាក់លក់ទូរសព្ទឆ្លាត Reno 4 Pro ក្នុងតម្លៃខ្ទង់ ១ លាន ៨៨ ម៉ឺនរៀល ឬប្រហាក់ប្រហែល 470 ដុល្លារ ដែលនឹងបញ្ចេញលក់លើទីផ្សារឥណ្ឌាដំបូង នៅថ្ងៃទី 5 ខែសីហាខាងមុខនេះតែម្តង ហើយក៏នឹងមកដល់ទីផ្សារប្រទេសកម្ពុជាយើង ក្នុងពេលឆាប់ៗដូចគ្នា។ និយាយរួមមក Reno 4 Pro ទទួលបានកំណែអាប់ដេតច្រើនគួរសម ពីជំនាន់មុន ពិសេសទៅលើផ្នែករចនាបថរូបរាងថ្មី មានខ្នងក្រោយស្រោបដោយទឹកថ្នាំ ដែលមានសភាពគ្រើម (Frosted Grass) យ៉ាងស្រស់ស្អាត មិនងាយឆក់ស្នាមម្រាមដៃ ក៏ដូចជា នឹងមានអារម្មណ៍ងាយស្រួលចាប់កាន់ក្នុងដៃ ហើយបានភ្ជាប់មកជាមួយអេក្រង់មានល្បឿន Refresh Rate កម្រិត 90Hz ទៀតផង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង