នេះជានាឡិកាឆ្លាត Huawei Children’s Watch 4X មានកាមេរ៉ាដល់ទៅ 2 គ្រាប់ និងតម្លៃខ្ទង់ ៨០ ម៉ឺនរៀល​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញនូវ នាឡិកាដៃឆ្លាតវៃ សម្រាប់កុមារជាពិសេស ដែលមានតំលៃថ្លៃគួរសម ដែលវាមានឈ្មោះជាផ្លូវការថា Children’s Watch 4X។ ចំពោះលក្ខណៈសម្បត្តិពិសេស ដែលលេចធ្លោរបស់ នាឡិកាឆ្លាតវៃមួយនេះ រួមមានដូចជា មានកាមេរ៉ាដល់ទៅ 2 គ្រាប់, កម្មវិធីមានប្រយោជន៍ដល់កុមារ និងកម្មវិធីតាមដានសកម្មភាព ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ជាដើម។

ជាក់ស្ដែង នាឡិកាដៃឆ្លាតវៃ Huawei Children’s Watch 4X បានបំពាក់មកជាមួយអេក្រង់ទំហំ 1.41 អ៊ីញ ជាប្រភេទ AMOLED មានកម្រិតបង្ហាញរូបភាព 320 x 360 ភិចសែល។ លើសពីនេះទៅទៀត វាបានប្រើប្រាស់បន្ទះឈីបរបស់ខ្លួនផ្ទាល់ មានរ៉េមទំហំ 1GB ជាមួយអង្គផ្ទុកទិន្នន័យទំហំដល់ 16GB និងមានថាមពលថ្មដល់ទៅ 800mAh។ កាន់តែពិសេសជាងនេះទៅទៀតនោះ Huawei Children’s Watch 4X បានភ្ជាប់មកជាមួយកាមេរ៉ាដល់ទៅចំនួន 2 គ្រាប់ ដោយមួយគ្រាប់នៅខាងមុខមានទំហំ 5 មេហ្គាភិចសែល បូករួមមួយគ្រាប់ទៀតមានទំហំ 8 មេហ្គាភិចសែល ស្ថិតនៅផ្នែកខាងលើ។ ក្រៅពីនេះ វាក៏មានលក្ខណៈសម្បត្តិពិសេស ជាច្រើនទៀតដូចជា អាចគាំទ្រការប្រើ LTE, មុខងារ NFC, GPS, Wi-Fi, AI Assistant និងកម្មវិធីតាមដានសុខភាពមួយចំនួនទៀត។ មិនតែប៉ុណ្ណោះ Huawei ក៏បានអះអាងថា វាអាចគាំទ្របច្ចេកវិទ្យាសាកថ្មលឿន ដោយចំណាយពេលត្រឹម 20 នាទី អាចសាកថ្មឡើងដល់ 50% ឯណោះ ហើយវាក៏អាចការពារជម្រាបទឹកបានដល់ទៅ 50 ម៉ែត្រ ថែមទៀតផង។

ជាចុងក្រោយ នាឡិកា Huawei Children’s Watch 4X បានភ្ជាប់មកជាមួយជម្រើសពណ៌ចំនួន 3 គឺ ពណ៌ខៀវ, ស និងពណ៌ផ្កាឈូក ហើយចំពោះតម្លៃវិញ Huawei បញ្ជាក់ថាវាមានតម្លៃក្នុងប្រទេសចិនខ្ទង់ ៨០ ម៉ឺនរៀល (199 ដុល្លារ)។ អញ្ចឹង យើងក៏សង្ឃឹមថា វានឹងអាចមានលក់នៅក្នុងទីផ្សារស្រុកយើងផងដែរទៅចុះ។

ដោយ​ ៖ Sparrows news
អត្ថបទទាក់ទង