Xiaomi Mi 10 Pro+ អាចនឹងភ្ជាប់មកជាមួយមុខងារគ្រប់គ្រង GPU ដែលសហការបង្កើតឡើងជាមួយ Qualcomm​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានប្រទះឃើញទូរសព្ទឆ្លាតអាថ៌កំបាំងរបស់ Xiaomi មួយម៉ូឌែល អាចទាញយកពិន្ទុសរុបពី AnTuTu បានដល់ទៅជិត 69 ម៉ឺន ឯណោះ។ ជាហេតុធ្វើឲ្យមនុស្សមួយចំនួនមានចម្ងល់ថា តើទូរសព្ទឆ្លាតអាថ៌កំបាំងមួយនេះបានបំពាក់មកជាមួយបន្ទះឈីបអ្វីទៅបានជាធ្វើឲ្យវាមានកម្លាំងខ្លាំងដូច្នេះ? ព្រោះថាទូរសព្ទឆ្លាតលំដាប់កំពូលដែលបំពាក់មកជាមួយបន្ទះឈីបជំនាន់ថ្មីចុងក្រោយ Snapdragon 865+ អាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ប្រហែលជា 65 ម៉ឺន ប៉ុណ្ណោះ។

ទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះដែរ នៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Ice Universe បានបង្ហាញឲ្យយើងដឹងថា ទូរសព្ទឆ្លាតអាថ៌កំបាំងលំដាប់កំពូលរបស់ Xiaomi ដែលបានលេចលឺកាលពីពេលកន្លង អាចនឹងមានឈ្មោះហៅថា Xiaomi Mi 10 Pro+ មែន។ ជាងនេះទៅទៀត តាមរយៈប្រភពខាងលើដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងផងដែរថា Xiaomi Mi 10 Pro+ អាចនឹងភ្ជាប់មកជាមួយមុខងារគ្រប់គ្រង GPU ដែលមានឈ្មោះថា Game Turbo ហើយវាត្រូវបានសហការបង្កើតឡើងដោយ Qualcomm និង Xiaomi ផ្ទាល់តែម្តង។

តាមរយៈមុខងារ Game Turbo នេះ បានអនុញ្ញាឲ្យអ្នកប្រើប្រាស់អាចធ្វើការកំណត់ឲ្យ GPU ដំណើរការក្នុងកម្រិត Defualt, Save Power, Balanced, High Quality និង Custom ជាដើម។ លើសពីនេះ វាក៏អនុញ្ញាឲ្យអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរកម្រិត Anti-aliasing, Anisotropic filters និង Texture filtering ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងកម្មវិធីគ្រប់គ្រង GPU ដែលយើងធ្លាប់ឃើញមាននៅលើកុំព្យូទ័រអញ្ចឹងដែរ។ អញ្ចឹងសរុបមកវិញ បើផ្អែកទៅតាមដំណឹងថ្មីមួយនេះ យើងអាចធ្វើការប៉ាន់ស្មានបានថា Xiaomi Mi 10 Pro+ អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 865+ ដូចទៅនឹងទូរសព្ទហ្គេមលំដាប់កំពូលមួយចំនួនដែលទើបតែបានប្រកាសចេញអញ្ចឹងដែរ ប៉ុន្តែវាបានជំនួញពីមុខងារ Game Turbo ដែលជួយជម្រុញឲ្យ GPU ធ្វើការបានកាន់តែខ្លាំងជាងមុនថែមមួយកម្រិតទៀត។

ដោយ​ ៖ Ice Universe
អត្ថបទទាក់ទង