ប្រាក់ចំណូលរបស់ Apple នៅទីផ្សារចិនបានកើនឡើងបន្ដិចវិញ បន្ទាប់ពីបើកហាងសាជាថ្មីម្ដងទៀត​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីម្សិលមិញនេះ Apple បានចែករំលែករបាយការណ៍ថ្មី ប្រចាំត្រីមាសទី 3 នៃឆ្នាំ 2020 នេះជាសាធារណៈ ដោយបានដាក់បង្ហាញឲ្យឃើញថា ពួកគេអាចរកប្រាក់ចំណូលបានចំនួនប្រមាណ 9.329 ពាន់លានដុល្លារ តែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។ ហេតុដូច្នេះហើយ វាជាចំនួនកើនឡើងបន្ដិចមួយសម្រាប់ Apple នៅឯតំបន់នោះ ក្រោយពីស្ថានភាពរបស់វីរុសកូវីដ 19 ត្រូវបានត្រឡប់មកល្អជាបណ្ដើរៗ និងអាចធ្វើការបើកហាងបានវិញ ផងដែរ។

គ្រាន់តែទទួលបានឱកាសនេះភ្លាម Apple ក៏រកឃើញចំនួនកើនឡើងខ្ទង់ 1.9% ជាមួយការលក់ដាច់បាន 9.329 ពាន់លានដុល្លារ ក្នុងត្រីមាសទី 3 នៃឆ្នាំ 2020 កន្លងទៅនេះ បើប្រៀបធៀបទៅនឹងចំនួនខ្ទង់ 9.12 ពាន់លានដុល្លារ កាលពីនៅឆ្នាំ 2019 ក្នុងត្រីមាសទី 3 ដូចគ្នានេះ។ ស្របនឹងពេលរាយការណ៍លទ្ធផល លោក Tim Cook ក៏បានលើកឡើងមកថា ប្រសិនបើរូបិយប័ណ្ណរបស់ចិន មិនមានការប្រែប្រួលនោះទេ ប្រាកដជាអាចប្រទះឃើញ ការកើនឡើងដល់ខ្ទង់ 6% ឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលគាត់មានមោទនភាពបំផុត នោះគឺថាម៉ូឌែល iPhone 11 ជាផលិតផលពេញនិយាមជាងគេ សម្រាប់អតិថិជននៅប្រទេសចិន ហើយក៏មានតម្រូវការខ្ពស់បំផុត។ បើសម្រាប់ទីផ្សារសរុបទាំងអស់វិញ Apple បាននិយាយថា ពួកគេបានលក់ iPad ដាច់អស់ខ្ទង់ 6.6 ពាន់លានដុល្លារ (កើនឡើង 31% ពីឆ្នាំមុន) និងលក់កុំព្យូទ័រពពួក Mac បានដាច់ខ្ទង់ 7.1 ពាន់លានដុល្លារ (កើនឡើង 21% ពីឆ្នាំមុន)។

នេះពិតជាលទ្ធផលដ៏ល្អសម្រាប់ Apple ក្រោយពីបានផ្អាកបិទហាងជាបណ្ដោះអាសន្ដ អស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមក ក៏នៅតែអាចចាប់យកអតិថិជន ឲ្យត្រឡប់មកវិញបានដដែល។ លើសពីនេះ Apple ក៏អាចរកប្រាក់ចំណូលបានបន្ថែមទៀត នៅពេលដែលពួកគេប្រកាសចេញ iPhone ស៊េរីថ្មីៗនៅក្នុងខែកញ្ញា ឬ ខែតុលាខាងមុខនេះ។

ដោយ​ ៖ Apple Insider
អត្ថបទទាក់ទង