Huawei បញ្ចេញ MatePad 10.8 ជាផ្លូវការ ប្រើឈីបកំពូល Kirin 990 ជាមួយអេក្រង់ដល់ 2K និងមានតម្លៃចាប់ពីខ្ទង់ ១ លាន ៣៦ ម៉ឺនរៀល (342 ដុល្លារ)​
ដោយ​ ៖ គង់គីត | 3 ខែមុន SHARE

 

កាលពីខែឧសភាកន្លងផុតទៅនេះ ក្រុមហ៊ុន Huawei បានបញ្ចេញថេប្លេតលំដាប់ថវិកា MatePad T8 ជាផ្លូវការនៅប្រទេសចិន ដែលវាបានប្រើប្រាស់ឈីប MediaTek MT8768 ជាមួយ RAM ទំហំ 2GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 16GB ឬ 32GB ហើយពេលនេះវាក៏មានលក់លើទីផ្សារប្រទេសយើងផងដែរ។ ដោយឡែក ម្សិលមិញនេះ Huawei ក៏បានបញ្ចេញ ថេប្លេត ជំនាន់ចុងក្រោយ របស់ខ្លួនមកជាមួយម៉ូឌែលទៀត ដោយវាមានឈ្មោះថា MatePad 10.8។ ចំពោះ MatePad 10.8 នេះ Huawei កាន់តែអភិវឌ្ឍន៍វា អោយមានភាព ទាន់សម័យជាងមុន និងជាពិសេសគឺកម្លាំងម៉ាស៊ីនតែម្ដង។

ជាការពិតណាស់ ថេប្លេត Huawei MatePad 10.8 ជំនាន់ថ្មីនេះ បានបំពាក់មកជាមួយអេក្រង់ទំហំ 10.8 អ៊ីញ ដែលមានកម្រិតបង្ហាញរូបភាពដល់ 2K (2560 x 1600 ភិចសែល) ជាមួយដង់ស៊ីតេអេក្រង់ 280ppi ហើយនៅខ្លួនខាងក្រោយ និងស៊ុមខាងកៀន វាត្រូវបានធ្វើឡើងពីអាលុយមីញ៉ូមផងដែរ។ លើសពីនេះទៅទៀត វាក៏បានប្រើប្រាស់បន្ទះឈីបកំពូលនៅលើ Huawei P40 Series នោះគឺ Kirin 990 គួបផ្សំមកជាមួយរ៉េមទំហំ 6GB គួបផ្សំជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64/128/256GB ហើយវាក៏មានរការគាំទ្រការប្រើប្រាស់ Wi-Fi ជំនាន់ទី 6 ផងដែរ។ សម្រាប់ផ្នែកកាមេរ៉ាវិញ គឺនៅផ្នែកខាងក្រោយ វាបានប្រើប្រាស់សេនស័រមួយគ្រាប់ទំហំ 13MP f/1.8 ជាមួយមុខងារ Autofocus ខណៈដែលខាងមុខ មានសេនស័រទំហំ 8MP f/2.0។ ក្រៅពីនេះ ថេប្លេត MatePad 10.8 បានបំពាក់មកជាមួយថាមពលថ្មដល់ 7,500mAh ជាមួយសមត្ថភាពសាកថ្មលឿនតាមរយៈរន្ធ USB-C កម្លាំង 22.5W ថែមទៀតផង ហើយវាអាចគាំទ្រជាមួយ Magic Pencil Stylus និង Keyboard ផងដែរ។

បន្ថែមពីនេះ Huawei MatePad 10.8 ក៏នៅមានលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា ប្រើ Bluetooth 5.0, មានរន្ធដោតកាស 3.5mm ជាមួយវិមាត្រ 257 x 170 x 7.2mm និងមានទម្ងន់ 500 ក្រាម។ មិនតែប៉ុណ្ណោះ វាបានដំណើរការដោយ Android 10 ស្រោបស្បែក Interface EMUI 10.1 ចេញពីប្រអប់ស្រាប់តែម្ដង។ ជាចុងក្រោយ Huawei បានបែងចែកតម្លៃដាក់លក់ក្នុងទីផ្សារប្រទេសចិនដូចខាងក្រោម៖

• ម៉ូឌែលប្រើ Wi-Fi មានរ៉េម 6GB/64GB មានតម្លៃខ្ទង់ ១ លាន ៣៦ ម៉ឺនរៀល (342 ដុល្លារ)

• ម៉ូឌែល Wi-Fi មានរ៉េម 6GB/128GB មានតម្លៃខ្ទង់ ១ លាន ៦០ ម៉ឺនរៀល (399 ដុល្លារ)

• ម៉ូឌែល Wi-Fi និង Keyboard មានរ៉េម 6GB/256GB តម្លៃខ្ទង់ ២ លាន ៥ ម៉ឺនរៀល (513 ដុល្លារ)

• ម៉ូឌែលប្រើស៊ីម LTE មានរ៉េម 6GB/128GB តម្លៃខ្ទង់ ១ លាន ៨២ ម៉ឺនរៀល (456 ដុល្លារ)

ដោយ​ ៖ Huawei
អត្ថបទទាក់ទង