Geekbench បង្ហាញថា Galaxy Note 20 Series នៅតែបន្តប្រើប្រាស់បន្ទះឈីប Exynos 990 ដដែល​
ដោយ​ ៖ ឈីរ៉ូ | 5 ថ្ងៃមុន SHARE

 

យើងបានដឹងច្បាស់ហើយថា Galaxy Note 20 Series នឹងត្រូវប្រកាសចេញជាផ្លូវការនៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2020 ខាងមុខនេះ។ លើសពីនេះ Galaxy Note 20 Series សម្រាប់ទីផ្សារអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនមកជាមួយបន្ទះឈីបលំដាប់កំពូលជំនាន់ថ្មីចុងក្រោយ Snapdragon 865+ ថែមទៀតផង។ ខណៈដែល Galaxy Note 20 Series សម្រាប់ទីផ្សារជាច្រើនទៀត អាចនឹងបំពាក់មកជាមួយបន្ទះឈីប Exynos 990 ដដែល។

ជុំវិញរឿងរ៉ាវនេះដែរ កាលពីប៉ុន្មានថ្ងៃមុននេះ មានពាក្យចចាមអារ៉ាមមួយបានលើកឡើងថា បន្ទះឈីប Exynos 990 ដែលយកទៅបំពាក់នៅលើ Galaxy Note 20 Series អាចនឹងទទួលបានការកែប្រែ និងអាប់ដេតបន្ថែមទៅលើសមត្ថភាពរបស់វា។ ប៉ុន្តែដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Ice Universe យើងបានប្រទះឃើញរូបភាព Screenshot របស់កម្មវិធី Geekbench ចំនួន 2 សន្លឹក ដែលបញ្ជាក់ឲ្យយើងដឹងថា Galaxy Note 20 Series នៅតែបន្តប្រើប្រាស់បន្ទះឈីប Exynos 990 ទំហំ 7nm ដែលយើងធ្លាប់ឃើញមាននៅលើ Galaxy S20 Series ដដែល។

តាមរយៈរូបភាព Screenshot ដដែលនេះ ក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា Galaxy Note 20 Ultra មានឈ្មោះតំណាងថា SM-N986B ដែលបានបំពាក់មកជាមួយបន្ទះឈីប Exynos 990 និង RAM ទំហំ 12GB អាចធ្វើការទាញយកពិន្ទុ Single-Core ពីកម្មវិធី Geekbench បានខ្ទង់ 928 ពិន្ទុ និង Multi-Core បានខ្ទង់ 2721 ពិន្ទុ។ អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងមិនល្អសម្រាប់ប្រិយមិត្តដែលមានបំណងចង់ទិញ Galaxy Note 20 Series យកមកប្រើប្រាស់ ព្រោះថានៅក្នុងប្រទេសយើងនឹងទទួលបាន Galaxy Note 20 Series ដែលភ្ជាប់មកជាមួយបន្ទះឈីប Exynos 990 ច្បាស់ជាមិនខាន។

ដោយ​ ៖ Ice Universe
អត្ថបទទាក់ទង