Google បានបង្ហើបដោយផ្ទាល់ថា Pixel 4a ពិតជាបង្ហាញខ្លួន នៅក្នុងថ្ងៃទី 3 ខែសីហាខាងមុខនេះមែន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ច្រើនដងមកហើយ ដែលយើងទទួលបានដំណឹងលេចធ្លាយទាក់ទងនឹង Pixel 4a ដោយក្នុងនោះ ក៏មានដំណឹងមួយចំនួនធំ បានបង្ហាញពីលក្ខណៈសម្បត្តិរបស់វា ហើយដំណឹងមួយចំនួនទៀត បានបង្ហាញទាក់ទងនឹងពេលវេលា ដែលអាចនឹងត្រូវ Google ប្រកាសចេញផងដែរ។ ដោយឡែក នៅក្នុងពេលនេះ នៅក្នុងវេបសាយរបស់ Google ផ្ទាល់បានចាប់ផ្តើមធ្វើការបង្ហើប ទាក់ទងនឹងទូរសព្ទឆ្លាតខាងលើនេះហើយ អ្វីដែលពិសេសនោះ គេក៏បានបង្ហើបទៀតថា ពួកគេនឹងប្រកាសចេញ ទូរសព្ទឆ្លាតម៉ូឌែលថ្មី នៅក្នុងថ្ងៃ 3 ខែសីហាខាងមុខនេះតែម្ដង។

ជាការពិតណាស់ នៅក្នុងពេលនេះ Google បានធ្វើការបង្ហើបមួយ ទាក់ទងនឹងពេលវេលា នៃការប្រកាសចេញទូរសព្ទឆ្លាតម៉ូឌែលថ្មីរបស់ខ្លួន ដែលត្រូវបានគេរំពឹងថាជា Pixel 4a ហ្នឹងតែម្ដង និយាយឲ្យចំទៅ នៅក្នុងការបង្ហើបតាមរយៈវេបសាយហាងលក់របស់ Google បាននិយាយបញ្ជាក់ថា “The Google Just What You’ve Been Waiting For Phone” ហើយរូបភាពធំៗនៅក្រោមនោះ បានបង្ហាញឲ្យយើងឃើញ ពីពេលវេលាប្រកាសចេញ ពោលគឺនៅថ្ងៃទី 3 ខែសីហាប៉ុន្មានថ្ងៃខាងមុខនេះឯង។ យ៉ាងណាក៏ដោយ នៅក្នុងការបង្ហើបរបស់ Google គឺហាក់ដូចជាមានការលេងហ្គេមមួយដែរ ពោលគឺគេតម្រូវឲ្យ អ្នកចូលមើលវេបសាយនោះ ធ្វើការជ្រើសរើសពណ៌ ឲ្យត្រូវនឹងពណ៌របស់ logo Google ហើយបន្ទាប់ពីជ្រើសត្រូវ គេនឹងឃើញការបង្ហើបពេញលេញនោះ ចេញមកតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏ឃើញថា ក្រុមហ៊ុនខាងលើនេះ ក៏បានធ្វើការបង្ហើបប្រាប់ដូចគ្នាដែរ នៅតាមបណ្ដាញសង្គមជាច្រើន ដូចជា Facebook និង Twitter ជាដើម ជាក់ស្ដែងគេបានផ្លាស់ប្តូររូប Cover ទៅជាដាក់រូបដូចខាងក្រោមនេះឯង។

អញ្ចឹងហើយ បើតាមការរៀបរាប់ខាងលើនេះ អាចបញ្ជាក់បានថា Google ពិតជាមានគម្រោងក្នុងការប្រកាសចេញ Pixel 4a នៅក្នុងថ្ងៃទី 3 ខាងមុខនេះមែន ហើយកាន់តែពិសេស លើកនេះគេក៏ទំនងជាយកចិត្តទុកដាក់ ទៅលើផ្នែកកាមេរ៉ា ឲ្យកាន់តែប្រសើរថែមទៀត ព្រោះជាក់ស្ដែងនៅក្នុងពាក្យ ដែលមានសរសេរក្នុងវេបសាយនោះ ឃើញមានដូចជា “lowlightena”, “bokehus” និង “megapixelum” ជាដើម។ យ៉ាងណាក៏ដោយ អ្នកទាំងអស់គ្នា អាចចូលទៅមើលការបង្ហើបនោះបាន ដោយចុចត្រង់នេះ បន្ទាប់មកអ្នកត្រូវជ្រើសរើសពណ៌ ក្នុងប្រអប់ដែលគេបានដាក់មកនោះ ឲ្យដូចជាគ្នានឹងពណ៌នៅលើពាក្យថា Google (ខៀវ, ក្រហម, លឿង, ខៀវ, បៃតង និង ក្រហម) ធ្វើដូច្នេះ អ្នកនឹងបានឃើញការបង្ហើបនោះពេញលេញតែម្ដង។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង