ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Fold2 5G ត្រូវបានគេរាយការណ៍មកថា នឹងមានតម្លៃប្រហាក់ប្រហែលទៅនឹង Fold ជំនាន់ទី 1 ដែរ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Fold2 5G នឹងត្រូវប្រកាសចេញជាផ្លូវការតំណាលគ្នាជាមួយ Galaxy Note 20 Series នៅក្នុងសប្តាហ៍ក្រោយនេះហើយ ប៉ុន្តែយើងសង្កេតឃើញលក្ខណៈសម្បត្តិរបស់វា នៅតែបន្តលេចឡើងមកជាហូរហែល។ ជាក់ស្តែងកាលពីម្សិលមិញនេះ រូបភាពគម្រូផ្លូវការជាច្រើនសន្លឹករបស់ Galaxy Z Fold2 5G ត្រូវបានចែកចាយពាសពេញបណ្តាញអ៊ីនធើណេត។ 

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រល្បីឈ្មោះ SamMobile យើងក៏ទទួលបានរបាយការណ៍ថ្មីមួយរាយការណ៍មកថា ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Fold2 5G អាចនឹងត្រូវដាក់លក់ជាផ្លូវការ នៅថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ។ ជាងនេះទៅទៀត តាមរយៈប្រភពដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា Galaxy Z Fold2 5G អាចនឹងត្រូវដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែលទៅនឹង Galaxy Fold ជំនាន់ទី 1 ផងដែរ។ គួរបញ្ជាក់ផងថា Galaxy Fold ជំនាន់ទី 1 ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ៧ លាន ៩២ ម៉ឺនរៀល (1,980 ដុល្លារ)។ 

បើផ្អែកទៅតាមដំណឹងដែលទទួលបានកាលពីពេលថ្មីៗនេះ ក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Fold2 5G ក៏អាចនឹងមកជាមួយជម្រើស Thom Browne Edition ផងដែរ ហើយវាប្រហែលជាអាចនឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ ១៣ លាន ៤០ ម៉ឺនរៀល (3,350 ដុល្លារ) ជាមួយការបន្ថែមនាឡិកាឆ្លាតជំនាន់ថ្មី Galaxy Watch 3 និងកាសឥតខ្សែ Galaxy Buds Live ប្រភេទ Edition ផងដែរ។  

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង